ជនជាតិអាមេរិកម្នាក់ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ ថាមន្រ្តីតុលាការខ្មែរគ្រប់ជាន់ថ្នាក់ ចូលដៃក្នុងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ មន្រ្តីអង្គការសង្គមស៊ីវិល ថានេះជាពេលវេលា ដែលសាធារណជនទូទៅ អាចតាមដាន និងសម្គាល់ថាតើស្ថាប័នប្រឆាំងអំពើពុករលួយ អាចដោះស្រាយបណ្តឹងដ៏រសើបនេះ បានដោយប្រសិទ្ធភាព ឬ យ៉ាងណា។
មួយឆ្នាំ ក្រោយពីបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជា ជាមួយកូនៗ ដោយសុវត្ថិភាព ជនជាតិអាមេរិកដែលមានភរិយាជាខ្មែរ លោក ចេរ៉ល ឃែណិន (Gerald Cannon) បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីខែសីហាកន្លងទៅ ដោយចោទប្រកាន់មន្រ្តីតុលាការ ចាប់តាំងពីសាលាដំបូង ដល់តុលាការកំពូល អំពីអំពើពុករលួយ ទាក់ទងនឹងការទទួលប្រាក់សំណូករាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការកាត់ឲ្យលោកឈ្នះក្តី ករណីដណ្តើមកូនមកគ្រប់គ្រង ដែលកើតមានក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ រឿងរ៉ាវទាំងនេះ កើតមានក្នុងពេល ដែលលោកទាមទារសិទ្ធិយកកូនពីរនាក់មកចិញ្ចឹម ក្រោយលែងលះគ្នាជាមួយភរិយាជាស្រ្តីខ្មែរពីរនាក់។
លោក ចេរ៉ល ឃែណិន អះអាងថា រាល់ពេលដែលលោកសូកលុយចៅក្រម គឺលោកតែងតែឈ្នះក្តីជានិច្ច ហើយរាល់ពេលដែលលោក មិនព្រមសូកលុយ គឺលោកតែងតែចាញ់ក្តី។
ក្នុងបណ្តឹងនោះ លោក ចេរ៉ល ឃែណិន រៀបរាប់អំពីមន្រ្តីតុលាការ មានទាំងមេធាវី ក្រឡាបញ្ជី ព្រះរាជអាជ្ញា និងចៅក្រម នៅគ្រប់ស្ថាប័នតុលាការ ដែលបង្កើតមុខរបរសូកប៉ាន់នេះ ជាលក្ខណៈគ្រួសារ និងជាប្រព័ន្ធ។
លោកលើកយកករណីគ្រួសារចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុណ្ណ និងកូនស្រីគឺលោកស្រី ប៉ុណ្ណ សំខាន់ ដែលពេលនោះពាក់ផ្កាយ ៣ (ឧត្តមសេនីយ៍ឯក) សព្វថ្ងៃជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្ម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មករៀបរាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាលក្ខណៈគ្រួសារនេះ។
លោក ចេរ៉ល អះអាងថា លោកបានសូកលុយ ៣.០០០ដុល្លារដោយផ្ទាល់ដៃ ទៅអ្នកស្រី ប៉ុណ្ណ សំខាន់ ដើម្បីឲ្យទៅចៅក្រម ឃឹម ប៉ុណ្ណ យកទៅសូកបន្តទៅប្រធានតុលាការកំពូល គឺលោកចៅក្រម ឌិត មុន្ទី ដែលជាអ្នកសម្រេចក្តីក្នុងសំណុំរឿងនោះ។
អាស៊ីសេរី បានព្យាយាមទាក់ទងសុំការបំភ្លឺ ពីលោកចៅក្រម ឃឹម ប៉ុណ្ណ ប៉ុន្តែ មិនទាន់បានការឆ្លើយតបនៅឡើយ។ ប៉ុន្តែ អ្នកស្រី ប៉ុណ្ណ សំខាន់ អះអាងថា អ្នកស្រីមិនបានដឹងរឿងនេះទេ និង ភ្ញាក់ផ្អើលដែលមានឈ្មោះអ្នកស្រីនៅក្នុងបណ្តឹងនោះ។ អ្នកស្រីថាមិនស្គាល់លោក ចេរ៉ល ថា ជានរណាថែមទៀតផង៖ « រឿងអី ? រឿងអីគេ ? ខ្ញុំដូចជាអត់ពាក់ព័ន្ធរឿងហ្នឹងសោះ ម៉េចមានឈ្មោះខ្ញុំហ្នឹង ? អត់ស្គាល់សោះម៉ង ! គឺខ្ញុំជាគ្រូពេទ្យទេអតីតកាល។ ខ្ញុំអត់បានដឹងរឿងនេះសោះ ហើយម៉េចក៏មានឈ្មោះនៅក្នុងហ្នឹង ?»។
មុននឹងឈ្នះក្តីនៅតុលាការកំពូលនេះ លោក ចេរ៉ល បានចាញ់ក្តីពីរលើករួចទៅហើយ ដោយម្តងនៅសាលាដំបូង និងម្តងទៀតនៅសាលាឧទ្ធរណ៍ ដោយលោកអះអាងថា ដោយសារពេលនោះមកពីលោកមិនព្រមសូកលុយ ទៅតាមការទាមទាររបស់ចៅក្រមនៅតុលាការទាំងពីរនោះ។
ករណីចោទប្រកាន់នៃអំពើពុករលួយនេះ ដំបូងកើតឡើងក្នុងខែមីនា ឆ្នាំ២០១២ ក្នុងសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក ចេរ៉ល អះអាងថាចៅក្រមសាលាដំបូងលោក លាង សំណាត់ បានជួបស្ងាត់ៗ ជាឯកជនជាមួយមេធាវីលោក គឺលោក នុត ទីតូ នៅការិយាល័យរបស់ចៅក្រមរូបនោះ ដោយទារប្រាក់ ១០.០០០ (មួយម៉ឺន) ដុល្លារអាមេរិក បើចង់ឈ្នះក្តី។ លោក ចេរ៉ល មិនព្រមសូកចៅក្រមរូបនោះ។ ជាលទ្ធផលលោកចាញ់ក្ដី នៅសាលាដំបូង។
លោកប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចនេះ ដោយមិនសូកប្រាក់ទៀត។ លោកចាញ់ក្តីនេះទៀត។ បន្ទាប់មកលោកប្តឹងសាទុក្ខទៅតុលាការកំពូល។ នៅចំពោះមុខតុលាការកំពូល លោក ចេរ៉ល មិនជួលមេធាវីទេ ដោយលោកការពារក្តីនេះដោយខ្លួនឯង។ ប៉ុន្តែ លោកអះអាងថា ទាល់តែលោកសូកលុយចៅក្រមតុលាការកំពូល ទើបលោកឈ្នះក្តី។
អាស៊ីសេរី បានព្យាយាមទាក់ទងសុំការបំភ្លឺ ពីលោកចៅ លាង សំណាត់ ប៉ុន្តែ មិនទាន់បានការឆ្លើយតបនៅឡើយដែរ។ ចំណែកឯលោកមេធាវី នុត ទីតូ ប្រាប់អាស៊ីសេរី ថាលោកមិនចាំរឿងនេះទេ ព្រោះវាយូរពេក៖ « ខ្ញុំដូចជាចង់ភ្លេចហើយបង អធ្យាស្រ័យ ! ដោយសារវាយូរពេក ! ម្យ៉ាងខ្ញុំឈប់ការពារក្តីគាត់ហ្នឹង យូរឆ្នាំទៅហើយ !» ។
ករណីអំពើពុករលួយទីពីរ គឺពាក់ព័ន្ធនឹងគ្រួសារចៅក្រមមួយរូបទៀត ដែលទើបតែចូលនិវត្តន៍ថ្មីៗ នេះ គឺចៅក្រមសាលាឧទ្ធរណ៍លោក ងួន អ៊ីម។ ក្នុងគ្រួសារលោក ងួន អ៊ីម លោក ចេរ៉ល លើកអំពីកូនៗ ពីរនាក់របស់ចៅក្រមរូបនេះ រួមមានលោក តេង សាម៉ៃ ដែលជាព្រះរាជអាជ្ញារង និងលោក តេង បូរ៉ា ដែលជាមេធាវី និងលោកស្រី តេង រីណា ជាក្មួយស្រីលោក ងួន អ៊ីម ដែលលោកចោទថា សុទ្ធតែចូលដៃក្នុងអំពើពុករលួយនេះទាំងអស់។
លោកលើកយកករណីមួយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលលោកថា លោកបានប្រគល់លុយទៅលោកចៅក្រម ងួន អ៊ីម និង លោក តេង សាម៉ៃ ចំនួន ៥.០០០ (ប្រាំពាន់)ដុល្លារ ដើម្បីសូកចៅក្រម សេង លាង ដើម្បីឈ្នះក្តី ចំនួនបីករណីនៅសាលាដំបូង ពាក់ព័ន្ធនឹងករណីទាមទារសិទ្ធិគ្រប់គ្រងកូនដែរ។
ពីរខែក្រោយមក លោកថា លោកបានប្រគល់លុយទៅលោកចៅក្រម ងួន អ៊ីម ចំនួន ៥. ០០០ (ប្រាំពាន់) ដុល្លារទៀត ដើម្បីសូកចៅក្រមសាលាឧទ្ធរណ៍អ្នកស្រី គឹម ដានី ដើម្បីឈ្នះក្តីមួយករណី នៅសាលាឧទ្ធរណ៍កាលពីខែមេសា ឆ្នាំ២០១៦។
ប្រាំពីរខែក្រោយមកទៀត លោកថា លោកបានប្រគល់ប្រាក់ ៥.០០០ (ប្រាំពាន់) ដុល្លារទៀត ទៅលោក តេង បូរ៉ា ដែលជាមេធាវីរបស់លោកនៅពេលនោះ ដើម្បីជាថ្នូរនឹងការឈ្នះក្តីមួយករណីទៀត នៅសាលាឧទ្ធរណ៍ ដោយមានលោកចៅក្រម ប៉ាក ច័ន្ទសំបូរ ជាអ្នកសម្រេចក្តី។ ប៉ុន្តែ លោក ចេរ៉ល ឃែណិន ថាលុយនេះ ចៅក្រមទាំងពីរស៊ីដាច់ ហើយឲ្យលោកចាញ់ក្តីទៅវិញ។
លោក ចេរ៉ល បន្ថែមថា ប្រាក់សំណូកទាំងនោះ ពេលខ្លះលោកបានយកទៅប្រគល់ដោយផ្ទាល់ដៃ ដល់ផ្ទះលោកចៅក្រម ងួន អ៊ីម។ លោកបញ្ជាក់ថា លោកក៏បានជួបផ្ទាល់ជាមួយលោកចៅក្រម សេង លាង នៅភោជនីយដ្ឋានវៀតណាម ឈ្មោះ ង៉ន ក្បែរវិមានឯករាជ្យ ដើម្បីប្រគល់លុយសំណូកនេះ និងជជែករឿងក្តីលោកជាមួយចៅក្រមរូបនេះ ដោយមានវត្តមានលោក តេង សាម៉ៃផង។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោកចៅក្រម សេង លាង អ្នកស្រី គឹម ដានី និងលោក ប៉ាក ច័ន្ទសំបូរ បាននៅឡើយដែរ។ ប៉ុន្តែលោក ងួន អ៊ីម ទទួលស្គាល់ថា លោកពិតជាស្គាល់លោក ចេរ៉ល ឃែណិន ដោយសារទំនាក់ទំនងរវាងក្មួយស្រីលោក គឺលោកស្រី តេង រីណា និងលោក ចេរ៉ល ឃែណិននេះ ដោយដំបូងលោកអះអាងថា លោកស្រី តេង រីណា ត្រឹមជាមិត្តភ័ក្តិរបស់លោក ចេរ៉ល និងជាអ្នកបកប្រែប៉ុណ្ណោះ។ ពេលនោះអ្នកស្រី តេង រីណា មកពឹងលោកឲ្យជួយរឿងនេះ តែលោកថា មិនអាចទៅរួច៖ « ខ្ញុំក៏អត់មានលូកដៃច្រើនដែរ ពីព្រោះដោយសារថាវាជាក្មួយប៉ុណ្ណឹងទេ ! កាលនោះ ពីរឿងប្តឹងអ្វីអ្នកផ្សេងទេ។ ក្មួយហ្នឹងវាគ្រាន់ថាប្រាប់ឲ្យជួយមើលរឿងហ្នឹងផងទៅមើល ព្រោះជាពួកម៉ាកកាលពីដំបូង។ ក្មួយខ្ញុំមកហ្នឹងមក៍ អត់មានទារលុយវាទេ។ ចំណែកឯជាមួយលោកនេះ ( លោក ចេរ៉ល ) ផ្ទាល់ហ្នឹង ក៏អត់ដែលមកជួបខ្ញុំផ្ទាល់នោះដែរ ព្រោះបើទោះគាត់សុំមកជួបក៏ខ្ញុំអត់ឲ្យជួបដែរ » ។
លោក ងួន អ៊ីម អស់សំណើចពេលនិយាយដល់រឿងសូកលុយនោះ។ តែទោះយ៉ាងណា លោកថាមិនខ្លាចប្រឈមមុខច្បាប់ ទេបើតុលាការកោះហៅឲ្យទៅបំភ្លឺរឿងនេះ៖ « ខ្ញុំដល់តែនិយាយអ៊ីចឹង ចង់តែសើចបន្តិច ! មិនដឹងជាបានលុយមកពីណា មកដាក់ឈ្មោះខ្ញុំថាជាអ្នកដើរសូកគេ។ ដូច្នេះ ខ្ញុំមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេ ពីព្រោះលុះត្រាតែ ក្នុងពាក្យបណ្តឹងគេហ្នឹង ចាំគេហៅសួរទៅ ខ្ញុំមិនដឹងទេ ព្រោះខ្ញុំសុំសើចបន្តិចទៅចុះ » ។
ចំណែកឯលោក តេង សាម៉ៃ ក៏ទទួលស្គាល់ដែរ ថាលោកពិតជាបានជួបជាមួយលោក ចេរ៉ល ឃែណិន ដើម្បីជួយផ្តល់យោបល់ផ្នែកច្បាប់ ជុំវិញនីតិវិធីសុំការគ្រប់គ្រងកូននេះ។ លោក តេង សាម៉ៃ បន្ថែមថា លោក ចេរ៉ល ពិតជានិយាយពីរឿងសូកលុយនេះដែរ៖ « យកលុយយកអ្វីពីលោកហ្នឹង អត់មានទេ ព្រោះខ្ញុំអត់មានទៅធ្វើសកម្មភាពដូច្នេះទេ។ ក្នុងនាមជាអ្នកច្បាប់ម្នាក់ ខ្ញុំអត់ធ្វើអ៊ីចឹងទេ។ ខ្ញុំឲ្យយោបល់ផ្លូវច្បាប់តែប៉ុណ្ណោះ។ កាលណោះ គាត់សួរយោបល់ខ្ញុំ គាត់និយាយពីរឿងលុយកាក់ហ្នឹង តែខ្ញុំអត់មានពាក់ព័ន្ធនឹងការនិយាយថា យកទៅឲ្យគេកើតទេ ព្រោះខ្ញុំយល់ថា ជនជាតិបរទេសគាត់យល់ច្បាស់ថា ស្រុកយើងអត់មានពាក់ព័ន្ធនឹងអំពើពុករលួយដូច្នេះកើតទេ » ។
ក្នុងករណីមួយទៀត ក្រោយសាលាដំបូង កាត់ក្តីឲ្យលោកឈ្នះ និង មានសិទ្ធិគ្រប់គ្រងកូន ប៉ុន្តែស្រ្តីជាម្តាយ គឺលោកស្រី ហួយ សុធារ៉ា នៅតែមិនព្រមឲ្យកូននោះមកលោក លោក ចេរ៉ល ក៏បានពឹងព្រះរាជអាជ្ញារងសាលាដំបូង គឺលោក ស្រី ម៉ាក់នី ឲ្យបង្គាប់អនុវត្តសេចក្តីសម្រេចរបស់តុលាការនោះ ដើម្បីឲ្យលោកទទួលបានកូននោះមកវិញ។ លោក ចេរ៉ល លើកឡើងថា នីតិវិធីនោះ លោក ស្រី ម៉ាក់នី ទាមទារឲ្យលោកសូកប្រាក់ រាល់ពេលដែលត្រូវបញ្ជូនដីកាកោះទៅលោកស្រី ហួយ សុធារ៉ា។ លោកបន្ថែមថា ព្រះរាជអាជ្ញារងរូបនេះ ទារប្រាក់លោករាប់ពាន់ដុល្លារ ដើម្បីសូកឲ្យបញ្ជូនរឿងនេះទៅចៅក្រមស៊ើបអង្កេត។
ប៉ុន្តែ លោកមិនព្រមសូកច្រើនដល់ម្លឹងទេ ដោយសុខចិត្តសូកតែ ៧០០ (ប្រាំពីររយ) ដុល្លារ តែព្រះរាជអាជ្ញានោះមិនព្រម។ លោកបន្តថា មេធាវីរបស់លោកមួយរូបទៀត គឺលោក ទេព មុនីជាតិ ដែលការពារក្តីលោកនៅពេលនោះ ដឹងរឿងនេះ នឹងថែមទាំងប្រាប់លោកថា លុយប៉ុណ្ណឹងតិចខ្លាំងណាស់ សម្រាប់សូកព្រះរាជអាជ្ញានោះ។ លោក ទេព មុនីជាតិ ថែមទាំងជួយចរចាតម្លៃនេះទៀត និងដឹងឮការប្រគល់លុយដោយផ្ទាល់ដៃ នៅក្នុងការិយាល័យព្រះរាជអាជ្ញានោះ។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺពីព្រះរាជអាជ្ញារងគឺលោក ស្រី ម៉ាក់នី បាននៅឡើយទេ។ ប៉ុន្តែលោកមេធាវី ទេព មុនីជាតិ ទទួលស្គាល់ថា បានទៅជួបព្រះរាជអាជ្ញារងរូបនោះមែន ប៉ុន្តែលោកថា មិនដឹងរឿងសូកប៉ាន់លុយនេះទេ៖ « នៅក្នុងកន្លែងដែលគាត់ចូលទៅជាមួយខ្ញុំហ្នឹង ខ្ញុំអត់បានឃើញថា ព្រះរាជអាជ្ញារងហ្នឹង គាត់បានយកលុយយកកាក់អីអត់ទេ។ គាត់អត់បានទារអ៊ីចឹងទេ ! ខ្ញុំជាអ្នកជូនគាត់ទៅទៀត។ បើសិនមានទាររាប់ពាន់ដូច្នេះមែន និងបានឲ្យអ៊ីចឹងមែន ម្ល៉េះសមពួក ACU ( អង្គភាពប្រឆាំងអំពើពុករលួយ ) គេចាប់ព្រះរាជអាជ្ញារងនោះបាត់ទៅហើយ »។
បន្ថែមលើការដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ លោក ចេរ៉ល ដាក់លិខិតសុំអន្តរាគមន៍ ពីលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា តាមសារអេឡិចត្រូនិក ដោយលោកបារម្ភពីភាពខ្វះអ្នកតំណាងត្រឹមត្រូវ ក្នុងនីតិវិធីបណ្តឹងនេះ ព្រោះលោកអះអាងថា មេធាវីដែលកំពុងការពារក្តីលោក គឺលោកមេធាវី កែវ វាន្នី បង្ហាញអំពីការព្រួយបារម្ភ ក្នុងការការពារក្តីរឿងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងមន្រ្តីតុលាការនេះ ដោយសារតែមេធាវីរូបនេះ បានប្រឡងជាប់ធ្វើជាចៅក្រម។ ជាងនេះទៅទៀត លោក ចេរ៉ល បន្ថែមថា មេធាវីឯទៀតនៅអង្គការសង្គមស៊ីវិល ក៏សុទ្ធតែមិនហ៊ានការពារក្តីឲ្យលោកដែរ ដោយខ្លាចមានការសងសឹកណាមួយ បើការពារក្តីប្រឆាំងមន្រ្តីតុលាការបែបនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន អោយដឹងថា យន្តការផ្លូវការក្នុងការបញ្ជូនលិខិតបែបនេះ មិនអាចផ្ញើតាមសារអេឡិចត្រូនិក បានទេ។ លោកស្នើឲ្យលោក ចេរ៉ល ដាក់លិខិតនោះជាឯកសាររឹង។
ចំណែកលោកមេធាវី កែវ វ៉ាន្នី សុំមិនធ្វើអត្ថាធិប្បាយអ្វីជុំវិញរឿងនេះទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់តាមសារអេឡិចត្រូនិកថា ខាងអង្គភាពប្រឆាំងអំពើពុករលួយ បានបើកសវនាការ កាលពីថ្ងៃទី១០ ខែកញ្ញា ដោយមានវត្តមានរូបលោក។ លោកបន្ថែមថា ខាងអង្គភាពប្រឆាំងអំពើពុករលួយថា ភាគីដើមបណ្តឹងគ្មានភ័ស្តុតាងជាក់ស្តែងណាមួយ អំពីអំពើពុករលួយទាំងនោះ ក្រៅតែពីការរៀបរាប់អង្គហេតុ ដូចមានក្នុងពាក្យបណ្តឹងតែប៉ុណ្ណោះ។
លោក ចេរ៉ល បញ្ជាក់ប្រាប់អាស៊ីសេរីថា លោកបានទទួលលិខិត ពីការិយាល័យទទួលពាក្យបណ្តឹងនៃអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៨ ខែតុលាតាមសារអេឡិចត្រូវនិច ដោយស្នើសុំឲ្យលោកដាក់ភ័ស្តុតាងបន្ថែម។ ប៉ុន្តែលិខិតនោះ ចុះកាលបរិច្ឆេទតាំងពីថ្ងៃទី២០ ខែកញ្ញាមកម៉្លេះ ដោយក្នុងនោះ ទាមទារឲ្យលោក រៀបរាប់លម្អិតអំពីថ្ងៃខែ ទីកន្លែង សាក្សី និង គោលបំណងនៃការសូកប៉ាន់ប្រាក់រាប់ម៉ឺនដុល្លារនោះ និងមធ្យោបាយក្នុងការប្រគល់ប្រាក់ទាំងនោះផង។
លោក ចេរ៉ល បញ្ជាក់ ថាលោកបានឆ្លើយតបទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ ភ្លាមៗ នៅថ្ងៃទទួលបានលិខិតនោះថា លោកនឹងប្រមូលភ័ស្តុតាងបន្ថែម និងពិគ្រោះជាមួយមេធាវីរបស់លោកក្នុងរឿងនេះ ដោយសុំពេលមួយសប្តាហ៍ ឬច្រើនជាងនេះ។
បើតាមលោក ចេរ៉ល ភ្លាមៗក្រោយអាស៊ីសេរី ទាក់ទងសុំការបំភ្លឺពីលោកចៅក្រម ងួន អ៊ីម និង កូនប្រុសលោកទាំងពីរគឺលោក តេង សាម៉ៃ និង លោក តេង បូរ៉ា និងទោះបីលោក ងួន អ៊ីម អះអាងថា នឹងរង់ចាំបំភ្លឺតាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ ក៏លោកបានទូរស័ព្ទទៅក្មួយស្រីរបស់លោក គឺលោកស្រី តេង រីណា ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយលោក ចេរ៉ល ឲ្យប្រាប់លោក ចេរ៉ល ដកពាក្យបណ្តឹងនោះចេញវិញទៅ។
ទោះជាយ៉ាងណា លោក ចេរ៉លថា លោកនឹងមិនព្រមដកបណ្តឹងនេះទេ។ ទោះជាដឹងថា អ្នកសូកប៉ាន់ និងអ្នកទទួលសំណូកទទួលទោសដូចគ្នា ក៏លោក ចេរ៉ល បញ្ជាក់ថា នៅតែបន្តដាក់បណ្តឹង ដោយឥតរាថយ ដោយសារលោកចង់បង្ហាញឲ្យឃើញអំពីអំពើពុករលួយ ដែលរីករាលដាលក្នុងស្រទាប់មន្រ្តីតុលាការកម្ពុជា៖ « ខ្ញុំយល់អំពីផលវិបាកនៃបណ្តឹងនេះ ! ខ្ញុំមិនបារម្ភរឿងនេះទេ ព្រោះខ្ញុំនៅសហរដ្ឋអាមេរិក »។
លោក ចេរ៉ល បន្ថែមថា មានជនរងគ្រោះជាច្រើនផ្សេងទៀត ដែលភាគច្រើនជាជនជាតិខ្មែរ ដែលរងគ្រោះដោយសារអំពើពុករលួយនេះ តែមិនហ៊ានដាក់ពាក្យប្តឹងបែបនេះទេ ដោយសារតែពួកគាត់ ភ័យខ្លាចពីការធ្វើបាបពីសំណាក់មន្រ្តីតុលាការ។
មន្រ្តីអង្គការសង្គមស៊ីវិល ចាប់អារម្មណ៍នឹងបណ្តឹងរបស់ជនបរទេស ដែលប្តឹងពាក់ព័ន្ធនឹងអំពើពុករលួយក្នុងជួរមន្រ្តីតុលាការទាំងនេះ។ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមនៅកម្ពុជា លោក សន ជ័យ ថាចង់ដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់ការសំណុំរឿងនេះយ៉ាងដូចម្តេច ដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ និង ដើម្បីផលប្រយោជន៍ដល់សុចរិតភាពនៃស្ថាប័នតុលាការផង ព្រោះកន្លងមកបណ្តឹងជាច្រើនរបស់សហគមន៍ ដែលប្រឆាំងនឹងការអនុវត្តច្បាប់ ដែលប្រជាពលរដ្ឋសហគមន៍ចោទថា មិនត្រឹមត្រូវនោះ ច្រើនតែត្រូវទាត់ចោល ឬ មិនចាត់ការ៖ « សម្រាប់សង្គមស៊ីវិលវិញ ក៏ដូចជាប្រជាពលរដ្ឋដែរ ខ្ញុំយល់ថា ក៏ជាការតេស្តសមត្ថភាព ឬឆន្ទៈរបស់ ACU ដែរថា តើអង្គភាពមួយនេះ នឹងចាត់វិធានការចំពោះមន្រ្តីតុលាការបានដែរឬទេ ?» ។
លោក សន ជ័យ បន្ថែមថា ករណីរសើបបែបនេះ ច្រើនតែមិនជោគជ័យទេ បើគ្មានអន្តរាគមន៍ពីថ្នាក់ដឹកកំពូលរបស់រដ្ឋាភិបាល។ ទោះយ៉ាងណា លោកថាសង្គមស៊ីវិល នឹងតាមដានរឿងនេះដោយយកចិត្តទុកដាក់៕
ខាងក្រោមនេះ គឺជាសាច់រឿងពាក់ព័ន្ធនឹងបណ្តឹងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។