តុលាការ​ខេត្ត​ត្បូងឃ្មុំ​កោះហៅ​ពលរដ្ឋ ១០នាក់​ឲ្យ​ចូល​បំភ្លឺ​រឿង​ជម្លោះ​ដីធ្លី

ដោយ វ៉ែន សុមេធ
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាង ២០០​នាក់ នាំ​គ្នា​ទៅ​ឃ្លាំមើល​តុលាការ​ខេត្ត​ត្បូងឃ្មុំ ពេល​តំណាង​របស់​ពួក​គាត់ ១០នាក់ ចូល​បំភ្លឺ​នៅ​ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០១៩។
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាង ២០០​នាក់ នាំ​គ្នា​ទៅ​ឃ្លាំមើល​តុលាការ​ខេត្ត​ត្បូងឃ្មុំ ពេល​តំណាង​របស់​ពួក​គាត់ ១០នាក់ ចូល​បំភ្លឺ​នៅ​ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC Cambodia។

តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន ១០នាក់ បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី១០ ខែ​មិថុនា​នេះ​តាម​បណ្ដឹង​របស់​តុលាការ។ ខណៈ​តំណាង​របស់​ខ្លួន​ចូល​បំភ្លឺ នៅ​ខាង​មុខ​តុលាការ ពលរដ្ឋ​ជាង ២០០នាក់​នាំ​គ្នា​ប្រមូល​ផ្តុំ​គាំទ្រ​តំណាង​របស់​ពួក​គេ ដើម្បី​ឃ្លាំមើល​ការ​កោះហៅ​នេះ។

ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ លោក សែម ចំណាន ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា​ថា ពលរដ្ឋ​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​នេះ​មាន​ចំនួន ១០នាក់ មក​ពី​សហគមន៍​ស្រែប្រាំង​និង សហគមន៍​បុសស្នោ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ លោក​​ថា ព្រះរាជអាជ្ញា​បាន​សួរ​ពលរដ្ឋ ទាក់ទង​បញ្ហា​ជម្លោះ​ដីធ្លី ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​នោះ​ទេ៖ «គាត់ (ព្រះរាជអាជ្ញា) គាត់​និយាយ​ពី​ផ្លូវ​ច្បាប់ ហើយ​បន្ទាប់​មក​គាត់​ចាំ​គាត់​ពិភាក្សា​ជាមួយ​ចៅក្រម​ទៀត​គេ​អត់​មាន​ចោទ​ប្រកាន់​អី​ទេ គាត់​និយាយ​ស្រួល​ម៉្យាង​ដែរ»

តំណាង​ពលរដ្ឋ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង ក្រោយ​ព្រះរាជអាជ្ញា​សាកសួរ​ពលរដ្ឋ​រួចរាល់ នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​បន្ត ប៉ុន្តែ​ចៅក្រម​សុំ​ពន្យារ​ពេល​មិន​ឲ្យ​ពលរដ្ឋ​ចូល​បំភ្លឺ​ទេ ហើយ​​​ក៏​មិន​ទាន់​កំណត់​ថា នឹង​ឲ្យ​ពួក​គេ​ចូល​បំភ្លឺ​នៅ​ពេល​ណា​ទៀត​នោះ​ដែរ។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Cambodia) ដែល​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចុះ​ផ្សាយ​ថា ពលរដ្ឋ​ទាំង​ពីរ​សហគមន៍​ចំនួន ១១នាក់ ត្រូវ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ចោទប្រកាន់ ពី​បទ​ហិង្សា​ដោយ​ចេតនា ការ​គំរាមកំហែង និង​សម្លាប់ ការ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយចេតនា និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ និង​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន។ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នោះ​មាន​ពលរដ្ឋ​ម្នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

តំណាល​គ្នា​នឹង​ពលរដ្ឋ​ចូល​បំភ្លឺ​នៅ​តុលាការ ក្រុម​ពលរដ្ឋ​ជាង ២០០​នាក់​ មក​ពី​សហគមន៍​ស្រែ​ប្រាំង​និង សហគមន៍​បុសស្នោ​នាំ​គ្នា​ទៅ​គាំ​ឈរ​គាំទ្រ​ លើកទឹកចិត្ត និង​ឃ្លាំ​មើល​ពលរដ្ឋ ដែល​ត្រូវ​តុលាការ​កោះ​ហៅ នៅ​ខាង​មុខ​តុលាការ។

ពលរដ្ឋ​ម្នាក់​លោក លោក ហឿន ស៊ីនាថ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រូបលោក​ និង​ពលរដ្ឋ​ផ្សេង​ទៀត​នាំ​គ្នា​មក​តុលាការ​ថ្ងៃ​នេះ គឺ​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ពលរដ្ឋ​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់៖ «បាទ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ការ​ចោទ​ប្រកាន់​អត់​ត្រឹមត្រូវ​អ្នក​ខ្លះ​ណា​អត់​ដឹង​ផង ក៏​ចោទ​ប្រកាន់​គ្នា​ដែរ»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ដែល​ធ្វើ​ការ​ទាក់ទង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​តាម​ដាន​ដំណើរ​រឿង យល់ថា ការ​ចោទ​ប្រកាន់​របស់ តុលាការ​មក​លើ​ពលរដ្ឋ​​ពី​បទ​ព្រហ្មទណ្ឌ​ដូច្នេះ គឺ​ជា​រូបភាព​គំរាម​កំហែង។ លោក​លើក​ឡើង​ថា ការ​ដែល​ក្រុម​ពលរដ្ឋ ឃាត់ឃាំង​មិន​ឲ្យ​មាន​ការ​កាន់កាប់​ដី​មាន​ជម្លោះ មិន​គួរ​រង​ការ​ចោទ​ប្រកាន់​បែប​នេះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើសុំ​ទៅ​តុលាការ​ទម្លាក់​ការ​ចោទ​លើ​ពលរដ្ឋ និង​ជំរុញ​ទៅ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​ចប់​ដោយ​សន្តិវិធី៖ «គឺ​ជា​រូបភាព​បែប​គំរាម​កំហែង​មួយ​គេ​ប្រើប្រាស់​លើ​ពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា​បញ្ហា​ដីធ្លី ដំណើរ​ការ​នៃ​ការ​ដោះស្រាយ​ឡើង​ដោយ​តុលាការ​ហាក់​បី​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ចំពោះ​ពួក​គាត់»

លោក ថេង សាវឿន ឲ្យ​ដឹង​ថា ករណី​នេះ​កើត​ឡើង​កាល​ពី​ឆ្នាំ២០១៦ លើ​ដី​មាន​ជម្លោះ​ពីរ​កន្លែង មាន​ទំហំ​ជាង១០០ហិកតារ ដោយ​ក្រុមហ៊ុន​របស់​ចិន​មួយ បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​និង​កាន់កាប់​លើ​ដី​មាន​ជម្លោះ ហើយ​ពេល​នេះ ក្រុម​ពលរដ្ឋ ក្នុង​សហគមន៍​ស្រែប្រាំង និង សហគមន៍​បុសស្នោ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ប្រឆាំង​តវ៉ា និង​រារាំង​គ្រឿងចក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល