តុលាការ​យោធា​រង​ការ​ចោទ​ថា ជា​ស្ថាប័ន​ពុក​រលួយ និង​គ្រួសារ​បក្ខពួក​និយម

ដោយ សេក បណ្ឌិត
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្លោងទ្វារ​ចូល​តុលាការ​យោធា នៅ​រាជធានី​ភ្នំពេញ
ខ្លោងទ្វារ​ចូល​តុលាការ​យោធា នៅ​រាជធានី​ភ្នំពេញ
រូប៖ គេ​ផ្ដល់ឱ្យ

តុលាការយោធា រងការចោទប្រកាន់​ថា ជា​ស្ថាប័ន​ពុក​រលួយ និង​គ្រួសារ​និយម​ក្រោម​ការ​ដឹក​នាំ របស់​ឧត្ដមសេនីយ៍ឯក ផ្កាយ៣ លោក ន័យ ថុល រយៈ​ពេល ៣២ឆ្នាំ។ សង្គម​ស៊ីវិល​យល់​ថា នៅ​ពេល មាន​ការ​ចោទ​ប្រកាន់​បែប​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រដ្ឋាភិបាល គួរ​តែ​មាន​វិធានការ​ស៊ើបអង្កេត​ និង​បង្ហាញ​ជា​សាធារណៈ។ ក៏​ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​ថា មិនដឹងករណីនេះទេ ហើយ​សន្យា​ថា នឹង​ស៊ើប​អង្កេត​ករណី​នេះ។

មន្ត្រី​នៅ​តុលាការ​យោធា ដែល​សុំ​លាក់​អត្តសញ្ញាណ ប្រាប់​អាស៊ី​សេរី​ថា ប្រធាន​តុលាការ​យោធា ឧត្ដមសេនីយ៍​ឯកផ្កាយ៣ លោក ន័យ ថុល ដែលកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៧ មក និង​ជា​ចៅក្រម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ផង បាន​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ និង​បាន​កេណ្ឌ​សែស្រឡាយ​បក្ខពួក​គ្រួសារនិយម រហូតដល់​ជាង ១០​នាក់​ឱ្យ​មកកាន់​តួនាទី​នៅ​ក្នុង​តុលាការ​យោធា​ក្រោម​ការ​ដឹកនាំ​របស់​លោក។

មន្ត្រី​រូប​នេះ បង្ហាញ​រចនាសម្ព័ន្ធ​ដឹក​នាំ​ក្នុង​ស្ថាប័ន​តុលាការ​យោធា​ថា លោក ន័យ ថុល គឺ​ជា​ប្រធាន​តុលាការ​យោធា ហើយ​ភរិយា​របស់​លោក គឺ​អ្នកស្រី ខឹម សម្បិត្តិ ក៏​ជា​ចៅក្រម និង​ជា​អនុ​ប្រធាន​​តុលាការ​យោធា ព្រម​ទាំង​មាន​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍ត្រី ផ្កាយ១ នៅ​ក្រសួង​ការពារ​ជាតិ។ លោក ន័យ ថុល ក៏​មាន​កូន​ចំនួន ៣នាក់​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​យោធា​ដែរ។ កូន​ទី១ លោក ផូរ ភិរម្យ មាន​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​នាយ​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​ព្រម​ទាំង មាន​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍ទោ។ កូនទី២ លោក ផូ វីរៈ មាន​តួនាទី​ជា​អនុ​ប្រធាន​​តុលាការ យោធា និង​ជា​នាយ​រង​ការិយាល័យ​ចៅក្រម​ស៊ើបសួរ ព្រម​ទាំង​មាន​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍ត្រី។ ចំណែកកូនទី៣ លោក ន័យ ផូរច័ន្ទគង្គារ ក៏​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តុលាការ​យោធា​​ដែរ។

(រូបភាព​នៃ​សវនាការ​មួយ​នៅ​តុលាការ​យោធា។ រូបថត​គេ​ផ្ដល់​ឱ្យ)

ប្រភព​អះអាងថា ករណី​អំពើ​ពុក​រលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តុលាការ យោធា​នេះ គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ និង​លាក់​បាំង​បំផុត ដែល​សូម្បី​តែ​ឈ្មោះ​ត្រកូល​ក៏​ផ្លាស់​ប្តូរ​ដែរ។

លោក ន័យ ថុល ក៏​ប្រមូល​សាច់​ញាតិ​មួយ​ចំនួន​ទៀត ដូច​ជា លោក​ឧត្ដមសេនីយ៍ទោ នុត សោ ភ័ណ្ឌ ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​តុលាការ​យោធា និង​ជា​នាយ​ការិយាល័យ​ហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មាន​បង​ប្អូន​បង្កើត​ម្នាក់​ទៀត​ឈ្មោះ នុត សុផែន កំពុង​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​លោក។ ប្រភព​បន្ត​ថា សូម្បី​តែ​អ្នក​បើក​ឡាន​ឲ្យ​លោក ន័យ ថុល ឈ្មោះ អ៊ូ សេរី ក៏​ត្រូវ​បាន​ដំឡើង​ឲ្យ​ធ្វើ​ជា​ចៅក្រម​ដែរ។ ក្រៅ​ពី​នេះ ចៅក្រម​មួយ​ចំនួន​ទៀត ក៏​ជា​សាច់​ញាតិ និង​បក្ខពួក​របស់​លោក ន័យ ថុល ដែរ ដូច​ជា​លោក​ចៅក្រម ង៉ូវ វុទ្ធី ​ចៅក្រម ឃឹម សុឃាន និង​​ចៅក្រម ពិន សំអឿន។

រីឯ​មន្ត្រី​គ្រាក់ៗ នៅ​ក្នុង​ស្ថាប័ន​នេះ​មួយ​ចំនួន ក៏​យក​គំរូ​តាម​លោក ន័យ ថុល ដោយ​ពួក​គេ ប្រមូល កូន និង​សាច់​ញាតិ​ចូល​ធ្វើ​ការ​ជា​ហូរហែ​ដែរ។ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ចៅក្រម​តុលាការ​យោធា​នាយ​ឧត្ដមសេនីយ៍ ផ្កាយ៤ លោក សាវ សុខ ក៏​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ សុខ គីណូ កត្តា ជា​ចៅក្រម​តុលាការ​យោធា និង​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ត្រី។ រី​ឯ​អនុ​ប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម លោក​ឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន មាន​កូន​ប្រុស​ឈ្មោះ ប៉ុន វណ្ណៈ ជា​ច្រៅក្រម។

ឯកសារ​មួយ​ចំនួន​ដែល​អាស៊ី​សេរី​ទទួល​បាន​ក៏​បង្ហាញ​ថា អំឡុង​ឆ្នាំ២០១៦ លោក ន័យ ថុល ធ្លាប់ ត្រូវ​បាន​មន្ត្រី​ក្នុង​តុលាការ​យោធា​ប្តឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​ពុក​រលួយ​ដែរ ពាក់ព័ន្ធ​នឹង​ការ​កាត់ ប្រាក់​ខែ​ចៅក្រម ដែល​មិន​មែន​ជា​សាច់​ញាតិ ការ​ដំឡើង​តួនាទី​ឲ្យ​កូន​ចៅ​បក្ខ​ពួក​របស់​ខ្លួន និង​ការ​ពន្យាពេលចូលនិវត្តន៍ចំនួន ៧លើក។ ប៉ុន្តែ​បណ្ដឹង​នេះ ពុំ​មាន​ការ​ស៊ើប​អង្កេត​អ្វី​ឡើយ បន្ទាប់​ពី​មាន លិខិត​ឆ្លើយ​បំភ្លឺ​ពី​លោក ន័យ ថុល។

ប្រភព​បន្ត​ថា ការ​តែង​តាំង​កូន​ចៅ​សាច់​ញាតិ និង​បក្ខ​ពួក​ឲ្យ​ធ្វើជា​អនុ​ប្រធាន​តុលាការ​យោធា និង​​ជា​ចៅក្រម​​នេះ គឺ​មិន​ធ្វើ​ឡើ​តាម​លក្ខន្តិកៈ និង​ការ​ប្រកួត​ប្រជែង​សមត្ថភាព​នោះ​ទេ គឺ​តាម​រយៈ​លិខិត ស្នើសុំ​របស់​លោក ន័យ ថុល តែ​ម្តង។

ឯកសារ​ដែល​អាស៊ីសេរី​ទទួល​បាន​បង្ហាញ​ថា ចៅក្រម​នៅ​ក្នុង​តុលាការ​យោធា​មាន​ចំនួន ២៥រូប ហើយ​ក្នុង​នោះ​អនុប្រធានតុលាការយោធានមិនតិចជាង ១០នាក់នោះទេ ខណៈ​តុលាការ​នេះ មិន​សូវ​មាន​សំណុំ​រឿង​កាត់​ក្តី​ឡើយ។ ប្រភព​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ តុលាការយោធា​មាន​សំណុំ​រឿង​ប្រហែល ២ ទៅ ៣សំណុំ​រឿង​ប៉ុណ្ណោះ។ ប៉ុន្តែ​មូលហេតុ​ដែល​មាន​ការ​តែងតាំង​អនុ​ប្រធាន​តុលាការ និង​ចៅក្រម​ច្រើន​បែប​នេះ ព្រោះ​ពួក​គេ​មាន​បំណង ដើម្បី​តែ​បើក​ប្រាក់​ខែ​រដ្ឋ ដែល​ម្នាក់ៗ មិន​តិច​ជាង ៤លានរៀល ឬជាង ១ពាន់​ដុល្លារនោះទេ ប្រសិន​បើ​បូក​ទាំង​តួនាទី និង​មុខងារ​ដ៏​សំពីងសំពោង​របស់​ពួក​គេ។

ប្រធាន​តុលាការ​យោធា លោក ន័យ ថុល បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ និង បាន​ចុច​បិទ​ទូរស័ព្ទ​របស់​អាស៊ី​សេរី៖ «ខ្ញុំ​អត់​មាន​យោបល់​ទេ»

រីឯ​អនុ​ប្រធាន​តុលាការ​យោធា លោក នុត សោភ័ណ្ឌ ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​ប្អូន​ម្នាក់ ឈ្មោះ នុត សុផែន កំពុង​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​លោក ប៉ុន្តែ​លោក​អះអាង​ថា មិន​ជាប់​សាច់​ញាតិ​ជា​មួយ​លោក ន័យ ថុល ឡើយ និង​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្តី លោក​សុំ​​មិន​​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​អះអាង​ថា កំពុង​ជាប់​រវល់៖ «ខ្ញុំ​អត់​មាន​ទេ​បង​បាទ»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី​ថា ការ​តែងតាំង​ចៅក្រម​តុលាការ​យោធា​មិន​ដូច​នីតិវិធី​នៃ​ការ​តែងតាំង​នៅ​ក្នុង​តុលាការ​ធម្មតា ឬ​តុលាការ​ស៊ីវិល​នោះ​ទេ ហើយ​ក្រសួង​យុត្តិធម៌ ក៏​មិន​មាន​តួនាទី​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​លើ​តុលាការ​យោធា​ដែរ៖ «តុលាការ​យោធា គឺ​ជា​ផ្នែក​មួយ​របស់​ក្រសួង​ការពារ​ជាតិ អ៊ីចឹង​ការ​តែងតាំង​ចៅក្រម និង​មន្ត្រី​ផ្សេងៗ ទៀត គឺ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​របស់​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​បាន​តែងតាំង និង​ដាក់​ឲ្យ​បំពេញ​ភារកិច្ច​ដោយ​ក្រសួង​ការពារ​ជាតិ ។ក្រសួង​យុត្តិធម៌​មិន​មាន​អី ដែល​ត្រួត​ពិនិត្យ ឬ​ក៏​គ្រប់គ្រង​លើ​តុលាការ​​យោធា​ទេ»

តុលាការ​យោធា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការពារ​ជាតិ ដែល​មាន​តួនាទី​ជំនុំ​ជម្រះ​តែ​បទ ល្មើស​របស់​យោធា​ប៉ុណ្ណោះ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត មានប្រសាសន៍ថា លោក​មិន​បាន​ដឹង​លម្អិត​ពី បញ្ហា​អំពើ​ពុក​រលួយ និង​បញ្ហា​បក្ខពួក​គ្រួសារ​និយម​នៅ​ក្នុង​ស្ថាប័ន​តុលាការ​យោធា​នេះ​ទេ ប៉ុន្តែ លោក​សន្យា​ថា នឹង​ស៊ើប​អង្កេត​ករណី​នេះ៖«អរគុណ​ហើយ​ចំពោះ​ដំណឹង​នេះ ខ្ញុំ​នឹង​ស្រាវជ្រាវ​ជូន និង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​ឥឡូវ​ជា​ព័ត៌មាន​ខ្ញុំ​អត់​បាន​ដឹង​ទេ ទាល់​តែ​មាន​ករណី​លើក​ឡើង​អ៊ីចឹង បាន​ខ្ញុំ​ដឹង។ ជា​រួម​យើង​អត់​មាន​គោលការណ៍​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ ដូច្នេះ​ប្រសិន​បើ​មាន​ករណី​នេះ​មែន​ ​ប្រហែល​ជា​មាន​ការ​ពិចារណា​ឡើង​វិញ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឱម យិនទៀង បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា​ បញ្ហា​បក្ខពួក​និយម សាច់ញាតិ​ និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​​​ខ្មែរ​ដោយសារ​តែ​គ្មាន​ច្បាប់​ណា​ចែង​មិន​ឱ្យ​យក​សែ​លោហិត​ចូល​ធ្វើការ​។ ទោះ​មិន​មាន​ច្បាប់​ក្តី លោក​យល់ថា ស្ថាប័នរដ្ឋ​នីមួយៗ​គួរតែ​មាន​គោលការណ៍​ហាម​មិន​ឱ្យ​សាច់ញាតិ​ធ្វើការ ក្នុង​ស្ថាប័ន​ជាមួយគ្នា ដើម្បី​កុំ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍ ឬ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​អាច​ប៉ះពាល់​ដល់​កំណែទម្រង់​ស៊ីជម្រៅ។ បន្ថែម​ពី​នេះ លោក​ក៏​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើប​​អង្កេត​ចំពោះ​ការ​ទទួល​បាន​តួនាទី​របស់​មន្ត្រី​នគរបាល​ដែល​មាន​សែស្រឡាយ​ទាំង​នោះ​ដែរ៖ «ប្រសិន​បើ​មាន​អំពើ​ពុក​រលួយ គឺ​គេ​អាច​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ព្រោះ​អី​ទម្រង់​នៃ​ការ​រំលោភ​អំណាច​ខ្លះ វា​កើត​ឡើង​ដោយ​សារ​តែ​ទំនាស់​ផល​ប្រយោជន៍។ បើ​ទំនាស់​ផល​ប្រយោជន៍​ធំ​ទៅៗ វា​ងាយ​នឹង​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ»

សព្វថ្ងៃ​នេះ ជា​ធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​កំពូលៗ របស់​បក្ស​កាន់អំណាច បើ​មាន​ឪពុក ឬក៏​ម្ដាយ​ជា​តំណាងរាស្ត្រ ឬក៏​ប្រធាន​ស្ថាប័ន ឬក៏​មន្ត្រី​ជាន់ខ្ពស់​នៅ​កន្លែង​ណាមួយ​គឺ​យក​កូន ឬក៏​ក្មួយ​មក​ដាក់​ឲ្យ​កាន់​តំណែង​ក្រោម​ឱវាទ​របស់​ខ្លួន ឬក៏​កន្លែង​​ខ្លាញ់​ណាមួយ​ដែរ។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​កូន​អ្នកក្រ ឬ​កូន​អ្នកស្រែ បន្ត​អស់សង្ឃឹម​ដូច​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០ ថា ទោះ​ខំ​រៀន ក៏​អត់​ប្រយោជន៍​​ដែរ ព្រោះ​តំណែង​មន្ត្រី​ជាន់ខ្ពស់​គឺ​អ្នក​ធំៗ​គេ​រៀបចំ​ដាក់​កូន​គេ​អស់ហើយ។

សង្គម​ស៊ីវិល ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ ​ដាក់​ការ​ហាមឃាត់​បញ្ហា​គ្រួសារ ឬ​សាច់​ញាតិ​និយម​នេះ​នៅ​ក្នុង​ច្បាប់។ ពួកគេ​ថា ករណី​គ្រួសារ និង​សាច់​ញាតិ​និយម​នេះ អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ពុក​រលួយ​ខ្ពស់ ដូច្នេះ​ហើយ​ទើប​នៅ​ប្រទេស​ជាច្រើន​បាន​ចេញ​ច្បាប់​ហាមឃាត់ ប៉ុន្តែ​នៅ​កម្ពុជា​បញ្ហា​នេះ កំពុង​កើត​មាន​ជាទូទៅ និង​ស្ទើរតែ​នៅ​គ្រប់​ស្ថាប័នរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល