មេធាវីការពារក្ដីឱ្យសកម្មជនដីធ្លីលោកស្រី ឡុច ទូច ស្នើទៅក្រសួងយុត្តិធម៌ឱ្យបញ្ជាក់ពីភាពខ្វះចន្លោះនៃសាលដីកាតុលាការកំពូលស្ដីពីការឃុំខ្លួនកូនក្តីរបស់ខ្លួន។ សង្គមស៊ីវិលយល់ថា ករណីទំនាស់ដីធ្លីមិនគួរមានការឃុំខ្លួនឡើយ ហើយតុលាការគួរអនុញ្ញាតឱ្យលោកស្រី ឡុច ទូច ទទួលបានសេរីភាពឡើងវិញព្រោះស្ត្រីរូបនេះមានវ័យចំណាស់ និងមានជំងឺជាប់ខ្លួន។ លោកស្រី ឡុច ទូច បានជាប់ឃុំក្នុងពន្ធនាគារជិត ១ឆ្នាំហើយ។
មេធាវីការពារឱ្យសកម្មជនធ្លីខេត្តព្រះសីហនុ និងមន្ត្រីសិទ្ធិមនុស្សយល់ថា ជារឿងអយុត្តិធម៌ចំពោះលោកស្រី ឡុច ទូច ដែលជាប់ពន្ធនាគារអស់រយៈពេល ១០ខែតាមអំណាចសាលដីកាតុលាការកំពូលរួចហើយ ប៉ុន្តែសកម្មជនដីធ្លីរូបនេះនៅស្ថិតក្នុងពន្ធនាគារដដែល។
មេធាវីការពារក្តីឱ្យលោកស្រី ឡុច ទូច គឺលោកមេធាវី ពុធ ធាវី ឱ្យអាស៊ីសេរីដឹងថា លោកបានដាក់លិខិតទៅក្រសួងយុត្តិធម៌ស្នើឱ្យពន្យល់ពីភាពខ្វះចន្លោះនៃសាលដីកាតុលាការកំពូលស្ដីពីការឃុំខ្លួនកូនក្តីរបស់លោកកាលពីសប្ដាហ៍មុន ហើយកាលពីរសៀល ថ្ងៃទី១១ ខែមីនា លោកបានទៅជួបមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយមន្ត្រីរូបនេះ ប្រាប់ថាឱ្យរង់ចាំតែចំណារពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីចាត់ចែងបន្តទៅក្រុមមន្ត្រីជំនាញផ្នែកអយ្យការ៖ «ខ្ញុំបានទៅជួបមន្ត្រីហើយលិខិតហ្នឹងរដ្ឋបាលបញ្ជូនដល់ខុទ្ទកាល័យរដ្ឋមន្ត្រីហើយ»។
កាលពីឆ្នាំ២០១៤ សាលដីកាតុលាការកំពូលបានផ្ដន្ទាទោសលោកស្រី ឡុច ទូច ឱ្យជាប់ពន្ធនាគារ១០ខែក្រោយលោកស្រីបានចាញ់ក្តីមន្ត្រីជាន់ខ្ពស់នៃក្រុងភ្នំពេញម្នាក់ ប៉ុន្តែសមត្ថកិច្ច មិនចាប់ខ្លួនលោកស្រីមកអនុវត្តទោសតាមអំណាចសាលដីកាតុលាការកំពូលនេះទេ។ ប៉ុន្តែលុះដល់កាលពីថ្ងៃទី៨ ខែសភា ឆ្នាំ២០១៨ កន្លងទៅសមត្ថកិច្ចបានចាប់ខ្លួនលោកស្រីក្នុងសំណុំរឿងដាច់ដោយឡែកមួយផ្សេងទៀតដែលមានដើមបណ្តឹង ឈ្មោះ តាន់ តាត់ មានងារជាឧកញ៉ានិងឈ្មួញរកស៊ីដីធ្លីម្នាក់ទៀតឈ្មោះ ឡុញ វណ្ណៈ។ សំណុំរឿងនេះលោកស្រីត្រូវតុលាការខេត្តព្រះសីហនុញត្តិបន្ទោសឱ្យជាប់ពន្ធនារយៈពេល៧ខែ។ ក្រោយអនុវត្តទោសនេះ នៅពន្ធនាគារអស់ ៧ខែ តាមការកំណត់កាលពីចុងឆ្នាំ២០១៨ ប៉ុន្តែតុលាការមិនបានដោះលែងលោកស្រី ទេ ដោយលើកឡើងថា លោកស្រីត្រូវជាប់ទោសក្នុងសំណុំរឿងមួយទៀតកាលពីឆ្នាំ២០១៤ តាមអំណាចសាលដីកាតុលាការកំពូលដែលបានផ្ដន្ទាទោសលោកស្រីឱ្យជាប់ពន្ធនាគារ១០ខែ។
លោកមេធាវី ពុធ ធាវី យល់ថា បើផ្អែកលើគោលការណ៍ស្រូបទោសទោះពេលការចាប់ខ្លួន នោះក្នុងសំណុំរឿងផ្សេងគ្នាក៏ដោយគឺត្រូវរាប់ពីថ្ងៃសមត្ថកិច្ចចាប់ខ្លួនលោកស្រី ឡុច ទូច។ លោកបន្តថា កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ គឺគម្រប់១០ខែនៃការចាប់ខ្លួនលោកស្រី ឡុច ទូច ដូច្នេះលោកស្រីត្រូវមានសេរីភាពឡើងវិញចាប់ពីពេលនោះ៖ «សាលក្រមតុលាការខេត្តព្រះសីហនុបានដាក់ទោសកូនក្តី ៧ខែហ្នឹងគឺអនុវត្តទោសរួចរាល់ហើយ ប៉ុន្តែនៅពាក់ព័ន្ធសាលដីកាតុលាការកំពូលគឺដាក់ទណ្ឌកម្មកូនក្តីខ្ញុំ១០ខែ បើនិយាយពីគោលការណ៍ច្បាប់គឺថ្ងៃណាគេចាប់ខ្លួនគេរាប់ពីថ្ងៃហ្នឹងហើយ»។
ប៉ុន្តែលិខិតរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ចុះកាលពីថ្ងៃទី០៧ មីនា ឱ្យដឹងថា លោកស្រី ឡុច ទូច មិនបានដាក់ពាក្យសុំស្រូបទោសបញ្ចូលគ្នា ដែលត្រូវលើកឡើងនៅមុខ តុលាការដែលជាការសម្រេចចុងក្រោយនោះទេ។ ដូចនេះអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅតែអនុវត្តអំណាចសាលដីកាតុលាការកំពូលដដែល។
ទោះលិខិតព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុអះអាងបែបនេះក្ដី ក៏អ្នកសម្របសម្រួល សមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី យល់ថា ក្នុងករណី សាលដីកាតុលាការកំពូលចែងមិនច្បាស់លាស់បែបនេះ លោកស្រី ឡុច ទូច គួរទទួលបាន ផលប្រយោជន៍ពីការចែងមិនច្បាស់នេះ ដែលការចាប់ខ្លួនត្រូវគិតរាប់ពីថ្ងៃចាប់ខ្លួនកាលពី ថ្ងៃទី៨ ខែសភា ឆ្នាំ២០១៨កន្លងទៅ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា លើសពីនេះបើផ្អែកតាមបទបញ្ជារបស់លោក ហ៊ុន សែន មិនអនុញ្ញាតឱ្យមានការឃុំខ្លួនពលរដ្ឋក្នុងករណីជម្លោះដីធ្លី ទេ ដូច្នេះការឃុំខ្លួនលោកស្រី ឡុច ទូច គឺបំពានទៅលើបទបញ្ជារបស់នាយករដ្ឋមន្ត្រី៖ «បើក្នុងច្បាប់ចែងអត់ច្បាស់អ៊ីចឹងគួរតើឱ្យផលប្រយោជន៍ទៅជនជាប់ចោទ»។
លោកស្រី ឡូច ទូច ជាប្រធានសហគមន៍អូរខ្សាច់ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ លោកស្រីនិងក្រុមគ្រួសាររស់នៅលើជម្លោះទំហំប្រមាណ៥ហិកតារតាំងពីអំឡុងឆ្នាំ១៩៩២ មកម្ល៉េះ ប៉ុន្តែអ្នកប្ដឹងលោកស្រីភាគច្រើនដែលជាឈ្មួញមានលុយ និងមានអំណាចអះអាងថា ពួកគេមានប័ណ្ណកម្មសិទ្ធិដែលចុះកាលបរិច្ឆេទក្រោយពេលលោកស្រីទៅរស់នៅទីនោះ៕