សហជីព​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ស៊ើបអង្កេត​ករណី​កម្មករ​រោងចក្រ​​ដួល​សន្លប់​ជាង​៨០នាក់

ដោយ យន់ សាមៀន
2019-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

ក្រុម​សហជីព​ជំរុញ​ឱ្យ​ក្រសួង​ការងារ​បើក​ការស៊ើបអង្កេត​ករណី​កម្មករ​កម្មការិនី​ដែល​ដួល​សន្លប់​កន្លងមក​ហើយ ចុងក្រោយ​គឺ​ករណី​កម្មករ​ដួល​សន្លប់​ជាង ៨០នាក់ នៅ​រោងចក្រ​ឥណ្ឌូចិន​ អឹភែរឹល ខេមបូឌា អិលធីឌី (INDOCHINE APPAREL)ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ ឱ្យ​ច្បាស់លាស់​និង​មាន​វិធានការ​លើ​រោង​ចក្រ​ដែល​បណ្ដាល​កម្មករ​ដួល​សន្លប់​បែបនេះ។

ក្រុម​សហជីព​អះអាង​ថា​ មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​ បណ្ដាល​មក​ពី​ការ​ធ្វេស​ ប្រហែស​របស់​ថៅកែ​រោងចក្រ​ ដូច្នេះ​ក្រសួង​ការងារ​ដែល​មានសមត្ថកិច្ច​ ពិនិត្យ​លើ​រឿង​នេះ​ ត្រូវ​ចុះ​សិក្សា​និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​រោងចក្រ​ និង​សហគ្រាស​នី​មួយ​ៗ ឱ្យ​បាន​ម៉ត់ចត់។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​ គ..ប​ លោក រ៉ុង ឈុន លើកឡើង​ថា បញ្ហា​ដួល​សន្លប់​កម្មករ​នេះ​គឺជា​រឿង​ដដែល​ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​ បរិស្ថាន​រោងចក្រ​មិនល្អ​និង​ សុខ​ភាព​កម្មករ​ទន់ខ្សោយ​។ លោក​ទាមទារ​ឱ្យ​ក្រសួង​ការងារ​អនុវត្ត​វិធានការ​ម៉ឹង​ម៉ាត់​លើ​ថៅកែ​រោងចក្រ​ដែល​មិនបាន​ រៀបចំ​បរិស្ថាន​រោងចក្រ​ឱ្យ​មាន​សុវត្ថិភាព«គួរតែ​ដាក់​វិធានការ​ធ្ងន់​ចំពោះ​រោងចក្រ​ណា​មិន​ធ្វើ​ទៅតាម​បទដ្ឋាន​ដែល​យើង​ពិនិត្យ​ឃើញ​ថា​ អត់មាន​បរិស្ថាន​ខ្យល់​អាកាស​គ្រប់គ្រាន់​គួរតែ​ឱ្យ​វាយចោល​ហើយ​ធ្វើ​ឡើងវិញ»

សំណើ​របស់​លោក រ៉ុង ឈុន បែបនេះ​ ក្រោយពី​កម្មករ​រោងចក្រ​មួយ​ឈ្មោះ​ ឥណ្ឌូចិន អឹភែរឹល ខេមបូឌា នៅ​ស្រុក​ខ្សាច់​កណ្ដាល​បាន​ដួល​សន្លប់​ជាង ៨០នាក់​ កាលពី​ថ្ងៃទី២២​ ខែ​មីនា។ ស្នងការ​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន​ ឱ្យ​អាស៊ីសេរី​ដឹង​ថា​ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មានការ​ដួល​សន្លប់​នេះ​អាច​បណ្ដាល​មក​ពី​បរិយាកាស​ ក្នុង​រោងចក្រ​៖ «ហ្នឹងហើយ​គេ​ផ្សា​គេ​ធ្វើ​សំណ​ទុយោ​ដល់ពេល​យើង​ជួសជុល​ក្បែរ​ហ្នឹង​ទៅ​ក៏​ធំ​ក្លិន​តែ​ប៉ុណ្ណឹង​ឯង»

រោងចក្រ​ឥណ្ឌូចិន​ អឹភែ​រឹល​ នេះ​មានកម្មករ​សរុប​ជាង​បី​ពាន់​នាក់ (.២០០) លោក អ៊ាវ ចំរើ​ ឱ្យ​ដឹង​ថា​ មក​ទល់​ថ្ងៃទី២៣ មីនា កម្មករ​ដែល​បាន​ដួល​សន្លប់​ទាំងនោះ​ បាន​ធូរស្រាល​និង​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ។

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ខាង​រោងចក្រ​ឥណ្ឌូចិន​ អឹភែរឹល បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៣​ ខែ​មីនា​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។ អាស៊ី​សេរី​ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ ពី​អ្នកនាំពាក្យ​ ក្រសួង​ការ​ ងារ​លោក​ ហេង សួរ បាន​ដែរ។ ចំណែក​ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លោក ខេន លូ និង​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) លោក កាំង មូនីកា​ ក៏​មិន​អាច​សុំ​ប្រតិកម្ម​តប​ចំពោះ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃទី២៣​ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​គ្មាន​អ្នកទទួល​ដូចគ្នា​។ ប៉ុន្តែ​ លោក​ ខេន​ លូ​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ការ​ដួល​សន្លប់​កម្មករ​មិន​បណ្ដាល​ឱ្យ​អ្នកបញ្ជា​ទិញ​សំលៀកបំពាក់​ និង​ស្បែង​ជើង​ រត់ចេញ​ពី​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​កូដកម្ម​ និង​បាតុកម្ម​ទៅវិញ​ទើប​បណ្ដាល​ឱ្យ​អ្នកបញ្ជា​ទិញ​ រត់​ពី​កម្ពុជា​។ លោក​ថា​ អ្នកបញ្ជា​ទិញ​ទាំងនោះ​ កំពុង​ចាត់វិធានការ​ដើម្បី​ជៀសវាង​កុំ​ឱ្យ​មានការ​ ដួល​សន្លប់​ជា​បន្ត​ទៅទៀត​។ ក្រសួង​ការងារ​ក៏​ធ្លាប់​ចាត់វិធានការ​ទប់ស្កាត់​ការ​ដួល​សន្លប់​ទ្រង់ទ្រាយ​ធំ​នេះ​ដែរ​។ លោក អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ធ្លាប់​ចេញ​សេចក្ដី​ជូន​ដំណឹង​ព្រមាន​រោង​ថៅកែ​រោងចក្រ​នានា​ ឱ្យ​រៀបចំ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ឱ្យ​បាន​ត្រឹមត្រូវ​ ទុកដាក់​សម្ភារៈ​ និង​វត្ថុ​ធាតុ​ដើម​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​ ជាពិសេស​ត្រូវ​ដាក់​ឱ្យ​មាន​ឧបករណ៍​ស្តង់​កម្ដៅ​នៅ​កន្លែង​ធ្វើ​ការ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាមដាន​ ការវិវត្តន៍​នៃ​កម្ដៅ​នៅ​ក្នុង​រោងចក្រ​ជាដើម​។ ប៉ុន្តែ​ការ​ណែនាំ​ហាក់​គ្មាន​ប្រសិទ្ធភាព​។

សហជីព​ឯករាជ្យ​ផ្សេងទៀត​ក៏​យល់ស្រប​នឹង​លោក រ៉ុង ឈុន ដែ​រថា​ ភាគី​រោងចក្រ​មានការ​ធ្វេសប្រហែស​ច្រើន​ក្នុង​ករណី​ទប់ស្កាត់​មិន​ឱ្យ​មានការ​ដួល​សន្លប់។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ លោក​ ប៉ាវ ស៊ីណា យល់ថា​ ករណី​កម្មករ​ដួល​សន្លប់​នៅ​រោងចក្រ​ជា​ការ​មិន​គោរព​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ស្ដីពី​ការ​យកចិត្ត​ទុកដាក់​ ទៅលើ​ការរៀបចំ​ប្រព័ន្ធ​ទឹក និង​ការកាត់បន្ថយ​កម្ដៅ​នៅ​តាម​រោងចក្រ​នា​រដូវ​ក្ដៅ​នេះ​។ លោក​ស្នើ​ទៅ​ក្រសួង​ការងារ​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​មិនមែន​ត្រឹម​ចេញ​ តែ​បទបញ្ជា​លើ​ក្រដាស​នោះ​ទេ៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​មន្ត្រី​អធិការកិច្ច​ឬក៏​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ត្រូវ​ចុះទៅ​ពិនិត្យ​រោងចក្រ​សហគ្រាស​ទាំងអស់​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​បញ្ហា​ដួល​សន្លប់​នេះ»

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៧ថា មាន​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ចំនួន​ជាង​មួយ​ពាន់​នាក់​ (.១៦០)។ ប៉ុន្តែ​របាយការណ៍​នៃ​ការ​ដួល​សន្លប់​កម្មករ​នៅ​ឆ្នាំ២០១៨​ មិនទាន់​ត្រូវ​បាន​ក្រសួង​ការងារ​ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បង្ហាញ​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។ កម្មករ​សន្លប់​ក៏​កើតមានឡើង​នៅ​រោងចក្រ​ផលិត​ឱ្យ​ម៉ាក​ល្បី​ៗដូច​ជា​ (Nike​, Puma​, H&​;M) ជាដើម​។ អ្នកស្រាវជ្រាវ​មិនទាន់​អាច​សន្និដ្ឋាន​ពី​ហេតុផល​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យ​កម្មករ​ដួល​សន្លប់​បាន​នៅឡើយ​ទេ។

អ្នក​សិក្សា​ខ្លះ​ថា​ ការ​ដួល​សន្លប់​មក​ពី​បរិយាកាស​ក្នុង​រោងចក្រ​ក្ដៅ​ខ្លាំង​ ការ​ពុល​ជាតិគីមី​ ការ​ធ្វើ​ការងារ​ហួសកម្លាំង​ និង​ថែម​ម៉ោង​ហួសហេតុ​ និង​ជំនឿ​ខ្មោច​ បិសាច​ ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល