មេ​សហជីព​ស្នើ​ប្រតិភូ​​អឺរ៉ុប​ជំរុញ​ឱ្យ​រក​យុត្តិធម៌​ជូន លោក ជា វិជ្ជា និង​សកម្មជន​ផ្សេងទៀត

ដោយ ហេង រស្មី
2019-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។
លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

មេដឹកនាំ​សហជីព​សំខាន់ៗ​មួយ​ចំនួន ស្នើសុំ​ដល់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​រក​យុត្តិធម៌​ចំពោះ​ករណី​ឃាតកម្ម​លើ លោក ជា វិជ្ជា កាលពី​១៥​ឆ្នាំមុន និង មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត។ ការ​ស្នើសុំ​នេះ​បាន​ធ្វើឡើង​ក្រោយពី​មេដឹកនាំ​សហជីព​ចំនួន​៦​បាន​ជួប​ជាមួយ​គណបក្ស​ប្រតិភូ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី៥ មិថុនា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិ​ការងារ និង ស្ថានភាព​របស់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា។

ទីប្រឹក្សា​សហជីព​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា​បេសកកម្ម​ស្វែងរក​ការពិត​លើក​ទី​២​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​លើ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុម​កម្មករ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា អតីត​ប្រធាន​សហជីព សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​អស់​រយៈពេល​ជាង​១៥ ឆ្នាំ​ហើយ រួម​ជាមួយ​នឹង​មេដឹកនាំ​សហជីព​ផ្សេងទៀត​ដែល​រួមមាន​លោក រស់ សុវណ្ណារ៉េត និង លោក ឃី វុទ្ធី មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ។

លោក​បញ្ជាក់​ថា លោក​សង្ឃឹម​ថា ដំណើរ​បេសកកម្ម​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​លើក​នេះ​នឹង​លើក​យក​សំណើ​របស់​មេដឹកនាំ​សហជីព​ទៅ​ប្រាប់​រដ្ឋាភិបាល​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ៖ «ការ​សម្លាប់​របស់​មេដឹកនាំ​សហជីព​ទាំង​បី​នាក់ និង មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​ជាពិសេស​នៅ​លើ​ផ្លូវ​វ៉េងស្រង​ហ្នឹង​ក៏​ជា​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​យើង​ត្រូវការ​ជំរុញ​ត្រូវការ​ស៊ើបអង្កេត​ដោយ​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​រឿង​នេះ​បន្ត​ទៅ​ទៀត​យើង​កុំ​ចាំបាច់​រដ្ឋាភិបាល​គាត់​រក​។ គាត់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​រក​ប៉ុន្មាន​ទេ​សម្រាប់​សកម្មជន​ដែល​ស្លាប់​នៅ​ផ្លូវ​វេងស្រង»

អាស៊ីសេរី​មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទេ​នៅ​ថ្ងៃទី៦ មិថុនា នេះ។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ ២០០៤ ក្នុង​ខណៈ​ដែល​លោក​កំពុង​អង្គុយ​អាន កាសែត​រាជធានី​ភ្នំពេញ។

ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​បំពេញបេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា និង​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមាន​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​រងគ្រោះ​ដីធ្លី នៅ​អំឡុង​សប្ដាហ៍​នេះ​។ បេសកកម្ម​លើក​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ពីព្រោះ​របាយការណ៍​នេះ​នឹង​ត្រូវ​យក​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​សម្រេចចិត្ត​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល