តុលាការ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2017.05.04
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង នៅ​បន្ត​បើក​ការ​ស៊ើប​អង្កេត និង​សាកសួរ​ទៅ​លើ​ជន​សង្ស័យ​មួយ​ចំនួន​ទៀត ដែល​តុលាការ​បាន​បំបែក​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា គេ​ហាក់​មាន​ជំនឿ​តិចតួច​អំពី​យុត្តិធម៌​ទៅ​លើ​ចំណាត់ការ​របស់​តុលាការ ក្នុង​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​មួយ​នេះ។

មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត នៅ​ក្នុង​សំណុំ​រឿង​ដែល​បាន​បំបែក​រួច​ហើយ​នេះ ដោយ​សំអាង​ហេតុ​ថា ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​បន្ត​នីតិវិធី តុលាការ​មិន​អាច​ផ្ដល់​ពី​របៀប​ជាក់លាក់​ទៅ​លើ​ការ​សាកសួរ​ជន​សង្ស័យ និង​ការ​បិទ​បញ្ចប់​សំណុំ​រឿង​នោះ​បាន​ឡើយ។

ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា រឿង​ក្ដី​ដែល​តុលាការ​បាន​បំបែក​នេះ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ លោក សេង លាង នៅ​ឡើយ។ មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​រូប​នេះ ក៏​បាន​បដិសេធ​ដែរ​អំពី​តម្រុយ​ថ្មី​ណា​មួយ ដែល​តុលាការ​កំណត់​មុខ​សញ្ញា​ដើម្បី​ឈាន​ទៅ​សាកសួរ ក្នុង​សំណុំ​រឿង​ដែល​បាន​បំបែក​រួច​ហើយ​នេះ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អស់​មួយ​ជីវិត។ ក្នុង​ថ្ងៃ​ដែល​តុលាការ​ចេញ​សាលក្រម​នេះ​ដែរ អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា នៅ​ក្នុង​រឿង​ក្ដី​នៃ​បទឧក្រិដ្ឋ​នេះ តុលាការ​បាន​បំបែក​ទៅ​ជា​មួយ​សំណុំ​រឿង​ទៀត ប្រយោជន៍​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ នេះ។

អឿត អាង ហៅ ជួប សម្លាប់ បាន​ជម្រាប​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​ថា អ្នក​ដែល​ណែនាំ​ឲ្យ​ស្គាល់​លោក​បណ្ឌិត កែម ឡី ដើម្បី​ខ្ចី​លុយ ៣​ពាន់​ដុល្លារ​នោះ គឺ​តាម​រយៈ​ឈ្មោះ លីស។ ដោយឡែក​មនុស្ស​ម្នាក់​ទៀត​ដែល​ជា​ម្ចាស់​កាំភ្លើង ដែល​ខ្លួន​ទិញ​ដើម្បី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ឈ្មោះ ចក់។

ទាក់ទិន​រឿង​នេះ មេធាវី​ដែល​គណៈមេធាវី​តម្រូវ​ឲ្យ​ការពារ​ក្ដី​ឈ្មោះ ជួប សម្លាប់ គឺ​លោក យុង ផានិត ស្វាគមន៍​ចំពោះ​ការ​ញែក​សំណុំ​រឿង​នេះ​ឲ្យ​ទៅ​ជា​ពីរ​ករណី។ ប៉ុន្តែ​ចំណុច​សំខាន់​មេធាវី​រូប​នេះ​ចាត់​ទុក​ថា ក្រោយ​ពី​រឿង​ក្ដី​នេះ​បាន​បំបែក​ហើយ​នោះ តើ​តុលាការ​នឹង​បន្ត​នីតិវិធី​ទៀត ឬ​ទុក​រឿង​ក្ដី​នេះ​ចោល? បើ​ទោះ​ជា​បែប​ណា លោក យុង ផានិត យល់​ឃើញ​ថា ការ​បោះបង់ ឬ​បន្ត​ចំណាត់ការ​លើ​រឿង​ក្ដី​នេះ​ទៀត នោះ​វា​ជា​ភារៈ​របស់​តុលាការ។ លោក​បន្ត​ថា «ចំពោះ​ការ​យល់​ឃើញរបស់​ខ្ញុំ ការ​បំបែក​ហ្នឹង​ជា​ការ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​នីតិវិធី​របស់​តុលាការ​គាត់​បំបែក ហើយ​គាត់​ស៊ើប​អង្កេត​បន្ត ឬ​ក៏​គាត់​ទុក​សំណុំ​រឿង​ហ្នឹង​មិន​អង្កេត​បន្ត នេះ​ជា​សមត្ថកិច្ច​របស់​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ»

នៅ​ពេល​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ មេធាវី​ការពារ​ក្ដី​ឲ្យ​ទណ្ឌិត​ឈ្មោះ ជួប សម្លាប់ គឺ​លោក យុង ផានិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​ដែល​សម្រេច​ផ្ដន្ទាទោស​កូន​ក្ដី​របស់​ខ្លួន​អស់​មួយ​ជីវិត។

ទាក់ទិន​បញ្ហា​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា យុត្តិធម៌​ដែល​អាច​ផ្ដល់​តាម​រយៈ​នីតិវិធី​ដែល​តុលាការ​បាន​បំបែក​ថ្មី​ទៀត​នេះ ប្រហែល​រំពឹង​បាន​តិចតួច។ លោក​បន្ត​ថា មាន​រឿង​ក្ដី​ជាច្រើន​ណាស់​មក​ហើយ​ដែល​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​អាច​ទទួល​បាន​យុត្តិធម៌​ពី​ការ​ជំនុំ​ជម្រះ​នៅ​ឡើយ។ លោក​បន្ត​ថា «បើ​យើង​មើល​ទៅ​ប្រវត្តិ​រឿង​មុនៗ​ដូច​រឿង ជា វិជ្ជា អី​ជាង ១០​ឆ្នាំ រឿង ឃី វុទ្ធី និង​រឿង រស់ សុវណ្ណរ៉េត សុទ្ធតែ​យូរៗ​ឆ្នាំ។ វា​មាន​រឿង​ផ្សេងៗ​ទៀត យូរ​ឆ្នាំ​ដែរ មិន​មានការ​ស៊ើប​អង្កេតការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ​ក៏​ស្ថិត​ក្នុងភាព​អាថ៌កំបាំងនៅ​ឡើយ​ដែរ»

នៅ​ពេល​តុលាការ​សំអាង​ហេតុ​ថា ការ​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បាន​ដោយ​ខ្លាច​ប៉ះពាល់​ដល់​កិច្ចការ​សម្ងាត់ នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ ភ្លាមៗ​បន្ទាប់​ពី​តុលាការ​សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦០​ស្ថាប័ន ទាមទារ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។