លោក អ៊ឹម ឈុនលឹម បន្ត​ជាប់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្រោយ​មាន​​ស្នាដៃ​បក​ស្រាយ​រំលាយ​បក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ឹម ឈុនលឹម (ជួរ​មុខ​កណ្ដាល) ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។
លោក អ៊ឹម ឈុនលឹម (ជួរ​មុខ​កណ្ដាល) ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។
Photo courtesy of CCC

ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ឹម ឈុនលឹម ឱ្យ​បន្ត​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​អាណត្តិ​ទៀត តាម​សំណើ​របស់​អង្គប្រជុំ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ មន្ត្រី​បក្ស​ប្រឆាំង​យល់ថា ការ​ស្នើ​សុំ​​ឱ្យ​លោក អ៊ឹម ឈុនលឹម បន្ត​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​អាណត្តិ​ទៀត ដោយសារ​លោក​​មាន​​ស្នាដៃ​​ជ្រោមជ្រែង​​ដល់​ដំណើរការ​បកស្រាយ និង​អនុម័ត​ច្បាប់​នានា ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង និង​ម្យ៉ាង​ដោយសារ លោក ជា​ក្បាល​ម៉ាស៊ីន​​របស់​​ថ្នាក់​ដឹកនាំ​​គណបក្ស​​កាន់អំណាច។

ការតែងតាំង​នេះ​ធ្វើឡើង​ដោយមាន​ការបោះឆ្នោត​ជា​សម្ងាត់ កាលពី​ថ្ងៃ​ទី​២១ មិថុនា ឱ្យ​លោក លោក អ៊ឹម ឈុនលឹម ធ្វើ​ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ មួយ​​អាណត្តិ​​ទៀត​ ដែល​​មាន​រយៈ​ពេល ​៣​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២។ បន្ទាប់​មក​ព្រះមហាក្សត្រ​​ក៏​បាន​​ត្រាស់បង្គាប់​តែងតាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២ មិថុនា តែ​ព្រះរាជក្រឹត្យ ទើប​នឹង​បាន​​ផ្សព្វផ្សាយ​​នៅ​​ថ្ងៃ​​ទី​២៣ មិថុនា។

ក្រៅពី​តែងតាំង លោក អ៊ឹម ឈុនលឹម ជា​ប្រធាន ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏បាន​ផ្លាស់ប្ដូរ​សមាជិក​៣​នាក់​ដែរ នៅ​ព្រឹក​ថ្ងៃ​ជាមួយគ្នា​នោះ ។ អ្នក​ទាំង​បី ដែល​បាន​ជ្រើសតាំង​ថ្មី មាន ចៅក្រម​នៃ​ក្រសួងយុត្តិធម៌ លោក ហ៊ី សោភា សមាជិក​រដ្ឋសភា​ឯក​បក្ស អ្នកស្រី លី វួចឡេង និង​តំណាង​ពី​ខាង​ព្រះមហាក្សត្រ គឺ លោក កែវ ពុទ្ធរស្មី។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ងឹម ញ៉េង យល់ថា ការ​ស្នើ​សុំ​បន្ត​ឱ្យ​លោក អ៊ឹម ឈុនលឹម ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដោយសារ​ក្បាលម៉ាស៊ីន​បក្ស​កាន់អំណាច​រូប​នេះ មាន​ស្នាដៃ​ធំ ក្នុង​ការ​ជ្រោមជ្រែង​ដំណើរការ​បក​ស្រាយ​​ច្បាប់ និង​អនុម័ត​ច្បាប់​នានា ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ថា ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្នុង​អាណត្តិ​របស់ លោក អ៊ឹម ឈុនលឹម ជា​ប្រធាន​អាណត្តិ​ទី​៧ ពី​ឆ្នាំ​២០១៦ ដល់​២០១៩ បាន​បកស្រាយ​ច្បាប់​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ជាច្រើន ដូចជា ច្បាប់​ស្ដីពី​អង្គការ សមាគម ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ជាដើម៖ «ជន​ផ្ដាច់​ការតែងតាំង​បុគ្គល​ណា ដែល​ជួយ​ធ្វើ​ម្ដេច ការពារ​អំណាច​ជន​ផ្ដាច់ការ​បាន​។ ប៉ុន្តែ រឿង​សំខាន់ គឺ​ការ​Approve (​សម្រួល​) ឱ្យ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ វា​អត់​មាន​ធម្មនុញ្ញភាព អ​ធម្មនុញ្ញ​។ ដូច្នេះ រឿង​ដែល​ថា ការតែងតាំង​គាត់ ដោយសារ​មានគុណ​សម្បត្តិ​ជួយ​បកស្រាយ​ច្បាប់ ដើម្បី​ការពារ​អំណាច​ជន​ផ្ដាច់ការ អាហ្នឹង​វា​ជាហេតុ​ផល​មួយ ដែល​ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ជន​ផ្ដាច់ការ​គឺ​លោក ហ៊ុន សែន ហ្នឹងហើយ»

រដ្ឋធម្មនុញ្ញ ជំពូក​ទី​១២ ចែង​អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ជា​ស្ថាប័ន​កំពូល មាន​សមត្ថ​កិច្ចធានា​ការពារ ការ​គោរព​រដ្ឋធម្មនុញ្ញ និង​ជា​ស្ថាប័ន​ស្របច្បាប់​តែមួយគត់ ដែល​មាន​សិទ្ធិ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់។ ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​មាន​សិទ្ធិ​ពិនិត្យ និង​សម្រេច អំពី​វិវាទ​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ ចំណែក​សមាសភាព​វិញ ស្ថាប័ន​នេះ មាន​ប្រធាន​មួយ សមាជិក​៨​នាក់ សរុប ៩​នាក់​។ ៣​នាក់ តែងតាំង​ដោយ​ព្រះមហាក្សត្រ ៣​នាក់​ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣​នាក់​ទៀត តែងតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម​។ ស្ថាប័ន​នេះ ផ្លាស់ប្ដូរ​គ្នា​ធ្វើ​ប្រធាន​ផ្លាស់​វេន តាមរយៈ​ការបោះឆ្នោត​សមាជិក។

អាស៊ីសេរី គ្មាន​ប្រភព សុំ​ការ​បញ្ជាក់​ពី លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ បានទេ នៅ​ថ្ងៃទី​២៣ មិថុនា​។ ក៏ប៉ុន្តែ​លោក អ៊ឹម ឈុនលឹម បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ​ក្នុង​ពិធី​ឡើង​កាន់​តំណែង​បន្ត​នោះ​ថា លោក​ប្ដេជ្ញា គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​នានា ហើយ​ខិតខំ​បំពេញ​តួនាទី របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ការពារ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ការពារ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា​នីតិរដ្ឋ និង​អភិវឌ្ឍន៍។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច ដូច្នេះ​ការ​បកស្រាយ​ច្បាប់ ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ លោក​ថា ស្ថាប័ន​នេះ មិន​អាច​ឯករាជ្យ​បានទេ បើ​ទោះ​សមាជិក ១​ភាគ​៣ អាច​ជា​សមាជិក​ឯករាជ្យ ដែល​ជា​តំណាង​របស់​ព្រះមហាក្សត្រ​ក៏ដោយ ព្រោះ​សមាជិក និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជា​សមាជិក​បក្ស​កាន់អំណាច៖ «ស្ថាប័ន​នោះ យើង​មិន​អាច​និយាយ​​ថា ជា​ស្ថាប័ន​ឯករាជ្យ​ទេ ព្រោះ​ស្ថាប័ន​នេះ ជា​ស្ថាប័ន​មួយ ដែល​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ គឺ​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​ច្រើន ព្រោះ​៣​រូប ចេញពី​ព្រះមហាក្សត្រ ហើយ​៣​រូប​ចេញពី​សភា ហើយ​នឹង​យើង​មើល​តាម​នីតិវិធី បាន​ន័យ​​ថា ព្រះមហាក្សត្រ​បានតែ​៣​រូប ហើយ​គណបក្ស​កាន់អំណាច ៦​រូប ជា​ប្រធាន​ប្ដូរ​វេន»

ចំណែក អ្នកឃ្លាំមើល​សង្គម​វិញ គឺ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ទំនាក់ទំនង​ការងារ ជាមួយ​អំណាច​នីតិប្បញ្ញត្តិ ប៉ុន្តែ​ដោយសារ​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​ឯកបក្ស ម្ល៉ោះហើយ ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំងមូល មិន​អាច​មាន​ភាព​ឯករាជ្យ​បាន​ឡើយ​។ លោក សន ជ័យ អះអាង​ថា លុះ​ត្រា​មានតែ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ទើប​មាន​សង្ឃឹមថា ស្ថាប័នរដ្ឋ​ធម្មនុញ្ញ អាច​មាន​ភាព​ឯករាជ្យ និង​ប្រសិទ្ធភាព​ការងារ​ល្អ​ប្រសើរ​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ccp outlaw

Oh yeah absolutely 1,000& is trued bro...everybody knew it for nearly half century year ago"all are criminal minds=one-man-rule=HS=evil".

Jun 24, 2019 02:23 PM

គេហទំព័រ​ទាំងមូល