ក្រុមគ្រូបង្រៀន ១០នាក់ ក្នុងចំណោម ១១នាក់ ដែលបានដាក់បណ្ដឹងសុំឱ្យតុលាការជួយរកយុត្តិធម៌រឿងក្រសួងលុបឈ្មោះចេញពីក្របខ័ណ្ឌនោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ កុម្ភៈ នេះ។ ក៏ប៉ុន្តែសវនាការនៅថ្ងៃនេះ មិនទាន់មានលទ្ធផលអ្វីនៅឡើយទេ ដោយតុលាការសម្រេចលើកពេលនីតិវិធីត្រៀមទៅថ្ងៃក្រោយទៀត។
តុលាការក្រុងភ្នំពេញបានធ្វើនីតិវិធីផ្សះផ្សារវាងក្រុមគ្រូបង្រៀន និងខាងតំណាងក្រសួងអប់រំដែរ ក៏ប៉ុន្តែគូភាគីមិនព្រមសះជានឹងគ្នាវិញឡើយ។
ក្រុមគ្រូបង្រៀនអះអាងថា ក្រសួងអប់រំបានអនុវត្តផ្ទុយនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលទាក់ទងនឹងការលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌក្រសួង។ ក្រុមគ្រូបង្រៀនថ្លែងថា ពួកគេបានបានដាក់ពាក្យសុំអនុញ្ញាតឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌ ដើម្បីទៅបម្រើការជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុកខណ្ឌ ក្រុមប្រឹក្សារាជធានីខេត្ត និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ ២០១៧ នោះមក ពួកគេក៏ត្រូវបាត់បង់តួនាទី និងលាលែងចេញពីតំណែងនោះវិញ។ ក្រោយពីអស់តួនាទីនៅអង្គភាពថ្មី ពួកគេបានដាក់ពាក្យសុំចូលបម្រើការងារនៅក្របខ័ណ្ឌក្រសួងអប់រំវិញ ក៏ប៉ុន្តែក្រសួងមិនត្រឹមតែមិនបានចេញប្រកាសឱ្យពួកគេចូលបម្រើការងារវិញនោះទេ គឺថែមទាំងបានលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌដើមនេះទៀតផង។
មេធាវីតំណាងរបស់ក្រសួងអប់រំអះអាងថា ក្រសួងអប់រំបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់កំណត់ទាក់ទងនឹងលុបឈ្មោះក្រុមគ្រូបង្រៀនទាំងនេះ ព្រោះពួកគេមានចំណុចខ្វះខាតដែលមិនអាចកែតម្រូវបាន។ ក៏ប៉ុន្តែ នៅក្នុងកំណត់ហេតុរបស់តុលាការដែលអាស៊ីសេរីទទួលបាន មិនឃើញមេធាវីបញ្ជាក់ថា ចំណុចខ្វះខាតនោះ មានអ្វីខ្លះឡើយ។ មេធាវីក្រសួងអប់រំស្នើសុំឱ្យតុលាការទម្លាក់ចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ដោយចាត់ទុកថា នេះជាបណ្ដឹងខុសច្បាប់ ព្រោះការប្ដឹងតវ៉ាសេចក្ដីសម្រេចរបស់ក្រសួងអប់រំអាចធ្វើបានត្រឹមរយៈពេល ៦០ ថ្ងៃ គិតពីថ្ងៃចេញសេចក្ដីសម្រេច។ ក៏ប៉ុន្តែករណីនេះ ក្រសួងបានលុបឈ្មោះក្រុមគ្រូបង្រៀនតាំងពីចុងខែមករាឆ្នាំ ២០១៨ តែការប្តឹងតវ៉ាទើបតែកើតឡើងនៅចុងខែមករា២០១៩ នេះប៉ុណ្ណោះ។
ក្រុមគ្រូបង្រៀនសរុប ១៣ នាក់ ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ក្រោមហេតុផលថា ពួកគេបោះបង់ចោលការងារ និងមួយចំនួនទៀតអវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ថា ចំណាត់ការរបស់ក្រសួងអប់រំនេះ គឺជារឿងនយោបាយសុទ្ធសាធ ដោយសារក្រុមគ្រូបង្រៀនទាំងនោះ គឺជាអតីតសមាជិក ឬជាអ្នកមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ៖ «យើងគិតថា មិនមែនជារឿងដែលគាត់ខុសបច្ចេកទេសក្នុងការមិនទៅបំពេញការងារនៅវិស័យអប់រំនោះទេ គឺគាត់មានច្បាប់ទម្លាប់របស់គាត់។ ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ បានសម្រេចស្ថាពរហើយ បានមានការលុបឈ្មោះពួកគាត់តាមក្រោយ ព្រោះថាពួកគាត់ជាសកម្មជនដែលមិនអាចពួកអស់លោកហ្នឹងទិញគាត់បាន»។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា វិវាទនេះគួរតែត្រូវបានដោះស្រាយបញ្ចប់ តាមរយៈការសម្របសម្រួលផ្ដល់ក្របខ័ណ្ឌដល់ក្រុមគ្រូបង្រៀនទាំងនោះវិញ។ លោកស្នើឱ្យភាគីពាក់ព័ន្ធទម្លាក់ចោលរឿងនិន្នាការនយោបាយ និងចេះធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកបន្ថែមថា គ្រូបង្រៀនគឺជាធនធានមនុស្សដ៏សំខាន់ដែលប្រទេសនីមួយៗត្រូវការគ្រប់កាលៈទេសៈទាំងអស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
