ជនសង្ស័យសំខាន់មួយរូបក្នុងអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរវ៉ានដា (Rwandan) កាលពី ២៦ឆ្នាំមុន ប្រាប់តុលាការបារាំងនៅថ្ងៃទី២៨ ឧសភាថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោក ហ្វេលិសៀន កាបប៊ូហ្កា (Félicien Kabuga) ដែលបានរត់គេចពីការតាមចាប់ខ្លួនអស់រយៈពេល ២៦ឆ្នាំ ពីបទពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសរវ៉ានដា (Rwandan) កាលពីឆ្នាំ១៩៩៤ ត្រូវបានអាជ្ញាធរទីក្រុងប៉ារីស សហការជាមួយអង្គការសហប្រជាជាតិចាប់ខ្លួន កាលពីពាក់កណ្ដាលខែឧសភានេះ ប្រាប់តុលាការប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ការចោទប្រកាន់ទាំងឡាយមកលើករូបលោក គឺជារឿងកុហក។ នៅក្នុងសវនាការបឋមសុំនៅក្រៅឃុំ ជនសង្ស័យអាយុ ៨៤ឆ្នាំរូបនេះ បញ្ជាក់ប្រាប់តុលាការថ៖ « ខ្ញុំមិនបានសម្លាប់ជនជាតិទូតស៊ី (Tutsi) ណាម្នាក់ឡើយ » ។
លោក ហ្វេលិសៀន កាបប៊ូហ្កា (Félicien Kabuga) ជាពាណិជ្ជករដ៏មានទ្រព្យធនម្នាក់ដែលរងការចោទថា បានជួយឧបត្ថម្ភគាំទ្រជាហិរញ្ញវត្ថុដល់យុទ្ធនាការសម្លាប់ជនជាតិទូតស៊ីអស់ប្រមាណប្រាំបីសែននាក់ (៨០០.០០០) ប្រព្រឹត្តដោយជនជាតិហ៊ូទូ Hutu)។ លោកត្រូវបានចាប់ខ្លួននៅជាយទីក្រុងប៉ារីស បន្ទាប់ពីលាក់ខ្លួនអស់រយៈពេល ២៦ឆ្នាំ ដោយប្ដូរឈ្មោះថ្មីចំនួន ២៨ឈ្មោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។