មេធាវីការពារក្តីឱ្យសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី អំពាវនាវដល់តុលាការកំពូលឱ្យពន្លឿនសវនាការសំណុំរឿងនេះ។ ការអំពាវនាវនេះ ដោយសារតែមេធាវីបានប្តឹងសាទុក្ខតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ តែមិនឃើញតុលាការកំណត់ថ្ងៃជំនុំជម្រះនៅឡើយទេ រហូតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា ជាង ២ខែមកនេះ លោកមិនទាន់បានទទួលដំណឹងស្ដីពីសវនាការសំណុំរឿងកូនក្តីរបស់លោកនៅឡើយទេ។ លោកបញ្ជាក់ថា លោកបានដាក់សារណាការពារបណ្តឹងសាទុក្ខទៅតុលាការកំពូលជាងមួយខែមកហើយ ប៉ុន្តែនៅតែមិនទាន់ឃើញតុលាការកំណត់ថ្ងៃជំនុំជម្រះរឿងក្ដីនេះទៀត។ លោកយល់ថា តុលាការកំពូលត្រូវតែពន្លឿនសំណុំរឿងនេះ ពីព្រោះកូនក្តីរបស់លោកបានជាប់ឃុំជាង ១ឆ្នាំទៅហើយ បើនៅតែអូសបន្លាយទៀត បណ្តឹងសាទុក្ខនោះនឹងលែងមានន័យអ្វីទៀតដែរ៖ «នីតិវិធីច្បាប់គេចែងច្បាស់ណាស់ថា គោលបំណងធំបំផុតនោះ គឺទាក់ទងនឹងផលប្រយោជន៍ជនជាប់ចោទ។ ករណីដូចលោក រ៉ាត់ រត្នមុនី ប្រសិនបើរកអត់ឃើញមានកំហុស អ៊ីចឹងតើនរណាជាអ្នកទទួលខុសត្រូវទៅលើការអនុវត្តទោសរបស់គាត់រហូតដល់រយៈពេលជិត២ ឆ្នាំ ? ទីពីរ បើតុលាការកំពូលនៅតែអូសបន្លាយពេលវេលារហូតដល់ថ្ងៃគាត់ចេញ អ៊ីចឹងទាក់ទងទៅនឹងសវនាការរបស់តុលាការកំពូលហ្នឹង ក៏វាដូចជាអត់មានន័យអ្វីមួយដែលត្រូវថា ដំណើរការនីតិវិធីរបស់តុលាការកំពូលហ្នឹង ផ្ដល់ផលប្រយោជន៍ទៅលើជនជាប់ចោទហ្នឹង វាអត់មាន អ៊ីចឹងដែលយើងគិតថា ធ្វើយ៉ាងណាឱ្យគិតពីផលប្រយោជន៍ជាប់ចោទនេះ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងបង់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួនជិត ២ម៉ឺនដុល្លារអាមេរិក ពីបទ “ញុះញង់ឱ្យមានការរើសអើង”។ បទចោទប្រឆាំងនឹងសកម្មជនសិទ្ធិការងាររូបនេះ ធ្វើឡើងដោយសារតែលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មានរុស្ស៊ី RT (Russia Today)។ អាជ្ញាធរកម្ពុជាបានចាត់ទុកវីដេអូនេះថា ជារឿងប្រឌិតប៉ះពាល់ដល់មុខមាត់កម្ពុជា និងកិត្តិយសស្ត្រីខ្មែរ ហើយបានចោទលោក រ៉ាត់ រត្នមុនី ថា បានឱ្យលុយតួអង្គ ដើម្បីនិយាយកុហក។
ទោះជាយ៉ាងណា តួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនេះ ធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា នាងមិនដែលទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ គឺជាខ្សែជីវិតពិតរបស់នាង។ ក៏ប៉ុន្តែ តុលាការមិនបានព្យាយាមហៅសាក្សីដ៏សំខាន់មួយរូបនេះ និងភ្នាក់ងារសារព័ត៌មាន អរធី (RT) ឱ្យមកឆ្លើយដោះបន្ទុកលោក រ៉ាត់ រត្នមុនី ឡើយ ដោយតុលាការហាក់មានចេតនាដាក់បន្ទុកតែលើសកម្មជនសិទ្ធិការងាររូបនេះតែម្នាក់ប៉ុណ្ណោះ។
ចំណែកនៅក្នុងដំណាក់កាលសាលាឧទ្ធរណ៍វិញ សំណុំរឿងនេះកាន់តែចម្រូងចម្រាស ដោយសារសវនាការធ្វើឡើងដោយគ្មានភាគីដើមបណ្ដឹង ហើយជាចុងក្រោយតុលាការជាន់ខ្ពស់មួយនេះបានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការដដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ជាច្រើនដងតាមទូរស័ព្ទ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ កុម្ភៈ ដើម្បីសាកសួរអំពីសវនាការរឿងក្តីនេះ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
អតីតសកម្មជនសិទ្ធិលំនៅឋាន និងជាភរិយារបស់លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង នៅតែអះអាងថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ដូច្នេះ អ្នកស្រីស្នើយ៉ាងទទូចឱ្យតុលាការកំពូលដោះលែងស្វាមីអ្នកស្រីឱ្យមានសេរីភាពវិញ។ អ្នកស្រីសង្កត់ធ្ងន់ថា ជំនួសឱ្យការដាក់ទោសទណ្ឌស្វាមីអ្នកស្រី អាជ្ញាធរកម្ពុជាគួរតែប្រឹងទប់ស្កាត់ការជួញដូរផ្លូវភេទលើកុមារ ដូចដែលមានបង្ហាញនៅក្នុងភាពយន្តឯកសារ " ម្ដាយខ្ញុំ លក់ខ្ញុំ "៖ «ប្តីរបស់ខ្ញុំគ្រាន់តែជាអ្នកបកប្រែ អ៊ីចឹងមិនគួរគាត់មានទោស។ អ៊ីចឹងបើតុលាការកម្ពុជាផ្អែកលើច្បាប់ គឺប្តីរបស់ខ្ញុំត្រូវបានដោះលែង ហើយមិនត្រូវមានទោសទេ។ ការរក្សាទុក ការឃុំខ្លួនប្តីរបស់ខ្ញុំ ឬក៏អ្នកទោស ( មនសិការ ) ដទៃផ្សេងទៀតហ្នឹង វាបង្ហាញថា ប្រព័ន្ធយុត្តិធម៌ ឬក៏ប្រព័ន្ធតុលាការរបស់យើងហ្នឹង ស្ថិតក្រោមសម្ពាធធ្ងន់ធ្ងរណាស់ សឹងតែថា លែងហៅថាជា ប្រព័ន្ធយុត្តិធម៌ ឬតុលាការទៅហើយ»។
គិតពីថ្ងៃចាប់ខ្លួនរហូតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០ នេះ សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ១ឆ្នាំ ២ខែហើយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផង បានវាយតម្លៃថា ការដាក់ទោសលោក រ៉ាត់ រត្នមុនី កាន់តែធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិ បាត់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយសារតែសកម្មជនសិទ្ធិការងាររូបនេះមិនទទួលបានសវនាការជំនុំជម្រះប្រកបដោយយុត្តិធម៌ឡើយ។ ម្យ៉ាងវិញទៀត ករណីនេះត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជន។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិស្នើយ៉ាងទទូចឱ្យអាជ្ញាធរទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
