ក្រុម​គ្រូបង្រៀន​ប្ដឹង​ឧទ្ធរណ៍​សុំ​ក្របខ័ណ្ឌ​ឡើងវិញ​ក្រោយ​តុលាការ​ភ្នំពេញ​មិន​ចាត់ការ​បណ្ដឹង​ខ្លួន

ដោយ ហេង រស្មី
2019-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

ក្រុម​គ្រូបង្រៀន​ចំនួន ១១​នាក់ បានសម្រេច​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ករណី​ក្រសួង​អប់រំ​លុបឈ្មោះ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​។ អ្នកឃ្លាំមើល​សង្គម ស្នើ​ឱ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រោះ​នេះ​ជា​រឿង​រដ្ឋបាល។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ លោក រ៉ុង ឈុន ថ្លែង​ថា ក្រុម​គ្រូបង្រៀន​មិន​ពេញចិត្ត​ឡើយ​ចំពោះ​ការសម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​ចាត់ការ​លើ​បណ្ដឹង​របស់​ពួក​លោក។ លោក​ថា សាលក្រម​នេះ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ហេតុដូច្នេះ​ទើប​ពួក​លោក​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ដោយ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​រឿង​នេះ​ដោយ​យុត្តិធម៌៖ «យើង​មានការ​សោកស្ដាយ​ចំពោះ​តុលាការ​ដែល​ធ្វើការ​សម្រេច​យ៉ាង​អយុត្តិធម៌​មក​លើ​ក្រុម​គ្រូបង្រៀន យើង​ដឹង​ហើយ​ក្រសួង​អប់រំ​ចេញប្រកាស​លុបឈ្មោះ​ក្រុម​គ្រូបង្រៀន​នេះ​ដោយ​ចោទ​ថា អវត្តមាន​គ្មាន​ច្បាប់​បោះបង់​បោះបង់​ការងារ​ចោល​តាម​ការពិត​ការចោទប្រកាន់​នេះ​ខុស​ទាំងស្រុង»

កាលពី​ថ្ងៃ​ទី​២២ មេសា កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​រដ្ឋប្បវេណី​ស្រប​ទៅ​តាម​សំណើ​របស់​តំណាង​ក្រសួង​អប់រំ ដោយ​បាន​លើកចោល​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន ក្រោម​ហេតុផល​ថា បណ្ដឹង​នេះ​ធ្វើឡើង​ហួស​កាលកំណត់​នៃ​ច្បាប់​។ ចំពោះ​ការ​លើកឡើង​របស់​ក្រុម​គ្រូបង្រៀន​អំពី​លិខិត​ស្នើសុំ​អន្តរាគមន៍​ដែល​ពួកគេ​បាន​ដាក់​ជូន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន នោះ​វិញ តុលាការ​សម្រេច​ថា លិខិត​ទាំងនោះ​ពុំ​មាន​ភាព​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន នៅតែ​អះអាង​ថា ពួក​លោក​មិនបាន​ផ្លោះ​សិទ្ធិ​ក្នុង​ការ​ប្ដឹងផ្ដល់​ករណី​នេះ​ឡើយ គ្រាន់តែ​ពួក​លោក​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​អប់រំ ក្រោយពេល​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក ឌី ខាំបូលី ដើម្បី​សុំ​ការ​ឆ្លើយតប​រឿង​ក្រុម​គ្រូបង្រៀន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៦ ឧសភា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សម្ដែង​ការ​សោកស្ដាយ​ដែល​តុលាការ​ក្រុងភ្នំពេញ​មិនបាន​ចាត់ការ​លើ​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​។ លោក​មើល​ឃើញ​ថា រឿង​នេះ​មិន​ពិបាក​ដោះស្រាយ​ឡើយ ព្រោះ​ជា​រឿង​បែបបទ​រដ្ឋបាល​ជាជាង​បញ្ហា​ផ្លូវច្បាប់ ក៏ប៉ុន្តែ​សំខាន់​នៅត្រង់​ថា តើ​ភាគី​ក្រសួង​ព្រម​ដោះស្រាយ​រឿង ឬ​អត់​។ លោក​ជឿ​ថា ប្រសិនបើ​ក្រសួង​មិន​ចង់​ដោះស្រាយ​ទេ​ទោះ ទោះបីជា​រឿង​ក្តី​នេះ​ដំណើរការ​ដល់​ណា​ក៏​ដោយ ក៏​ក្រុម​គ្រូបង្រៀន​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ដែរ៖ «ការ​ដោះស្រាយ​បញ្ហា​មានតែ​ការយោគយល់​ការពិចារណា​នៅ​ក្នុង​ផលប្រយោជន៍​រួម​មួយ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ។ ប៉ុន្តែ​រឿង​ដែល​មិន​អាច​ជជែក​គ្នា​បាន​បែបនេះ​យើង​សំដែង​ការ​សោកស្ដាយ​ដែរ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុបឈ្មោះ​ក្រុម​គ្រូបង្រៀន​ចំនួន ១៣ នាក់ ចេញពី​ក្របខ័ណ្ឌ កាល​ពី​ដើម​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ក្រោម​ហេតុផល​ថា ពួកគេ​បាន​បោះបង់ចោល​ការងារ និង​មួយ​ចំនួន​ទៀត អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះជា​យ៉ាងណា ក្រុម​គ្រូបង្រៀន​បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​ថា​ក្រសួង​អប់រំ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​។ ពួកគេ​ចាត់​ទុក ចំណាត់ការ​របស់​ក្រសួង គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ពួកគេ​ជា​អតីត​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​នេះ​ចោល កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​។​

លោក រ៉ុង ឈុន មាន​ជំនឿ​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ទេ​នោះ ពួក​លោក​នឹង​ទទួល​បាន​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល