អង្គការលើកលែងទោសអន្តរជាតិទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើលោកស្រី វ៉ែន រចនា អ្នកលក់តាមអ៊ីនធឺណិត ឬអនឡាញនិយាយ ថា ធ្វើឡើង ដោយគ្មានតម្លាភាពការរំលោភបំពានរើសអើងសិទ្ធិ សេរីភាពបញ្ចេញមតិរបស់ស្ត្រី។ មន្ត្រីរដ្ឋាភិបាលថា អង្គការអន្តរជាតិមួយនេះមិនយល់ច្បាប់ពីប្រទេសកម្ពុជា។
អង្គការលើកលែងទោសអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានចាត់ទុកការចោទប្រកាន់របស់តុលាការថា គឺជាការប្រមាថ ចំពោះសមភាពយេនឌ័រ និងជាការចំអកដល់នីតិរដ្ឋនៅកម្ពុជា។
លោក នី កូឡា ប៊ីឃ្វីលីន (Nicholas Bequelin) នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចោទប្រកាន់និងឃុំខ្លួន អ្នកលក់អីវ៉ាន់តាមបណ្តាញសង្គម ជាការរំលោភសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងសិទ្ធិសេរីភាពស្ត្រីកម្ពុជា និងការលេងសើចចំអកទៅលើនីតិរដ្ឋនៅក្នុងកម្ពុជាផងដែរ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២១ កុម្ភៈ បានចេញដីកាសម្រេចឃុំខ្លួន អ្នកលក់តាមអ៊ីនធឺណិត ឬតាមអនឡាញ គឺលោកស្រី វ៉ាន់ រចនា ហៅ ថៃ ស្រីនាង នៅពន្ធនាគារម ២ ជាបណ្ដោះអាសន្នដើម្បីរង់ចាំជំនុំជម្រះទោស ក្រោយបទចោទប្រកាន់តាមមាត្រា ៣៨ -៣៩ នៃច្បាប់ស្ដីពី« អាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ។
លោក នី កូឡា ប៊ីឃ្វីលីនបន្តថា ការចោទប្រកាន់ទៅលើលោកស្រី ថៃ ស្រីនាង ជាការប្រើប្រាស់រំលោភច្បាប់។ លោកថា ច្បាប់ដែលប្រើប្រាស់ប្រឆាំងលោកស្រី គឺសម្រាប់ប្រឆាំងការជួញដូរមនុស្ស ប៉ុន្តែតុលាការបានយកមកប្រើប្រាស់ប្រឆាំងនឹងស្ត្រីទៅវិញ។
លោកបន្ថែមទៀតថា អំពើហិង្សាលើស្ត្រី និងភាពមិនស្មើគ្នាចំពោះស្ត្រី កំពុងរាតត្បាតនៅកម្ពុជា ហើយករណី ស្រីនាង បណ្ដាលបញ្ហាបង្គាប់បញ្ជាកំពុងរាតល្បាតនេះមានលក្ខណៈធ្ងន់ធ្ងរបន្ថែមទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការសិទ្ធិមនុស្សនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា ការសម្រេចឃុំខ្លួនរបស់តុលាការទៅលើលោកស្រី វ៉ែន រចនា គឺផ្នែកទៅលើទិដ្ឋភាពទាំងស្រុង។ លោកបញ្ជាក់ថា អង្គការអន្តរជាតិមួយនេះមិនមានសមត្ថភាពមកបកស្រាយច្បាប់ដែលផ្ដល់ដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះទេ៖ «ប្រតិកម្មរបស់ Amnesty International នេះគឺ ដូចជាមិនផ្អែកទៅលើទិដ្ឋភាពច្បាប់ទាល់តែសោះ ហើយបកស្រាយច្បាប់កម្ពុជាខុសទៀតផង។ អ៊ីចឹងប្រតិកម្មនេះគឺជាប្រតិកម្មទាំងមិនយល់ពីទិដ្ឋភាពច្បាប ហើយក៏មិនយល់ពីបរិបទវប្បធម៌របស់កម្ពុជាផងដែរ»។
បន្ថែមលើចំណាត់តាមរយៈតុលាការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២១ កុម្ភៈ បានលើកឡើងថា ក្រសួង កំពុងពិនិត្យលទ្ធភាពបង្កើតច្រកទ្វារ Internet តែមួយ និងការចាត់វិធានការ លើគណនី/ផេកនៃបណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រ ដែលបង្ហោះ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ទោះបីជាយ៉ាងណា អ្នកស្រី អេង ច័ន្ទឌី អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិ និងបណ្ដាញនៃអង្គការយេនឌ័រ និង អភិវឌ្ឍន៍ដើម្បីសន្តិភាព បានចាត់ទុកការសម្រេចរបស់តុលាការថា បានធ្វើឡើងដោយហួសហេតុពេកទៅលើស្ត្រីដែលគ្រាន់តែប្រកបមុខរបរស្របច្បាប់តាមបណ្ដាញសង្គមប៉ុណ្ណោះ។ អ្នកស្រីនិយាយថា អង្គការរបស់អ្នកស្រីនឹងពិភាក្សាគ្នាបន្តទៀត ដើម្បីរកមេធាវីការពារក្តីឱ្យលោកស្រី វ៉ែន រចនា ដើម្បីឱ្យបានរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់៖ «ដោយសារតែរឿងហ្នឹងដូចនៅក្នុងលិខិតចំហរបស់យើងនិយាយអ៊ីចឹងថា វានឹងមានផលប៉ះពាល់ច្រើនទាក់ទិននិងសិទ្ធិ សេរីភាពរបស់ស្ត្រីជាច្រើននាក់ថែមទៀត យើងនៅតែបន្តតាមដានទៀតតែមកដល់ពេលនេះ ខ្ញុំអត់ទាន់អាចប្រាប់បានថា យើងនឹងត្រូវធ្វើអ្វីបន្តទៀត ឬយ៉ាងណាពីព្រោះយើងអត់ទាន់បានជួបគ្នាជាមួយនឹងបណ្ដាញអង្គការសង្គមស៊ីវិលទាំងអស់»។
អង្គការលើកលែងទោសអន្តរជាតិនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួនបានចាត់ទុកថា ជំនួសដោយការប្រមាថនិងការយាយីមកលើស្ត្រីដែលព្យាយាមរកលុយតាមអ៊ីនធឺណិតនោះ រដ្ឋាភិបាលកម្ពុជាគួរតែដោះស្រាយនូវមូលហេតុដើមនៃកំណត់ត្រាគួរឱ្យស្អប់របស់ខ្លួនចំពោះសិទ្ធិរបស់ស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។