តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ស្ត្រី ដែលយកកាំបិតឆូតមុខក្មេងស្រី អាយុ៥ឆ្នាំ ពីបទទារុណកម្ម និងអំពើឃោរឃៅ ដែលប្រឈមការជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ២០ឆ្នាំ។ អ្នកឃ្លាំមើលសិទ្ធិកុមារ ស្វាគមន៍ ចំពោះបទចោទប្រកាន់នេះ។
ឪពុករបស់ក្មេងស្រីរងគ្រោះ គឺ លោក ញ៉ង់ វ៉ាន់នី ប្រាប់អាស៊ីសេរីថា លោកអាចកាត់បន្ថយការឈឺចាប់ក្នុងចិត្តបានខ្លះ នៅពេលដឹងថា មានការចោទប្រកាន់ស្ត្រីដៃដល់។ តែយ៉ាងណា លោកចង់ឱ្យមន្ត្រីតុលាការចោទប្រកាន់ស្ត្រីរូបនោះ ឱ្យធ្ងន់ធ្ងរ សមនឹងទង្វើរបស់ខ្លួន៖ «សម្រាប់ខ្ញុំមិនជានេះទេ ដោយសារវាជាប់តិចឆ្នាំពេក ចង់និយាយអ៊ីចឹងអូន ព្រោះ កុមារម្នាក់មិនដឹងអ្វី វាតិចពេក។ ទី១ កូនខ្ញុំគាត់មិនដឹងអ្វី ចង់និយាយថា ស្មារតីគាត់នៅចាំខ្លះ ចុះទម្រាំគាត់ធំ តើគាត់គិតឃើញរឿងហ្នឹង គាត់តក់ស្លុតប៉ុនណា ហើយយ៉ាងម្ដេច ? ហើយខ្លោចចិត្ត អារម្មណ៍របស់គាត់។ អ៊ីចឹងណា។ ចិត្តខ្ញុំចង់បានលើសហ្នឹង ប៉ុន្តែបើថាច្បាប់ ក្នុងច្បាប់ ដែលមានការចោទប្រកាន់ប៉ុនណា មិនដឹងថា យើងទាមទារលើសហ្នឹងទៀតបានអត់ ? ខ្ញុំអត់ដឹងពីច្បាប់ហ្នឹង ច្បាស់លាស់ផង»។
លោកឱ្យដឹងថា គ្រូពេទ្យមិនទាន់អាចសន្និដ្ឋានបានថា មុខរបួសស្នាមកាំបិត ឆូតលើមុខកូនស្រីរបស់លោក អាចនឹងជាសះស្បើយនៅពេលណាទេ។ តែលោកថា កូនស្រីរបស់លោក មានស្មារតីល្អ ធម្មតាឡើងវិញហើយ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ។
ស្ត្រីជនសង្ស័យឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ឆ្នាំ បានយកកាំបិតអារមុខ ច្រមុះ និងដងខ្លួន កុមារីម្នាក់អាយុ៥ឆ្នាំ កាលពីថ្ងៃទី១៦ កក្កដា នៅបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។ ក្រោយកើតហេតុភ្លាមៗ នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះចាប់ខ្លួនស្ត្រីជនដៃដល់ និងធ្វើរបាយការណ៍ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៧ កក្កដា។ របាយការណ៍ប៉ូលិស បង្ហាញថា ស្ត្រីជនដៃដល់សារភាពថា ពិតជាបានឆូតមុខក្មេងស្រី រងគ្រោះពិតមែន ដោយសារ ខឹងក្មេងស្រីរងគ្រោះ គប់កូនតូចរបស់ខ្លួន របួសក្បាល។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ករណីនេះ ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេ នៅថ្ងៃទី១៨ កក្កដា ដោយសារលោកមិនទទួលទូរស័ព្ទ។ ប៉ុន្តែ សារព័ត៌មានក្នុងស្រុក បានស្រង់សំដី លោក គុជ គឹមឡុង បញ្ជាក់ថា ស្ត្រីជនដៃដល់ត្រូវបាន ចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានទម្ងន់ទោស។ បទល្មើសនេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ។
ប្រធានគាំទ្រកុមារប្រចាំប្រទេសកម្ពុជា នៃអង្គការអង្គភាពការពារកុមារ (CPU) អ្នកស្រី សោម វឌ្ឍនា ស្វាគមន៍ចំពោះវិធានការរបស់អាជ្ញាធរ និងថ្កោលទោសចំពោះការប្រើអំពើឃោរឃៅ លើកុមារីរងគ្រោះ។ អ្នកស្រីថា ស្ថាប័នអ្នកស្រីកំពុងជ្រោមជ្រែងផ្នែកច្បាប់ តាមរយៈការផ្ដល់មេធាវី ធ្វើជាតំណាងកុមារីរងគ្រោះ៖ « ម្សិលមិញយើងបានយកមេធាវី ទៅជួបគ្រួសារជនរងគ្រោះហ្នឹង ដើម្បីផ្ដិតមេដៃពឹងពាក់មេធាវីរួចហើយ។ អ៊ីចឹង មេធាវីគាត់កំពុងរៀបចំដាក់ទៅតុលាការ ... ពួកខ្ញុំដែលការពារកុមារហ្នឹង គឺមិនអាចទទួលបាន ដោយសារគាត់បានធ្វើអំពើហិង្សាធ្ងន់ធ្ងរពេក ទៅលើជនរងគ្រោះជាក្មេងអនីតិជន។ អ៊ីចឹង យើងមិនអាចឈរមើល ហើយក៏មិនគាំទ្រ។ យើងបានសហការជាមួយក្រុមប្រឹក្សាជាតិដើម្បីកុមារហ្នឹង ថ្កោលទោសទៅលើគាត់ហ្នឹងដូចគ្នា»។
កាលពីថ្ងៃទី១៧ កក្កដា ក្រុមប្រឹក្សាជាតិដើម្បីកុមារ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអំពើហិង្សាឃោរឃៅនេះ និងអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ ពិសេសតុលាការចាត់វិធានការឱ្យបានតឹងរ៉ឹង។
របាយការណ៍អង្គការយូនីសេហ្វ (UNICEF) ចេញផ្សាយកាលពីខែសីហាឆ្នាំ២០១៩ រកឃើញថា កុមារនៅប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដូចជា រងការវាយដំធ្ងន់ធ្ងរផ្នែករាងកាយ ការបំពានផ្លូវចិត្ត ការរំលោភផ្លូវភេទ ការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។