ក្រុមអ្នកការពារសិទ្ធិមនុស្សពិនិត្យឃើញថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននោះ មានចំណុចមួយចំនួនរឹតត្បិតខ្លាំងដល់សិទ្ធិសេរីភាពពលរដ្ឋ និងចំណុចខ្លះចែងក្នុងន័យមិនច្បាស់លាស់ដែលអាចនាំទៅរកការអនុវត្តលើសពីគោលបំណងនៃច្បាប់។ ការលើកឡើងនេះ គឺក្រោយពេលដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន នៅថ្ងៃទី៣១ មីនា។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សស្នើឱ្យរដ្ឋាភិបាល ប្រសិនបើបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននោះមែន គឺសម្រាប់តែគោលដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែមួយបានហើយ ដោយកុំប្រើច្បាប់នេះដើម្បីគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋក្រៅពីបរិបទនៃវិបត្តិជំងឺកូវីដ-១៩។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកមិនជំទាស់នឹងការបង្កើតច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ព្រោះប្រទេសជាច្រើននៅលើពិភពលោកប្រកាសដាក់ប្រទេសគេទៅក្នុងភាពអាសន្នរួចទៅហើយ ដើម្បីឆ្លើយតបនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណា លោក នី សុខា មើលឃើញថា សេចក្ដីព្រាងច្បាប់ដែលរដ្ឋាភិបាលកំពុងរៀបចំយ៉ាងប្រញាប់ប្រញាល់នេះ មានចំណុចខ្លះអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើយកមកអនុវត្តមែននោះ។ ជាឧទាហរណ៍ ការដាក់ប្រទេសក្នុងភាពអាសន្នករណីមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលចំណុចនេះលោកថា ងាយនឹងឱ្យរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្ន ហើយយកច្បាប់នេះមកប្រើដើម្បីគ្រប់គ្រងប្រទេស៖ «យើងទទូចថា រដ្ឋាភិបាលពេលនេះ កាលៈទេសៈនេះ គួរតែប្រើប្រាស់វិធានការណាដែលគ្រាន់តែត្រឹមកម្រិតឆ្លើយតបទៅនឹងការទប់ស្កាត់ និងការការពារ ឬក៏បង្ការនៃបញ្ហាវីរុសឆ្លងទៅបានហើយ។ កុំឱ្យប្រើប្រាស់វិធានការលើសពីហ្នឹង ដែលឈានទៅដល់ធ្វើឱ្យមានការប៉ះពាល់អនាគតនៃដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើង»។
សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នដែលបែកធ្លាយនៅលើបណ្ដាញសង្គមនោះ មានចំនួន១១ មាត្រា កំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការដាក់ប្រទេសក្នុងភាពអាសន្ននៅពេលជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសក្នុងស្ថានភាព អាសន្ន ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្ដីព្រាងច្បាប់នេះកំណត់ថា ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ មានជាអាទិ៍ សង្គ្រាម ឬការឈ្លានពានពីបរទេស គ្រោះអាសន្នចំពោះសុខភាពសាធារណៈចំពោះការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ននេះ អាចធ្វើឡើងក្នុងរយៈពេលកំណត់ ឬមិនកំណត់ក៏បាន។
នៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន រដ្ឋាភិបាលមានសិទ្ធិដាក់ចេញនូវវិធានការជាច្រើន មានជាអាទិ៍ ការហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ការជួបប្រជុំ ឬការប្រមូលផ្តុំមនុស្ស។ រដ្ឋាភិបាលមានសិទ្ធិហាមឃាត់ ឬកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ និងការមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ ព្រមទាំងចេញវិធានការដាក់ឱ្យនៅដាច់ដោយឡែកក្នុងករណីគ្រោះអាសន្នផ្នែកសុខភាពបណ្ដាលមកពីជំងឺឆ្លង។ ជាមួយគ្នានេះ រដ្ឋាភិបាលមានសិទ្ធិកែន និងជម្លៀសពលរដ្ឋ ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ក្រៅពីនេះ រដ្ឋាភិបាលមានសិទ្ធិកំណត់ថ្លៃទំនិញ និងសេវា ព្រមទាំងបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតបនឹងភាពអាសន្ន។ ជាងនេះទៅទៀត រដ្ឋាភិបាលមានសិទ្ធិឃ្លាំមើល និងតាមដានតាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ ព្រមទាំងហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភ័ន្តច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។ ជាងនេះទៅទៀត បើវិធានការទាំងនេះមិនគ្រប់គ្រាន់ទេ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការសមស្រប និងចាំបាច់ដទៃទៀត ហើយជាពិសេស រដ្ឋាភិបាលអាចប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការដូចបានរៀបរាប់នេះទៀតផង។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ពិនិត្យឃើញថា វិធានការខ្លះអាចអនុវត្តបានដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែវិធានការខ្លះទៀតលោកថា មានលក្ខណៈរឹតបន្តឹងខ្លាំងពេកចំពោះសិទ្ធិសេរីភាពរបស់ពលរដ្ឋ៖ «ចំណុចមួយចំនួន ដូចជាហាមឃាត់ការប្រមូលផ្តុំ ឬមួយការធ្វើដំណើរ ឱ្យនៅក្នុងផ្ទះ ឬក៏ជម្លៀសជាដើម អាហ្នឹងខ្ញុំគិតថា អាចប្រើប្រាស់បានដើម្បីការពារសុវត្ថិភាពនៃការឆ្លងរីករាលដាល ព្រោះប្រទេសមួយចំនួនលើពិភពលោកគេបានប្រើប្រាស់ដែរ។ ក៏ប៉ុន្តែ មិនចាំបាច់ត្រូវការការឃ្លាំមើលទេ បើការឃ្លាំមើល ការតាមដានដោយសារតែការប្រើប្រាស់សម្រាប់ទប់ស្កាត់ជំងឺនេះ ខ្ញុំថាហាក់ដូចជាមានការរឹតបន្តឹងខ្លាំងណាស់។ អ្វីដែលយើងព្រួយបារម្ភនៅត្រង់ថា ច្បាប់នេះវាទូទៅ វាមិនមែនប្រើប្រាស់សម្រាប់តែធ្វើកិច្ចការងារនៅក្នុងអំឡុងពេលមានអាសន្នទេ វាលើសពីហ្នឹងទៀត
ក្រៅពីការផ្តល់អំណាចយ៉ាងច្រើនសម្បើមដល់រដ្ឋាភិបាលក្នុងការកម្រិតសិទ្ធិសេរីភាពពលរដ្ឋហើយ សេចក្តីព្រាងច្បាប់នេះក៏មានចែងអំពីទោសទណ្ឌធ្ងន់ធ្ងរផងដែរ។ ជនណាក៏ដោយដែលមិនគោរពវិធានការដាក់ចេញដោយរដ្ឋាភិបាលនៅអំឡុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ខែដល់១ ឆ្នាំ និងពិន័យជាប្រាក់ពី១ សែនទៅ ១ លានរៀល។ កាលបើការមិនគោរពនោះ ធ្វើឱ្យមានចលាចលជាសាធារណៈ គឺនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី១ លានរៀលទៅ៥ លានរៀល ដោយនេះមិនទាន់រាប់បញ្ចូលបទល្មើសព្រហ្មទណ្ឌដទៃទៀតនៅឡើយទេ។ដោយឡែក ជនណាក៏ដោយដែលប្រព្រឹត្តទង្វើដោយចេតនារារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលដល់ ៥លានរៀល។ កាលបើអំពើរារាំងនោះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់១០ ហើយនេះនៅមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតនៅឡើយទេ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថា ទោសទណ្ឌនេះមានលក្ខណៈធ្ងន់ធ្ងរ និងមិនគួរយកមកអនុវត្តភ្លាមៗទេ ព្រោះពលរដ្ឋមិនទាន់យល់ដឹងពីច្បាប់ថ្មីនេះនៅឡើយ៖ «ពេលដែលច្បាប់ហ្នឹងចេញមក ទាក់ទងទៅនឹងការផ្សព្វផ្សាយ ការយល់ដឹងហ្នឹង វាអាចមានកម្រិត។ អ៊ីចឹងហើយ ប្រជាពលរដ្ឋយើងនៅមិនទាន់អាចទទួលបាន ឬក៏មិនទាន់បានយល់ច្បាស់អំពីបញ្ហាហ្នឹង វាអាចធ្វើឱ្យមានការប៉ះពាល់ទៅលើការដាក់ទោសទណ្ឌហ្នឹងធ្ងន់ធ្ងរដែរ»។
ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ មីនាថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាតែម្ដង ដោយមិនដាក់ឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីទៀតទេ ដោយសារត្រូវប្រកាសជាការប្រញាប់។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឱ្យអាស៊ីសេរីដឹងថា គិតត្រឹមរសៀលថ្ងៃទី០១ មេសា សេចក្ដីព្រាងច្បាប់នេះមិនទាន់មកដល់ដៃរដ្ឋសភានៅឡើយទេ។ តែយ៉ាងណា លោកថា បើច្បាប់នេះដាក់ជាការប្រញាប់ រដ្ឋសភានឹងរៀបចំទៅតាមនីតិវិធីប្រញាប់ នៅពេលទទួលបានសេចក្តីព្រាងច្បាប់នោះ។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ច្បាប់ដ៏សំខាន់បែបនេះគួរតែមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ មិនគួរណាធ្វើឡើងដោយប្រញាប់ប្រញាល់នោះទេ ព្រោះវាអាចធ្វើឱ្យពលរដ្ឋជាប់ទោសដោយមិនដឹងខ្លួន។ ក្រុមអង្គការសិទ្ធិមនុស្សបារម្ភពីការបកស្រាយមាត្រាច្បាប់ទាំងអស់នេះតាមអំពើចិត្ត និងក្នុងចេតនាបំបិទសំឡេងប្រឆាំង ព្រមទាំងប្រើច្បាប់នេះធ្វើជាលេស ដើម្បីចាប់ចងបង្ខំឱ្យពលរដ្ឋលែងហ៊ានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។