លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានអ្នកកាសែតអូស្ត្រាលី ABC ប្រមាញ់ថតរូបបានប្រទះឃើញលោកបានសូកប៉ាន់អ្នកសារព័ត៌មានក្នុងស្រុក ចំនួន ២០០ដុល្លារនៅក្នុងមណ្ឌលបោះឆ្នោតក្រោយពេលដែលលោកបានចេញពីបោះឆ្នោតរួច។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបដិសេធថាករណីនេះមិនមែនជារឿងប្រព្រឹត្តិអំពើពុករលួយនោះទេ។
ខណៈដែលរបបលោក ហ៊ុន សែន កំពុងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសដែលត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវបានអ្នកកាសែតជនជាតិអូស្ត្រាលី ប្រទះឃើញថា បានសូកលុយអ្នកកាសែត ដោយផ្តល់ប្រាក់ជាក្រដាសប្រាក់ ១០០ដុល្លារអាមេរិកចំនួនពីរសន្លឹកទៅឲ្យក្រុមអ្នកកាសែតក្នុងស្រុក។ អំពើសូកប៉ាន់អ្នកកាសែតបស់លោក ខៀវ កាញារិទ្ធិ នេះ ធ្វើឡើងនៅក្នុងមណ្ឌលបោះឆ្នោតតែម្តងក្រោយពេលលោកចេញពីបោះឆ្នោតរួចដើរសំដៅតៅទៅរថយន្តរបស់លោកវិញ។
សារព័ត៌មានអូស្ត្រាលី ABC រាយការណ៍នៅថ្ងៃទី២៩ កក្កដា នេះថា លោក ខៀវ កាញារីទ្ធ បានទៅបោះឆ្នោតនៅមណ្ឌលសាលាទួលគោក ក្នុងរាជធានីភ្នំពេញ។ កាសែតបន្តថា នៅប្រមាណ១៥ នាទីក្រោយមក លោកបានដើរសំដៅទៅកាន់រថយន្តរបស់លោក ហើយអ្នករាយការណ៍ព័ត៌មានអូស្ត្រាលី ABC បានឃើញលោកប្រគល់ក្រដាសប្រាក់ ១០០ដុល្លារ ចំនួន ២សន្លឹក ឲ្យទៅអ្នកសារព័ត៌មានជនជាតិខ្មែរ។ សារព័ត៌មានអូស្ត្រាលីដដែលនេះ ទទួលបានការបញ្ជាក់ថា ក្រុមអ្នករាយការណ៍ព័ត៌មាន និងអ្នកថតវីដេអូក្នុងស្រុក ទទួលបានប្រាក់ក្នុងម្នាក់ ២០ដុល្លារអាមេរិក។
សារព័ត៌មានអូស្ត្រាលីដដែលសរសេរថា ដោយចៃដន្យ អ្នករាយការណ៍ព័ត៌មានរបស់ខ្លួន ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់ដែលជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ គឺលោក ឱម យ៉ិនទៀង។ លោក ឱម យ៉ិនទៀង ត្រូវបានសារព័ត៌មានអូស្ត្រាលី ស្រង់សម្តីថា លោកបានបដិសេធថា ទង្វើសូកលុយឲ្យអ្នកកាសែតរបស់លោក ខៀវ កាញារិទ្ធិ នេះ មិនមែនជាអំពើពុករលួយឬសូកប៉ាន់នោះទេ៖ « តាមច្បាប់របស់យើង ខ្ញុំគិតថា មិនមែន [ ជារឿងសូកប៉ាន់ ] អីទេ។ គ្មានអ្វីដែលត្រូវសួរពីរឿងនេះទេ»។
អាស៊ីសេរី មិនអាចទាក់ទងលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិ ដើម្បីឲ្យលោកអត្ថាធិប្បាយលើបញ្ហានេះបានទេដោយលោកមិនលើកទូរស័ព្ទ។
លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថាអានសា (ANSA) យល់ឃើញថាការផ្តល់ប្រាក់ជាអំណោយនៅក្នុងរដូវកាលបោះឆ្នោតនេះអាចនឹងត្រូវគេមើលឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងឥទ្ធិពលនៃការបោះឆ្នោត។ លោកថា ប្រសិនបើនេះ គ្រាន់តែជាការផ្តល់អំណោយ ហើយមិនមានភ្ជាប់លក្ខខណ្ឌអ្វីមួយនោះទេ នោះគ្រាន់តែជាប្រភេទនៃអំណោយ ដែលមិនធ្វើឲ្យមានឥទ្ធិពលអ្វីនោះទេ។
សំឡេងលោក សន ជ័យ៖ « ខ្ញុំមើលជារួម ការឲ្យអំណោយពេលបោះឆ្នោតនេះ វាជាការឲ្យមួយដែលមិនសាកសម ហើយវាមិនមែនជាពេលវេលាមួយត្រឹមត្រូវនោះទេ សម្រាប់ការផ្តល់ជូនដល់អ្នកសារព័ត៌មាន ប៉ុន្មានទេ ហើយយើងមិនលើកទឹកចិត្តឲ្យមានការធ្វើបែបនេះទេ ។ បើសិនជាគាត់ឈរឈ្មោះជាតំណាងរាស្ត្រនៅមណ្ឌលនោះ អាហ្នឹង អាចនឹងត្រូវគេចោទសួរពីរឿងហ្នឹង។ ប៉ុន្តែ បើសិនជារឿងហ្នឹង មិនបានកើតឡើងក្នុងមណ្ឌលដែលគាត់ឈរឈ្មោះនោះទេ ខ្ញុំគិតថា វាជារឿងមួយ ដែលត្រូវពិនិត្យមើលឲ្យបានស៊ីជម្រៅបន្តិច ទើបយើងអាចយកករណីនោះសម្រាប់ការដេញដោលទៅលើឥទ្ធិពលនៃអំណោយនៅក្នុងថ្ងៃបោះឆ្នោត ។ »
រាល់លើក ឲ្យតែរឿងពាក់ព័ន្ធនឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្ថាប័នប្រឆាំងនឹងអំពើពុករលួយរបស់លោក ឱម យឹនទៀង តែមិនសូវសកម្មចេញមុខមកបើកការស៊ើបអង្កេត ឬចាត់ការនោះឡើយ តែថែមទាំងចេញមុខការពារទៀតផង។ តួយ៉ាង ដូចករណីរឿងអាស្រូវរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយករដ្ឋានពន្ធដារ ដែលត្រូវបានសារព័ត៌មាន Aja Zeera លាតត្រដាងកាលពីពេលថ្មីៗ នេះថា មានតម្កល់ប្រាក់រាប់លានដុល្លារនៅអូស្ត្រាលី ព្រមទាំងធ្វើជាម្ចាស់ភាគហ៊ុន ដោយបានផ្តល់ព័ត៌មានភូតកុហក់ដល់រដ្ឋាភិបាលអូស្ត្រាលីទៀតផង ខណៈខាងស្ថាប័នប្រឆាំងអំពើពុករលួយរបស់លោក ឱម យឹនទៀង នេះ មិនបានចេញមុខមកបើកការស៊ើបអង្កេតណាមួយនោះឡើយ។ ផ្ទុយទៅវិញ ចំពោះករណីអតីតមេឃុំមកពីគណបក្សសង្គ្រោះជាតិ លោក ស៊ាង ចែត្រ ឬករណីមន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ៥រូប វិញ ស្ថាប័ននេះបានចាត់ការយ៉ាងឆាប់រហ័សប្រឆាំងនឹងពួកគេរហូតដល់ចាប់ដាក់ពន្ធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។