មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ អះអាងថា សវនាការជំនុំជម្រះនៅថ្ងៃទី៣ ខែមិថុនា នៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនោះ គឺតុលាការបានដាក់សំណួរលម្អៀងចំពោះកូនក្តីរបស់ខ្លួន។
សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះបន្តនៅថ្ងៃទី៣ ខែមិថុនា ជុំវិញសំណុំរឿងហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ សង្កេតឃើញថា សវនាការជំនុំជម្រះក្តីនៅថ្ងៃនេះ ចៅក្រម និងព្រះរាជអាជ្ញា ហាក់ពុំបានប្រើតួនាទីត្រឹមត្រូវនោះទេ ពោលគឺសំណួរភាគច្រើនជាសំណួរដាក់បន្ទុក ហើយការចោទសួរកូនក្តីរបស់លោកជាការសម្លុត ដែលធ្វើឲ្យកូនក្តីរបស់លោកមានអារម្មណ៍ច្របូកច្របល់៖ «តួនាទីរបស់ចៅក្រម គឺត្រូវសួរសំណួរទាំងដាក់បន្ទុក និងដោះបន្ទុក ដើម្បីស្វែងរកការពិត ប៉ុន្តែយើងស្តាប់សំណួរភាគច្រើន គឺជាសំណួរដាក់បន្ទុកទៅលើជនជាប់ចោទតែម្តង។ ដោយឡែកសំណួរភាគច្រើនរបស់ព្រះរាជអាជ្ញា គឺធ្វើឲ្យជនជាប់ចោទមានអារម្មណ៍ភិតភ័យឆ្លើយសំណួរច្រឡំ»។
សវនាការពេញមួយថ្ងៃ តុលាការចោទសួរជនជាប់ចោទបានចំនួន ៣នាក់ ក្នុងនោះរួមមាន លោក ស៊ុំ ពុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក នាង សុឃុន យុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌច្បារអំពៅ និងលោក អាន បឋម យុវជនគណបក្សសង្គ្រោះជាតិ ក្រុងភ្នំពេញ។ ជនជាប់ចោទទាំង ៣នាក់នេះ សុទ្ធតែឆ្លើយបដិសេធថា ពួកគេមិនបានចូលរួមកុប្បកម្មរំដោះទីលានប្រជាធិបតេយ្យ ដែលហ៊ុមព័ទ្ធដោយបន្លាលួសនៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យនោះទេ។ ជនជាប់ចោទទាំងនោះអះអាងថា ពួកគេគ្រាន់តែទៅឈរមើល និងយកព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។
យុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌច្បារអំពៅ លោក នាង សុឃុន ប្រាប់វិទ្យុអាស៊ីសេរី ក្រោយចេញពីសវនាការថា សំណួរជាច្រើនរបស់ចៅក្រមហាក់ចង់បានប្រយោជន៍ពីជនជាប់ចោទ៖ «គាត់ចង់បានផលចំណេញអ្វីមួយដែលគាត់ចង់បាន ប៉ុន្តែយើងមិនដឹងថាផលប្រយោជន៍អ្វីនោះទេ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោកព្រះរាជអាជ្ញា កែវ សុជាតិ បានទេនៅថ្ងៃទី៣ មិថុនា នេះ។
សវនាការនៅថ្ងៃនេះ បានបញ្ចប់នៅម៉ោងប្រហែល ៤កន្លះល្ងាច ថ្ងៃទី៣ មិថុនា ហើយនឹងបន្តជំនុំជម្រះក្តីសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួនពីររូបទៀតរួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ និងលោក ទេព ណារិន ជាយុវជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។ ការពន្យារពេលសវនាការនេះ ត្រូវបានជនជាប់ចោទរិះគន់ថា បានធ្វើឲ្យប៉ះពាល់សិទ្ធិពួកគេ ហើយថាតុលាការពុំមានឆន្ទៈបញ្ចប់សំណុំរឿងហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីទី១៥ កក្កដា កន្លងទៅឲ្យបានឆាប់ៗនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
