តុលាការ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​មន្ត្រី​បក្ស​ប្រឆាំង​និង​​សកម្មជន​សិទ្ធិ​ការងារ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​បិទ​ការ​ស៊ើបអង្កេត ករណី​ជម្លោះដីធ្លី ពាក់ព័ន្ធ​នឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក ឆាយ រដ្ឋ និង​សកម្មជន​សិទ្ធិ​ការងារ​លោក ទេព សុផា។ ភរិយា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ព្រួយបារម្ភ​ថា ស្វាមី​របស់​ខ្លួន ពិបាក​ទទួល​បាន​យុត្តិធម៌ ព្រោះ​ការចោទប្រកាន់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ភរិយា​របស់​លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា លោកស្រី​នៅតែ​ព្រួយ​បារម្ភ​ថា ការ​អនុវត្ត​នីតិវិធី របស់​តុលាការ​បែបនេះ ដូចជា​លឿន​ពេក​។ លោកស្រី​បន្ត​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្វាមី​លោកស្រី តុលាការ​មិន​ទាន់​បាន​ឆ្លើយតប​ផង ស្រាប់តែ​ពេលនេះ ប្រកាស​ថា បិទ​ការ​ស៊ើបសួរ​ទៅ​ហើយ៖ «រឿង​ព្រួយបារម្ភ​តែង​មាន​ហើយ ដោយ​សារ​ក្រោយ​ការ​បិទ​ការ​ស៊ើបសួរ​អាច​ដំណើរ​ការ​ក្តី​របស់​គេ​លើក​ទៅ​ជំនុំជម្រះ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សង្ឃឹមទុក​ឱ្យ​តុលាការ​ឆ្លើយតប​អាច​នៅ​ក្រៅ​ឃុំ»។

តាម​នីតិវិធី​នៅ​ពេល​បិទ​ការស៊ើបអង្កេត តុលាការ​ខេត្ត​នឹង​រក​ពេលវេលា​សមរម្យ​មួយ ដើម្បី​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​នេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន និង​ចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក ឆាយ រដ្ឋ និង​សកម្មជន​សិទ្ធ​ការងារ​លោក ទេព សុផា ថា ពួកគេ​បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី ដាក់​សញ្ញា​សម្គាល់ ក្នុង​គោលបំណង​កាន់កាប់​ជា​កម្មសិទ្ធិ និង​រារាំង​បង្ក គ្រោះថ្នាក់​របួស​ស្នាម​ដល់​មន្ត្រី​ការពារ និង​អភិរក្ស​ធម្មជាតិ ក្នុង​ការ​ចុះ​អនុវត្ត​មុខ​​​​​​នាទី និង​ភារកិច្ច​របស់​​​​​​ខ្លួន តាម​មាត្រា​៦១​នៃ​ច្បាប់​ស្ដី​តំបន់​ការពារ​ធម្មជាតិ។

លោកស្រី សំ សារ៉ាត់ ប្រាប់​ថា កាល​ពី​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​លោក​ស្រី អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន បាន​ស្រែក​ថា ស្វាមី​លោកស្រី ជា​មន្ត្រី​បក្ស​ប្រឆាំង ដែល​ពួកគេ​តាម​រកមុខ​យូរហើយ។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើរ​រឿង​នេះ ឱ្យ​អាស៊ីសេរី​ដឹង​ថា បើ​ទោះ​អតីតមន្ត្រី​បក្ស​ប្រឆាំង មាន​ដី​ក្នុង​តំបន់​ជម្លោះ​នេះ​មែន ប៉ុន្តែ​ពួកគេ​មិនមែន​ជា​អ្នកដឹកនាំ ដែល​បង្កជម្លោះ​នោះ​ទេ​។ ទាក់ទង​នីតិវិធី​របស់​តុលាការ​នៅ​ពេល​នេះ​លោកស្រី​យល់ថា បើ​ឆាប់​មានការ​ជំនុំជម្រះ ក៏​ជា​ការ​ល្អ​ដែរ ដើម្បី​បញ្ជាក់ ថា​ពួកគេ​នឹង​ត្រូវ​មានទោស ឬ​គ្មាន​ទោស៖ «គេ​បញ្ចប់​សំណុំ​រឿង​នេះ​ដាក់​ទៅ​ជម្រះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ព្រោះ​អី​អាច​ដឹង​ថា មាន​ជាប់ទោស​ពី​បទ​យ៉ាង​ម៉េច​មានទោស​កម្រិត​ណា​អាច​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍​ទៀត»។

លោក ឆាយ រដ្ឋ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ ចោទប្រកាន់​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៧ ពី​បទ​ញុះញង់​។ កាលណោះ​តុលាការ​សម្រេច ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈ​៨​ខែ​។ ប៉ុន្តែ​ទាំង​សង្គម​ស៊ីវិល និង​ភរិយា​លោក ឆាយ រដ្ឋ ហៅ​ការចោទប្រកាន់ លើ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ម្ដង​ហើយ​សម្តើង​ទៀត​លើ​ករណី​ដីធ្លី​នេះ ថា​ជា​រឿង​នយោបាយ​ច្រើនជាង​ករណី​ជម្លោះដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។