រដ្ឋសភាឯកបក្ស នៃរបប លោក ហ៊ុន សែន សម្រេចអនុម័តលើច្បាប់គ្រប់គ្រងផលិតផលប្រេងកាតដោយសំឡេង ១០៨លើ១០៨ នៃតំណាងរាស្ត្រ ដែលបានចូលរួមប្រជុំនៅថ្ងៃទី១៧ ខែមិថុនា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថា ការអនុម័តដោយសភាឯកបក្សបែបនេះ មិនបានជជែកសួរដេញដោលបានពេញលេញនោះទេ ដែលធ្វើឲ្យច្បាប់នេះមានចំណុចខ្វះខាតច្រើន។
ការអនុម័តច្បាប់គ្រប់គ្រងផលិតផលប្រេងកាតរបស់រដ្ឋសភាឯកបក្សពេលនេះ នឹងបើកផ្លូវឲ្យរបបក្រុងភ្នំពេញ អាចបូមយកដំណក់ប្រេងកាតដំបូងពីបាតសមុទ្រ ដែលត្រូវគេគ្រោងផលិតនៅចុងឆ្នាំ២០១៩នេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២០ ខាងមុខ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យអាស៊ីសេរីដឹងថា ពេលនេះលោកកំពុងរៀបចំសេចក្ដីព្រាងច្បាប់នេះ ដើម្បីដាក់ជូនប្រធានរដ្ឋសភាសម្រេចមុនបញ្ជូនទៅព្រឹទ្ធសភា។ អ្នកនាំពាក្យដដែលអះអាងថា បើផ្អែកលើស្ថានការណ៍សព្វថ្ងៃ ច្បាប់នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត៖ «ពេលនេះយើងមានច្បាប់ប្រេងកាតហ្នឹង ហើយជាគោល ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន ឬ ឯកជន ធ្វើអាជីវកម្មលើវិស័យប្រេងកាតហ្នឹង » ។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ មាន៩ជំពូក និង ៧២មាត្រា។ របបក្រុងភ្នំពេញចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះមានសំខាន់ និងជាច្បាប់លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងប្រេងកាត ចំណូលប្រេងកាត និងការយកពន្ធលើប្រាក់ចំណេញលើប្រេងកាត និងឧស្ម័ន។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការអនុម័តច្បាប់ក្នុងស្ថានភាព ដែលសភាជាឯកបក្សបែបនេះ លោកមិនសូវមានជំនឿលើគុណភាពច្បាប់នេះនៅឡើយទេ។ លោកសង្កេតឃើញថា កន្លងមកគ្រាន់តែការបូមខ្សាច់បានបង្កផលប៉ះពាល់ដល់វត្តអារាម សាលារៀន និងពលរដ្ឋជាដើម ដែលករណីនេះធ្វើឲ្យសង្ស័យពីសមត្ថភាពគ្រប់គ្រងរបស់រដ្ឋាភិបាលថា តើអាចគ្រប់គ្រង និងដោះស្រាយពីផលប៉ះពាល់ដោយការបូមប្រេងនេះបានដែរទេ?៖ «ការបូមខ្សាច់ដែលជាប្រភេទមួយ ដែលហៅការគ្រប់គ្រងធនធានធម្មជាតិយើងមើលឃើញកម្រិតខ្ពស់នៃការកើតឡើងហានិភ័យនៃគ្រប់គ្រង រឿងអីដែលថាយើងមិនបារម្ភ ការរុករកការបូមប្រេងនេះនាំឲ្យមានការធ្លាយប្រេង យើងបារម្ភពីការបំពុលបរិស្ថានអីផ្សេងៗ ណា » ។
របបក្រុងភ្នំពេញរំពឹងថា ច្បាប់ប្រេងកាតនេះ អាចជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍ជាតិយូរអង្វែង។ ប៉ុន្តែ ឃ្លាំមើលសង្គមព្រួយបារម្ភថា សមត្ថភាពរបស់របបក្រុងភ្នំពេញនៅខ្វះខាតនៅឡើយ ដែលករណីនេះអាចធ្វើឲ្យកម្ពុជាជួបវិបត្តិ ឬដូចប្រទេសមួយចំនួន វិបត្តិដែលគេហៅថា បណ្ដាសាប្រេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
