តុលាការរាជធានីភ្នំពេញ ចេញដីកាកោះហៅមន្ត្រីក្រសួងព័ត៌មានម្នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត។ បណ្ដឹងនេះធ្វើឡើងដោយសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា ដែលបានប្ដឹងពួកគេ បន្ទាប់ពីបានសរសេរព័ត៌មានពីទំនាក់ទំនងស្នេហារបស់សមាជិកព្រឹទ្ធសភារូបនោះជាមួយនឹងមន្ត្រីកងយោធពលខេមរភូមិន្ទ ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
មន្ត្រីក្រសួងព័ត៌មានម្នាក់នឹងបង្ហាញខ្លួនក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី១៩ ខែតុលា ដែលមានសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា ជាដើមបណ្ដឹង និងតម្រូវឲ្យសងប្រាក់ចំនួន ៥០ម៉ឺនដុល្លារ។
អនុប្រធាននាយកដ្ឋានព័ត៌មាននៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន លោក ព្រំ សាន ថ្លែងនៅថ្ងៃទី១៦ តុលា ថា លោកនឹងចូលជំនុំជម្រះនៅតុលាការរាជធានីតាមការកោះហៅ។ លោកបញ្ជាក់ថា បណ្ដឹងនេះកើតឡើងបន្ទាប់ពីលោកបានសរសេរប៉ះពាល់អ្នកស្រី កែវ ម៉ាលី ជាសមាជិកព្រឹទ្ធសភា និងលោក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងនាយកទីចាត់ការព្រំដែននៃកងយោធពលខេមរភូមិន្ទ ចំនួន ២អត្ថបទជាប់គ្នាបង្ហោះនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក។ អត្ថបទទី១ ដែលលោកសរសេរគឺ លោកសរសេរថា "ឯកឧត្ដម សៀក សុជាតិ និងលោកជំទាវ កែវ ម៉ាលី ដ៏មហិមាធ្វើបុណ្យអង្គុយលើលោក"។ អត្ថបទទី២ សរសេរថា "នរណាថា កែវ ម៉ាលី ជាជំទាវទី៤ របស់ឯកឧត្ដម សៀក សុជាតិ?"។ អត្ថបទទាំងពីរនេះលោកបានបង្ហោះកាលពីអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៥។
លោក ព្រំ សាន បន្តថា ដើមបណ្ដឹងមានពីរនាក់ គឺអ្នកស្រី កែវ ម៉ាលី និងឈ្មោះ សៀក វិជ្ជរ៉ា ជាកូនរបស់លោក សៀក សុជាតិ៖ «ខ្ញុំនឹងចូលតាមនីតិវិធីរបស់តុលាការគេពូកែធ្វើការគេធ្វើការលឿនមែន។ ឆ្លងពីព្រះរាជអាជ្ញាទៅចូលជំនុំជម្រះ។ ខ្ញុំមិនឯកភាពនឹងបណ្ដឹងទារលុយ ៥០ម៉ឺនដុល្លារទេ ខ្ញុំមិនដឹងថា គាត់យកច្បាប់មកពីណាមកទារ។ តាមខ្ញុំដឹងច្បាប់បរិហារកេរ្តិ៍វាត្រូវ ៦០ម៉ឺនរៀល ទៅ ១០លានរៀល»។
លោក ព្រំ សាន ថ្លែងឲ្យដឹងទៀតថា ធ្លាប់មានជនទី៣ ដែលលោកសុំមិនបញ្ចេញឈ្មោះបានទូរស័ព្ទឲ្យលោកលុបចោល និងសរសេរបំភ្លឺសុំទោសឡើងវិញ។ កាលពីថ្ងៃទី២៣ ខែកញ្ញា លោកបានចូលខ្លួនបំភ្លឺតាមការសាកសួររបស់តុលាការម្ដងរួចហើយ។ លោកបានឆ្លើយការពារថា ការដែលលោកសរសេរទាក់ទងនឹងរឿងទំនាក់ទំនងរបស់អ្នកស្រី កែវ ម៉ាលី និងលោក សៀក សុជាតិ គឺតាមការស្នើសុំរបស់លោកស្រី មុំ ម៉ានុត ភរិយារបស់លោក សៀក សុជាតិ។
ជុំវិញបណ្ដឹងនេះដែរ លោកស្រី មុំ ម៉ានុត បានអះអាងថា លោកស្រីពិតជាបានស្នើឲ្យលោក ព្រំ សាន ផ្សព្វផ្សាយព័ត៌មាននេះមែន ជាការបង្ហាញឲ្យអ្នកស្រី កែវ ម៉ាលី បញ្ឈប់ទំនាក់ទំនងជាមួយស្វាមីអ្នកស្រី។ តែផ្ទុយទៅវិញលោកស្រីក៏ត្រូវអ្នកស្រី កែវ ម៉ាលី ប្ដឹងនិងទារសំណងដូចគ្នាដែរ។
លោកស្រី មុំ ម៉ានុត៖ «គាត់ប្ដឹងខ្ញុំដែរ ហើយគាត់ទារជំងឺចិត្ត ៥០ម៉ឺនដុល្លារ។ កូនរបស់ សៀក សុជាតិ ម្នាក់ទៀត ឈ្មោះ សៀក វិជ្ជរ៉ា ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងខ្ញុំទារ ៥០ម៉ឺនដុល្លារ ហើយនិងកូនរបស់ជំទាវ កែវ ម៉ាលី និងបុគ្គលិកក្រុមហ៊ុន ៣៦៦នាក់ទៀត មកប្ដឹងទារជំងឺចិត្តពីខ្ញុំ ហើយខ្ញុំអត់ដឹងថា បុគ្គលិកទាំងអស់ហ្នឹងគេមានបញ្ហាអីជាមួយខ្ញុំដែរ បានគេមកប្ដឹង ផ្ដល់វាអយុត្តិធម៌ពេក។ អ្វីដែលខ្ញុំសរសេរនៅក្នុងក្រដាសហ្នឹងដែលបង ព្រំ សាន ចុះហ្នឹង គឺសុទ្ធតែជាពាក្យពេចន៍មួយសម្រាប់ដាស់តឿនដើម្បីកុំឲ្យចាញ់បោកដូចរូបខ្ញុំ គាត់ហ្នឹងអត់ទាន់លែងលះពីប្រពន្ធដាច់សម្រេចទេ»។
លោកស្រី មុំ ម៉ានុត បានឲ្យដឹងទៀតថា គាត់បានចូលខ្លួនទាញហេតុផលផ្ទាល់មាត់នៅតុលាការម្ដងរួចមកហើយ។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបំភ្លឺពីអ្នកស្រី កែវ ម៉ាលី សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជន ជុំវិញការលើកឡើងនេះ នៅថ្ងៃទី១៦ តុលា ប៉ុន្តែអ្នកស្រីប្រាប់ថារវល់ប្រជុំ។
ទាក់ទងនឹងបណ្ដឹងដូចគ្នានេះដែរ មនុស្សពីរនាក់ទៀតក៏ត្រូវតុលាការកោះហៅឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែតុលា គឺមានលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និង ហង្ស បុរី ជាសហការីរបស់លោក ព្រំ សាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
