ប្រធាន​សាលាឧទ្ធរណ៍​លោក យូ ប៊ុនឡេង អាច​បន្ត​ធ្វើ​ការ​លើស​អាយុ​ចូល​និវត្តន៍

ដោយ មួង ណារ៉េត
2018-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សាលាឧទ្ធរណ៍ និង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក យូ ប៊ុនឡេង (ឆ្វេង)។
ប្រធាន​សាលាឧទ្ធរណ៍ និង​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក យូ ប៊ុនឡេង (ឆ្វេង)។
Photo courtesy of ECCC

ព្រះមហាក្សត្រ ព្រះបាទ​នរោត្ដម សីហមុនី បាន​អនុញ្ញាត​ឲ្យ​ប្រធាន​សាលាឧទ្ធរណ៍ លោក​ចៅក្រម យូ ប៊ុនឡេង មាន​សិទ្ធិ​នៅ​បន្ត​ការងារ​របស់​លោក​បាន​មួយ​ឆ្នាំ​បន្ថែម​ទៀត ទោះបីជា​លោក​ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​តាម​ច្បាប់​កំណត់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ក៏ដោយ។

លោក យូ ប៊ុនឡេង ក្លាយ​ជា​ចៅក្រម​មួយ​រូប​នៅ​សាលាឧទ្ធរណ៍ តាំង​ពី​ឆ្នាំ​១៩៩៣។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៧ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍។ លោក​បន្ត​កាន់​តួនាទី​នេះ​រហូត​ដល់​បច្ចុប្បន្ន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​មាន​តួនាទី​មួយ​ទៀត ជា​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ដាច់​ណាត់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ដោយ​អះអាង​ថា ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ នឹង​គ្មាន​អនុញ្ញាត​ឲ្យ​ពន្យារ​អាយុ​ចូលនិវត្តន៍​ជូន​ដល់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត​​ទៅ​ទៀត​ជា​ដាច់​ខាត ដោយ​គ្រប់​ក្របខ័ណ្ឌ​មន្ត្រី​ទាំង​អស់​ត្រូវ​ចូលនិវត្តន៍​ក្នុង​អាយុ ៦០​ឆ្នាំ។ ប៉ុន្តែ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​បាន​បង្ហើប​អំពី​ផល​ចំណេញ​ផ្នែក​ថវិកា​នៅ​ពេល​ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​ឲ្យ​ដល់ ៦៥​ឆ្នាំ ហើយ​បញ្ហា​ពន្យារ​អាយុ​ចូល​និវត្តន៍​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ពិចារណា​នៅ​ឆ្នាំ​២០១៩។

​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា បើ​មន្ត្រី​រាជការ​ដែល​ដល់​អាយុ​ចូលនិវត្តន៍​នៅ​តែ​អាច​ស្នើ​សុំ​​ពន្យារ​អាយុ​នេះ​បាន​បែប​នេះ នោះ​នឹង​ប៉ះពាល់​ដល់​ឱកាស​សម្រាប់​បណ្ដុះ​ធនធាន​យុវជន​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល