ក្រសួង​ព័ត៌មាន​ថា សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅ​អន្តរក្រសួង

ដោយ ទីន ហ្សាការីយ៉ា
2019-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៩
សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៩
អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ ​(Reporters Without Border)​

ក្រសួង​ព័ត៌មាន​អះអាង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ពិភាក្សា​នៅ​ថ្នាក់​អន្តរក្រសួង បន្ទាប់​ពី​បាន​បញ្ចប់​សេចក្ដី​ព្រាង​បឋម​កាល​ដើម​ឆ្នាំ២០១៨ កន្លង​ទៅ។ អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ពន្លឿន​ដំណើរ​ការ​នេះ និង​រក្សា​ទុក​មតិ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ព្រាង​បឋម។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ អះអាង​ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​នឹង​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ឆ្លង​ផុត​កម្រិត​​អន្តរក្រសួង​នៅ​ពេល​ឆាប់ៗ ខាង​មុខ​ ដើម្បី​បន្ត​នីតិវិធី​តទៅមុខ​ទៀត។ លោក​បញ្ជាក់​ថា ក្រសួង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏ប៉ុន្តែ​ដោយសារ​ក្រសួង​ត្រូវ​ស្ដាប់​មតិ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ទើប​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​។ លោក​បន្ថែម​ថា ក្រសួង​រំពឹង​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ត្រឹម​អាណត្តិ​ទី៦ នេះ៖ «សេចក្ដី​ព្រាង​ច្បាប់​យើង​នេះ មាន​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ អ៊ីចឹង​ហើយ​ធ្វើ​ឱ្យ​ដំណើរ​ការ​ពិនិត្យ និង​ទទួល​យក​មតិ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​ហ្នឹង ត្រូវ​ការ​ពេល​វេលា​យូរ ដើម្បី​ធ្វើ​យ៉ាង​ណា​ច្របាច់​បញ្ចូល​មតិ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​ហ្នឹង ឱ្យ​វា​សម​ស្រប​អាច​ទទួល​យក​បាន និង​ស្រប​ទៅ​តាម​អ្វី​ដែល​ជា​បទ​បញ្ញត្តិ​ ឬ​ក៏​នីតិវិធី ដែល​បាន​រៀប​ចំ»

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​ គឺជា​ច្បាប់​ដ៏​សំខាន់​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទន្ទឹង​រង់​ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ច្បាប់​នេះ​មាន​សារៈសំខាន់​ដោយ​សារ​តែ​វា​​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្ដល់​ឱ្យ។ ច្បាប់​នេះ​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្ដល់ និង​ធ្វើការ​ផ្សព្វ​ផ្សាយ​​​ព័ត៌មាន​​ជា​សាធារណៈ​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។

ក្រុមការងារ​បច្ចេកទេស ដែល​មាន​សមាសភាព​ចម្រុះ​ពី​ក្រសួង​ព័ត៌មាន អង្គការ​យូណេស្កូ (UNESCO) អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​សារព័ត៌មាន បាន​បញ្ចប់​ការ​តាក់តែង​សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​នេះ​ កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០១៨ កន្លងទៅ។ សេចក្ដី​ព្រាង​បឋម​នៃ​ច្បាប់​នេះ មាន ៩ ជំពូក និង ៣៨ មាត្រា។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ថា រយៈពេល​ជាង ១ឆ្នាំ​មក​នេះ សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ជាប់​ត្រឹម​ថ្នាក់​អន្តរក្រសួង​នៅឡើយ ហើយ​បើ​នៅ​តែ​អូស​បន្លាយ​ត​ទៀត​នោះ វា​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​ពលរដ្ឋ​ដែល​ចង់​បាន​ព័ត៌មាន​សាធារណៈ​របស់​រដ្ឋ។ ដោយ​សារ​តែ​ច្បាប់​នេះ​មាន​សារៈសំខាន់​សម្រាប់​សង្គម ​លោក​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​​ពន្លឿន​នីតិវិធី​ពិភាក្សា​នៅ​កម្រិត​អន្តរក្រសួង​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​បន្ត​ទៅ​ស្ថាប័ន​កំពូល​ៗ​ដទៃ​ទៀត។ លោក​ក៏​ស្នើ​ឱ្យ​ក្រសួង​រក្សា​ទុក​នូវ​ខ្លឹម​សារ​ទាំង​ឡាយ​ដែល​ជា​មតិយោបល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ៖ «ធ្វើ​យ៉ាង​ណា​រក្សា​នូវ​ខ្លឹម​សារ​ដែល​យើង​បាន​ព្រមព្រៀង​គ្នា ដើម្បី​ធានា​ថា ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ហ្នឹង គឺ​វា​មាន​គុណភាព មាន​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​សាធារណជន​ និង​បម្រើ​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ»

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​តម្រូវ​ឱ្យ​គ្រប់​ស្ថាប័ន​សាធារណៈ​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​​បើក​ទូលាយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណជន​តាម​ការ​ស្នើសុំ​ ដោយ​គ្មាន​ការ​រើសអើង​ តាម​បែប​បទ​ដែល​ងាយ​យល់ ក្នុង​ពេល​វេលា​និង​តម្លៃ​សម​ស្រប​ លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់។

ច្បាប់​នេះ​តម្រូវ​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ឱ្យ​បាន​ឆាប់​បំផុត​ និង​ត្រូវ​ឆ្លើយ​តប​ទៅ​អ្នក​ស្នើសុំ​វិញ​ជា​លាយ​លក្ខណ៍​អក្សរ​ថា មាន ឬ​គ្មាន​ព័ត៌មាន​នោះ ឬ​មួយ​ក៏​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ មិន​ឱ្យ​លើស​ពី​រយៈ​ពេល ៥ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ គិត​ពី​ថ្ងៃ​ទទួល​បាន​សំណើសុំ។ ហើយ​បើ​មាន​ការ​ឯកភាព​ទទួល​យក​ថ្លៃ​សេវា​ពី​អ្នក​​ស្នើ​សុំ​រួច​ហើយ ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​អ្នក​ស្នើសុំ​ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ។

ក្នុង​ករណី​មន្ត្រី​ស្ថាប័ន​សាធារណៈ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ ពុំ​បាន​បំពេញ​កាតព្វកិច្ច​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល