តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ដោយ ម៉ម មុនីរតន៍
2016-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Morm Moniroth

ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​​សំណុំ​រឿង​ហិង្សា​លើ​អ្នក​​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ទៅ​ដើម​ខែ​ឧសភា។ ការ​លើក​ពេល​​ជំនុំជម្រះ​ទៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នោះ បន្ទាប់​ពី​ចំណាយ​ពេល​សវនាការ​ស្ទើរ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា។

តំណាង​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង ៣​រូប​របស់​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ជំទាស់​ដោយ​តំណាង​អយ្យការ​ចំពោះ​សំណួរ​ខ្លះ​នៅ​ក្នុង​អង្គ​សវនាការ​ថា ជា​ចេតនា​មិន​ឲ្យ​ចង់​លោក​អាច​រក​អ្នក​ដែល​សមគំនិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ជន​ដៃដល់។

បើ​ទោះ​បី​ជា​​ដំណើរការ​ក្នុង​ការ​ជំនុំជម្រះ​នៃ​សំណុំរឿង​វាយ​ដំ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ទាន់​បាន​ចប់​ចុង​ចប់​ដើម​ក៏​ដោយ​ចុះ ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៣​នាក់ បាន​សារភាព​នៅ​ក្នុង​អង្គ​សវនាការ​ថា ខ្លួន​គេ​គឺ​ជា​អ្នក​បង្ក​ហិង្សា​ដោយ​ចេតនា និង​ពុំ​មាន​អ្នក​ដែល​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។

សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា លើ​អង្គហេតុ ចាប់​ផ្ដើម​មិន​ទាន់​ទាំង​ចប់​ស្រួលបួល​ផង លោក ចាយ សារិទ្ធ ដែល​ជា​អ្នក​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ក្នុង​ចំណោម ២​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ឃុំ បាន​សារភាព​ថា អ្នក​តំណាងរាស្ត្រ​ដែល​រង​របួស​នោះ គឺ​រូប​គេ​ជា​អ្នក​វាយ​ធ្វើ​បាប។

លោក ចាយ សារិទ្ធ ដែល​សារភាព​ថា ខ្លួន​គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តា​ខ្មៅ ហើយ​ពាក់​ស័ក្ដិ ៤ ផង​នោះ បដិសេធ​ថា ការ​ប្រើ​ហិង្សា​ទៅ​លើ​តំណាងរាស្ត្រ​គឺ​ពុំ​មាន​អ្នក​បញ្ជា​ឡើយ។

មន្ត្រី​យោធា​ដែល​មាន​សម្បុរ​ស ទាប​ក្រអាញ​បន្តិច​រូប​នេះ ប្រាប់​អង្គ​សវនាការ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​នោះ ដោយសារ​អ្នក​តំណាងរាស្ត្រ​បើក​ឡាន​មក​ឈប់​ក្បែរ​ក្រុម​បាតុករ ហើយ​ជេរ​ប្រមាថ​ថា "អា​យ៉ង​យួន" ជាដើម។ ម្យ៉ាង​គាប់​ជួន​​ពេល​នោះ ហេវ​បាយ ស្រេក​ទឹក និង​អស់​កម្លាំង​ដោយសារ​ឃ្លាំមើល​គេ​ធ្វើ​បាតុកម្ម​ស្ទើរ​ពេញ​មួយ​ព្រឹក​ធំ​ផង ស្រប​ពេល​ឡាន​មក​ដល់ រូប​លោក​ក៏​ស្ទុះ​ទៅ​បើក​ទ្វារ​ឡាន​ហើយ​វាយ​ដំ​តែម្ដង។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ឡាន​លោក​ឈប់​នោះ ដោយសារ​ក្រុម​បាតុករ​រត់​មក​ពាំង​ខាង​មុខ​ឡាន ហើយ​បើក​ទ្វារ​ប្រើ​ហិង្សា​ភ្លាម​មួយ​រំពេច។ លោក​បន្ត​ថា ក្នុង​ពេល​ស្ទះ​ឡាន​របស់​លោក​នោះ គឺ​លោក​ពុំ​មាន​ឱកាស​សួរ​នាំ​អ្វី​ឡើយ ហើយ​ថែម​ទាំង​ពុំ​បាន​ប្រើ​ពាក្យ​ពេចន៍​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ៖ «រឿង​ភាសា​ដែល​ខ្ញុំ​ជេរ​គាត់​ថា អាយ៉ង​ហ្នឹង​គឺ​អត់​មាន​សោះ។ ដោយសារ​អ្នក​បើក​ឡាន​ខ្ញុំ​​បើក​ឡាន​មក​គាត់​ដើរ​កាត់​មុខ​​ឡាន ដល់​ពេល​ឡាន​ខ្ញុំ​ឈប់ គឺ​គាត់​រត់​មក​បើក​ទ្វារ​វាយ​ខ្ញុំ រក​តែ​ឱកាស​ខ្ញុំ​សួរ​នាំ​គាត់​មិន​បាន​ផង»

សវនាការ​នៃ​សំណុំរឿង​នេះ ត្រូវ​គេ​រំពឹង​ថា អាច​នឹង​អាច​អូស​បន្លាយ​យូរ​ថ្ងៃ​បន្ត​ទៀត ដោយសារ​តែ​មាន​ជន​ជាប់​ចោទ​សាក្សី​ជា​នគរបាល​សន្តិសុខ​របស់​រដ្ឋសភា និង​ពលរដ្ឋ​ប្រមាណ ៥​នាក់​ថែម​ទៀត​ផង។ មុន​នឹង​ចាប់​ផ្ដើម​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា គឺ​ចៅក្រម​លោក ហេង សុខណា តម្រូវ​ឲ្យ​ចាក់​វីដេអូ ឯកសារ​រយៈពេល​ខ្លី ដែល​បញ្ជាក់​ពី​សកម្មភាព​វាយ​ដំ​លើ​អ្នក​តំណាងរាស្ត្រ​នៅ​មុខ​វិមាន​រដ្ឋសភា។ នៅ​ក្នុង​រូបភាព​នៃ​វីដេអូ​នោះ បញ្ជាក់​ថា មាន​មនុស្ស​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ។

បើ​ទោះ​ជា​បែប​ណា លោក ចាយ សារិទ្ធ ដែល​ត្រូវ​បាន​សួរ​នាំ​មុន​គេ​នៅ​ក្នុង​អង្គ​សវនាការ បដិសេធ​ថា ពុំ​មាន​អ្នក​ផ្សេង​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ​ទេ ក្រៅ​តែ​ពី​រូប​គេ​ឡើយ។នៅ​ចំពោះ​មុខ​ចៅក្រម​ជំនុំជម្រះ លោក ចាយ សារិទ្ធ ព្យាយាម​បដិសេធ​រាល់​សំណួរ​អំពី​អ្នក​បញ្ជា និង​អ្នក​សម​គំនិត។

លោក ជូង ជូងី មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ២​រូប​ផ្សេង​ទៀត ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​កត់​សំគាល់​ថា ការ​ចេញ​មក​សារភាព​របស់​ជន​ជាប់​ចោទ​ទាំង ៣​នាក់​នេះ គឺ​វា​លឿន​ណាស់​ពេក​ដែល​ជា​មន្ទិល​សង្ស័យ។ លោក​បន្ត​ថា វា​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដែល​នៅ​អង្គ​សវនាការ សំណួរ​របស់​មេធាវី​ការពារ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចង់​ដឹង​ពី​អ្នក​បញ្ជា ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ដោយ​តំណាង​អយ្យការ​ទៅ​វិញ៖ «ខ្ញុំ​ធ្វើ​មេធាវី​ជាង ១០​ឆ្នាំ​ហើយ អត់​ដែល​ឃើញ​ត្រូវ​ចោទ​ឯ​ណា​គាត់​ប្រព្រឹត្ត​ហើយ​ចេញ​មក​សារភាព​អី​ស្រួលៗ​អ៊ីចឹង​ទេ មាន​តែ​សមត្ថកិច្ច​រក​ចាប់​ហើយ​គាត់​បដិសេធ។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ទាំង ៣​រូប​នេះ​គឺ​ចេញ​សារភាព​ស្រួលៗ​ពេក»

ក្រោយ​ពី​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ចូល​សារភាព​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ គេ​ឃើញ​មាន​មនុស្ស ៣​នាក់ បាន​ចូល​ខ្លួន​ភ្លាម​ដែរ ក្នុង​នោះ​មាន​ឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ បន្ទាប់​ពី​ចូល​សារភាព តុលាការ​សម្រេច​ចោទ​ប្រកាន់​មនុស្ស​ទាំង ៣​នាក់​នេះ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ក្នុង​ពេល​អង្គ​សវនាការ​ដែល​ចាប់​ដំណើរការ​បាន​ត្រឹម​ពាក់កណ្ដាល​ទី សភាពការណ៍​នៅ​ពេល​នោះ ក៏​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ភ្លាម​មួយ​រំពេច​ដែរ។ មូលហេតុ​ដែល​នាំ​ឲ្យ​តំណាង​អយ្យការ​លោក ស៊ិន វីរៈ ជំទាស់​នឹង​ការ​តាំង​សំណួរ​របស់​លោក សំ សុគង់ ទៅ​លោក ចាយ សារិទ្ធ ដែល​ចង់​ដឹង​ពី​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង និង​អង្គភាព​នៃ​ទីបញ្ជាការ​កង​អង្គរក្ស​នោះ ត្រូវ​បាន​លោក ស៊ិន វីរៈ ដែល​ជា​ព្រះរាជអាជ្ញា​រង​យល់​ឃើញ​ថា នឹង​នាំ​ឲ្យ​ប៉ះពាល់​ស្ថាប័ន​របស់​រដ្ឋ។ក្នុង​ពេល​នោះ​ដែរ ​មេធាវី​ការពារ​​ក្តី​ឲ្យ​ជនជាប់ចោទ​វិញ ក៏​ព្យាយាម​​ឡើង​ជំទាស់​ម្ដង​ជា​ពីរ​ដង​ដែរ ប្រឆាំង​ការ​តាំង​សំណួរ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង។

ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​ការ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក ហេង សុខណា បាន​ឆក់​ឱកាស​នេះ ហើយ​ប្ដូរ​​ស្ថានការណ៍​វិញ​ម្ដង ដូច​ជា​ថា ភារកិច្ច​របស់​តំណាង​អយ្យការ​ក៏​ជា​ផ្នែក​មួយ​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​ផង​ដែរ។ លោក ហេង សុខណា បាន​ថ្លែង​ការពារ​យ៉ាង​ពិស្ដារ​ពី​តួនាទី និង​ភារកិច្ច​ក្នុង​នាម​ជា​ចៅក្រម ក្នុង​ការ​ដឹកនាំ​នៃ​ការ​ជំនុំជម្រះ​នេះ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ភាព​យុត្តិធម៌​ស្មើៗ​គ្នា។ មុន​នឹង​បិទ​បញ្ចប់​សវនាការ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ចៅក្រម​ជំនុំជម្រះ​លោក ហេង សុខណា ប្រកាស​ថា សវនាការ​នេះ​នឹង​ត្រូវ​លើក​ពេល​ជំនុំជម្រះ​ទៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ពេល​ព្រឹក​បន្ត​ទៀត។

បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា គឺ​ជា​ការ​សងសឹក​​ផ្នែក​នយោបាយ។ បាតុកម្ម​កាល​នោះ ត្រូវ​គេ​កត់​សំគាល់​ឃើញ​ថា គឺ​ភាគ​ច្រើន​ជា​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ និង​កង​អង្គរក្ស ច្រើន​ជាង​ពលរដ្ឋ។ ការ​ទាមទារ​នៅ​ពេល​នោះ កម្លាំង​អ្នក​តវ៉ា គឺ​ជា​បុរស​ដ៏​ច្រើន​លើសលប់​ខុស​ពី​បាតុកម្ម​តវ៉ា​រឿង​ដីធ្លី និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

GW Bush

ពី Ha Noi

HA, HAH, THEY SOLD THEIR VALUE FOR ONLY A COUPLE BUCKS. WHAT A SHAME AND DISGUSTING!

Apr 28, 2016 12:12 PM

អ្នក​អាន​អនាមិក

not this men to do that way hun sen bring men from jail to show up

Apr 28, 2016 10:09 AM

អ្នក​អាន​អនាមិក

លោក​ ចាយ សារិទ្ធ មិនហ៊ាន និយាយការពិត អ្នកនៅពីក្រោយ និង មនុស្សមួយចំនួនទៀត ដោយខ្លាច គេសម្លាប់ ម៉ាពូជ ខ្លួន ។
( អ្នកណាមិនខ្លាច យើងមើល អ្នកស្រី ពិសិដ្ឋ ពិលិកា រកឃាតករ មិនទាន់ឃើញផង !)

Apr 28, 2016 10:08 AM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋមើលឃើញ =
ក្រុមបាតុករ ជនពាល និង មេក្លោងនៅពីក្រោយ វ៉ៃ តំណាងរាស្ត្រ បើគេចង់ចាប់ ថែមទៀត ក៏បានដែរ ប៉ុន្តែ តាចាស់ ក្បាលខូច ហ៊ុន សែន មិនអោយចាប់ថែមទៀត ។

Apr 28, 2016 01:52 AM

គេហទំព័រ​ទាំងមូល