ពលរដ្ឋមួយចំនួនមិនពេញចិត្ត ចំពោះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេច នឹងដោះលែង ស្ត្រីម្នាក់ដែលមកពីត្រកូលមានទ្រព្យសម្បត្តិ បានបើកឡានបុកនិស្សិតស្រីម្នាក់ស្លាប់ កាលពីខែមីនា ដោយឱ្យជាប់ពន្ធនាគារ រយៈពេល២ខែគត់ និងទោសនៅសល់សម្រេចព្យួរ។ ពលរដ្ឋចាត់ទុកថា នេះជាអនុវត្តច្បាប់មានស្តង់ដារពីរសម្រាប់អ្នកមាន និងអ្នកក្រ។
ពលរដ្ឋសង្ស័យថា ការសម្រេចក្ដីឱ្យ កញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា អនុវត្តទោសត្រឹម២ខែ និងព្យួរទោស ១០ខែ អាចមានករណីពុករលួយ។ ពួកគេទាមទារឱ្យស្ថាប័នមានសមត្ថកិច្ច ស៊ើបអង្កេតលើចៅក្រម លោក អ៊ុក សុវណ្ណារិទ្ធិ ដែលសម្រេចក្ដីបែបនេះ។
ពលរដ្ឋម្នាក់ លោក រ៉ុង វិជ្ជា ដែលមានបងប្រុស ស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែរនោះ សម្ដែងការសោកស្ដាយចំពោះការសម្រេចបែបនេះ។ លោកថា នេះជាអនុវត្តច្បាប់មិនស្មើគ្នា និងមិនតឹងរ៉ឹងលើជនបង្ក ហើយវាជារូបភាពអាក្រក់ សម្រាប់អ្នកមានលុយ មានអំណាចផ្សេងទៀត យកគំរូតាម៖ «ពិតជាមានកាសោកស្ដាយមែនទែន។ បើយើងមើលពីសង្គមយើង នៅតែមើលទៅលើវណ្ណៈ បក្ខពួក ច្រើនជាង ការដែរអនុវត្តច្បាប់។ សំខាន់ខ្ញុំចង់ឱ្យប្រទេសកម្ពុជាយើង មានការអនុវត្តច្បាប់ឱ្យបានស្មើគ្នា ទោះជាមន្ត្រីរាជការ ឬក៏អ្នកមាន អ្នកក្រអ្វីទាំងអស់ ព្រោះថា យើងម្នាក់ៗ ចង់បានយុត្តិធម៌ ឱ្យបានស្មើៗ គ្នានៅចំពោះមុខច្បាប់។ ជាពិសេស ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើយើងមិនអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងទេ នោះអ្នកបង្កហេតុ ធ្វេសប្រហែសក្នុងការបើកបរ លើកក្រោយទៀត នៅតែធ្វើប្រហែសដដែល»។
អាជីវករម្នាក់ នៅរាជធានីភ្នំពេញ លោក អេត ប៊ុននី ហៅការសម្រេចក្ដីនេះ មានភាពលំអៀងទៅរកអ្នកមានលុយ មានអំណាច។ លោកអះអាងថា សំណុំរឿងក្ដី គឺមហាជនយល់ឃើញបែបនេះតាំងពីដើមមកម្ល៉េះ ព្រោះការអនុវត្តទោសកន្លងមក គ្រាន់តែអាជ្ញាធរសម្ដែងឱ្យមហាជនស្ងប់ចិត្តប៉ុណ្ណោះ៖ «ហើយចំពោះអ្នកមានអំណាច មានបុណ្យសក្ដិ ខ្សែស្រឡាយធំ អ៊ីចឹង គឺជារឿងធម្មតា គេត្រូវកាត់ក្ដីអ៊ីចឹងហ្មង»។
ចំណែកឯ បុគ្គលិកក្រុមហ៊ុនឯកជនមួយ នៅរាជធានីភ្នំពេញ កញ្ញា គង់ វិច្ឆិកា ទាមទារឱ្យចៅក្រមសម្រេចក្ដី ឱ្យមានយុត្តិធម៌ឡើងវិញ ដើម្បីធ្វើជាគំរូ បង្ហាញថា មិនមានភាពលំអៀង សម្រាប់ជនរងគ្រោះណាម្នាក់។ កញ្ញា បន្ថែមថា បើទោះជាតុលាការចង់ជួយសម្រួលទោសកញ្ញា យិន ម៉ាណា ក៏មិនគួរសម្រួលតិចតួចបែបនេះដែរ៖ «សំណូមពរដល់តុលាការ គឺតុលាការគួរកាត់ទោស ជនល្មើស ឬអ្នកដែលធ្វើខុសបំពាននឹងច្បាប់អ៊ីចឹង ទៅតាមផ្លូវច្បាប់ កុំឱ្យមានកាត់ទោសដាក់អ្នកនេះផ្សេង អ្នកនោះផ្សេងអ៊ីចឹងណា។ អ៊ីចឹង ប្រសិនបើក្នុងច្បាប់ចែងថា ម្ដេច អាហ្នឹងដាក់ទោសទៅតាមហ្នឹងទៅ មិនបាច់បែងចែកឋានៈក្រ ឬក៏មានទេ»។
ប្រតិកម្មនេះដោយសារតែមានព័ត៌មានថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធិ បានសម្រេចឱ្យកញ្ញា យិន ម៉ាណា អនុវត្តទោសត្រឹម ២ខែគត់ ហើយទោសសល់ត្រូវព្យួរ។ បើគិតថា ការសម្រេចនេះ កញ្ញា យិន ម៉ាណា នឹងត្រូវដោះលែងក្នុងកំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ចំណែក ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក៏បានរិះគន់ និងចែករំលែកព័ត៌មាននៃការកាត់ទោសនេះ ពួកគេ ចាត់ទុកថា ជារឿងគួរឱ្យភ្ញាក់ផ្អើលនេះដែរ។ ករណី យិន ឃុនម៉ី នេះមិនមែនជាករណីដោយឡែកនោះទេ មានករណីជាច្រើនណាស់ដែលជនល្មើសមិនត្រូវបានតុលាការផ្ដន្ទាទោសតាមច្បាប់ឱ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
