អ្នក​ការ​ពារ​​​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​​​​​ចោទ​ប្រកាន់​​ចៅក្រម គង់ ខេមរា ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា

ដោយ មួង ណារ៉េត
2020-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ ខេមរា ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា ដោយ​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃ​ទី៨ កក្កដា នៅ​ខណ្ឌ​សែន​សុខ។
លោក គង់ ខេមរា ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា ដោយ​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃ​ទី៨ កក្កដា នៅ​ខណ្ឌ​សែន​សុខ។
រូប៖ ហ្វេសប៊ុក

អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា បទ​ចោទ​ប្រកាន់​​​មនុស្ស​ឃាត​ដោយ​អចេតនា​​ប្រឆាំង​ចៅក្រម​ គង់ ខេមរា ដែល​បាន​​បើក​ឡាន​ដោយ​ល្បឿន​លឿន​ដេញ​បុក​មនុស្ស​​​បណ្ដាល​ឲ្យ​ស្លាប់​​ជា​កម្រិត​ទោស​ទណ្ឌ​នៅ​​ស្រាល​មិន​ទាន់​សាក​សម​នឹង​​ទង្វើ​។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល តំណាង​អយ្យការ​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​​លោក​ចៅក្រម គង់ ខេមរា បណ្ដោះ​អាសន្ន​​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ពាក់ព័ន្ធ​នឹង​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​បណ្ដាល​ឲ្យ​ស្លាប់ នៅ​នឹង​កន្លែង។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លោក ស៊ឹង សែន​ករុណា យល់​ថា ការ​​ចោទ​ប្រកាន់​​បទ​ចោទ​ស្រាល មិន​សម​​​ទង្វើ​​របស់​លោក​ចៅក្រម គង់ ខេមរា​​បាន​​បណ្ដាល​ឲ្យ​​មាន​ការ​រិះគន់​ហើយ​អាច​នឹង​​ក្លាយ​ជា​គំរូ​អាក្រក់ សម្រាប់​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ដូច​គ្នា នៅ​​ថ្ងៃ​ក្រោយ។

អ្នក​ឃ្លាំមើល​សិទ្ធ​មនុស្ស​​រូប​នេះ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​លោក​​​​ចៅក្រម​គង់ ខេមរា ដែល​ជា​អ្នក​វិជ្ជាជីវៈ​​អនុវត្ត​ច្បាប់ ក្នុង​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ទាំង​កម្រោល​​រហូត​បណ្ដាល​​ស្លាប់ នៅ​នឹង​កន្លែង។ លោក ស៊ឹង​សែន​ករុណា យល់​ថា ក្នុង​ករណី​នេះ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​​​រិះគន់ ពី​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ និង​បង្ការ​ភាព​យល់​ច្រឡំ​ថា មន្ត្រី​តុលាការ​យោគយល់​​គ្នា គួរ​តែ​ចោទ​ប្រកាន់​លោក គង់ ខេមរា ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា៖ «យើង​ឃើញ​​ហើយ​ថា វា​ជា​គោល​បំណង​មួយ​​របស់​គាត់​ហើយ ដែល​ចេញ​ទៅ​ហ្នឹង​គឺ​ដើម្បី​ធ្វើ​ម្ដេច​ដើម្បី​បាន​ទ្រព្យ​របស់​គាត់​ត្រឡប់​មក​វិញ ហើយ​គាត់​អត់​បាន​ខ្វល់​នឹង​អាយុ​ជីវិត​របស់​ជន​សង្ស័យ​ហ្នឹង​ទេ។ អ៊ីចឹង​ធ្វើ​យ៉ាង​ម្ដេច​ឲ្យ​បាន​(កាបូប)​។ អ៊ីចឹង​ការណ៍​ដែល​ប្រើ​មធ្យោបាយ​បើក​រថយន្ត​ទាំង​ល្បឿន​លឿន ហើយ​ទៅ បុក​លើ​ជន​សង្ស័យ​ទាំង​កម្រោល​បែប​នេះ ហើយ​យើង​ថា វា​ជា​រឿង​អចេតនា​អា​ហ្នឹង វា​ជា​រឿង​ដែល​គេ​ពិបាក​ជឿជាក់​ណាស់។ អ៊ីចឹង យើង​គ្រាន់​តែ​ដូរ​ពី​រឿង​អចេតនា ទៅ​ចេតនា ព្រោះ​ឲ្យ​វា​សមស្រប ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​យើង»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​សម្រេច​ចោទ​ប្រកាន់ លោក គង់ ខេមរា ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ពី​បទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា ពាក់ព័ន្ធ​នឹង​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃ​ទី៨ កក្កដា នៅ​ខណ្ឌ​សែន​សុខ។ អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក (Thmeythmey) ថា ចៅក្រម​ស៊ើបសួរបាន​បញ្ជូន លោក គង់ ខេមរា ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​ថ្មី (PJ) ​ហើយ ក្រោយ​ការ​សួរ​នាំ​រួច​រាល់។

លោក​ចៅក្រម គង់ ខេមរា បាន​បើក​ឡាន​ដេញ​តាម​ម៉ូតូ​មួយ ដែល​លោក អះអាង​ថា ជា​ចោរ​ឆក់​កាបូប​លុយ​របស់​លោក​បណ្ដាល​ឲ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាល​ពី​រសៀល​ថ្ងៃ​ទី​៨​កក្កដា​នៅ​តាម​វិថី​ហាណូយ​ក្នុង​ភូមិ​រោងចក្រ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ។

កាសែត​ក្នុង​ស្រុកបន្ត​ចុះ​ផ្សាយ​​ថា ក្រោយ​កើត​ហេតុ​លោក​ចៅក្រម​ គង់ ខេមរា​ ប្រាប់​​អ្នក​សារ​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​​នោះ​ថា លោក​ត្រូវ​ចោរ​ឆក់​កាបូប ដែល​មាន​លុយ​ជាង ៦.០០០ដុល្លារ នៅ​ពេល​លោក​ដើរ​ចុះ​ពី​ឡាន​ទៅ​កន្លែង​កាត់​សក់​។ បន្ទាប់​មក​លោក​បើក​​ឡាន​ដេញ​តាម​ចោរ​ឆក់​នោះ ដោយ​គ្រាន់​តែ​ចង់​បាន​​កាបូប​លុយ​​នោះ​មក​វិញ និង​គ្មាន​ចេតនា បើក​បុក​ឡើយ។ លោក​អះអាង​ថា នៅ​ពេល​បើក​ឡាន​ទៅ​ជិត​ដល់​ម៉ូតូ​របស់​ចោរ​ឆក់​នោះ លោក​ខំ​ប្រឹង​ជាន់​ហ្វ្រាំង​ដែរ តែ​នៅ​តែ​មិន​អាច​បញ្ឈប់​ឡាន​​​ភ្លាមៗ ព្រោះ​ឡាន​កំពុង​មាន​ល្បឿន​លឿន។

អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​អំពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​បញ្ជាក់​ថា​អ្នក​ដែល​ស្លាប់​នោះ គឺ​ជា​ចោរ​ឆក់​កាបូប​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​ទេ ដោយសារ​អធិការ​ខណ្ឌ​សែន​សុខ លោក ហួរ ម៉េងវ៉ាង ចុច​ផ្ដាច់​ទូរស័ព្ទ ក្រោយ​ពេល​ប្រាប់​ថា ទូរស័ព្ទ​ពី​វិទ្យុ​អាស៊ី​សេរី។ ចំណែក​ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ដឹកនាំ​ខណ្ឌ​សែនសុខ លោក មិន សុផេត បង្វែរ​ឲ្យ​សួរ​ទៅ​​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​សែន​សុខ​វិញ តែ​មន្ត្រី​ចរាចរណ៍ ដែល​លោក​ស្នងការ​រង​ឲ្យ​លេខ​ទូរស័ព្ទ​មក មិន​ទទួល​ទូរស័ព្ទ។

សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេធាវី សុក សំអឿន ពន្យល់​ថា ក្នុង​ករណី​នេះ ប្រសិន​បើ​លោក​ចៅក្រម​គង់ ខេមរា ជិះ​ឡាន​តាម​កៀរ​តែ​បណ្ដាល​ឲ្យ​​អ្នក​បើក​ម៉ូតូ​នោះ​ស្លាប់ គឺ​ជា​បទ​​មនុស្ស​ឃាត​ដោយ​អចេតនា វៀរ​លើកលែង​តែ​ចៅក្រម​​គង់ ខេមរា មាន​ឆន្ទៈ​ជិះ​ឡាន​តាម​បុក​សម្លាប់ ទើប​ជា​​​បទ​មនុស្ស​ឃាត​ដោយ​ចេតនា៖ «កាត់​ប្រើ​កម្លាំង​លើស ក៏​អាច​ជា​ចេតនា តុលាការ​អាច​ចោទ​ពី​បទ​ចេតនា។ តែ​បើ​សិន​ជា​គ្រាន់​តែ​ចង់​ឲ្យ​ផ្ដួល តែ​វា​ផ្ដួល​ទៅ​ស្លាប់​អា​ហ្នឹង​មិន​គួរ​ណា ចោទ​គាត់​ចេតនា​ទេ គួរ​ចោទ​អ​ចេតនា។ ក៏​ប៉ុន្តែ​បើ​កម្លាំង​គាត់​ប្រើ​សមរម្យ ដើម្បី​ដណ្ដើម​ទ្រព្យ​របស់​គេ ព្រោះ​ក្នុង​ករណី​ហ្នឹង យើង​ត្រូវ​គិត​មើល បើ​សិន​​ជា​តុលាការ​កាត់​មិន​ត្រូវ គិត​ថា​ឲ្យ​តែ​ចៅក្រម ដាក់​ទោស អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​ត្រូវ​តែ​មាន​ទោស ថ្ងៃ​ក្រោយ​​​គ្មាន​នរណា​មួយ​ហ៊ាន​ទេ។ ឲ្យ​តែ​ចោរ​ប្លន់​បាន​ដៃ​ចោរ​ប្លន់​ហើយ គ្មាន​នរណា​ហ៊ាន​តដៃ តាម​ទេ ព្រោះ​ខ្លាច​ជាប់​គុក។ អ៊ីចឹង ការ​កាត់​របស់​តុលាការ គឺ sensitive ហើយ​កាត់​មិន​ត្រូវ​អាច​មាន​ផល​វិបាក​ដល់​សង្គម»

កាល​ពី​ចុង​ឆ្នាំ​២០១៨ មាន​ករណី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ បាន​បើក​ឡាន​តាម​បុក​មនុស្ស ២នាក់ ដោយ​ចោទ​ថា ជា​ចោរ​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់។ កាល​នោះ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ស្ត្រី​រូប​នោះ​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​និង​​តម្រូវ​ឲ្យ​បង់​លុយ ១.០០០​ដុល្លារ ចូល​រដ្ឋ បង់ ១០.០០០​ដុល្លារ ទៅ​គ្រួសារ​សព និង ​សង​សំណង ៧.៥០០​ដុល្លារ​ទៅ​អ្នក​របួស​ធ្ងន់​។ ក្រោយ​មក ស្ត្រី​រូប​នេះ បាន​អនុវត្ត​ទោស​ពន្ធនាគារ​ចំនួន ៣ខែ​គត់​​ដោយ​ចៅក្រម​បាន​ព្យួរ​ទោស ដែល​នៅ​សល់​ចំនួន ១ឆ្នាំ ៩ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល