លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ប្រតិកម្មទៅនឹងតុលាការកំពូល ដែលបានប្រកាសតម្កល់សាលដីកាដែលបានកាត់ទោសលោក ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទសមគំនិតក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម។
លោក សម រង្សី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទ ពីប្រទេសបារាំងថា លោកមិនចាប់អារម្មណ៍ចំពោះការកាត់ទោសទេ ព្រោះតុលាការកម្ពុជា ស្ថិតនៅក្រោមបញ្ជារបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា នរណាក៏ដឹងច្បាស់ថា កម្ពុជាបានបាត់បង់បូរណភាពទឹកដីទៅឲ្យប្រទេសវៀតណាម រួមមានកោះត្រល់ជាដើម៖ « គ្មានអ្វីចម្លែកទេក្នុងរឿងនេះ ពីព្រោះតុលាការស្រុកខ្មែរធ្វើសទៅជាខ្មៅ ខ្មៅទៅជាស។ អ្នកមានទោសរួចខ្លួន អ្នកគ្មានទោសបែរជាមានទោសទៅវិញ។ បញ្ហាព្រំដែននេះ ខ្ញុំនៅតែនិយាយអះអាងថា អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃកាត់ទឹកដីកម្ពុជា ឲ្យទៅប្រទេសជិតខាង និយាយឲ្យចំ គឺប្រទេសវៀតណាម។ គ្រាន់តែនិយាយការពិត មានឯកសារត្រឹមត្រូវ បែរជាជាប់ទោសទៅវិញ ហើយអ្នកកាត់ទឹកដីឲ្យប្រទេសជិតខាង ជាជនក្បត់ជាតិ រួចខ្លួន ដូចជាកោះត្រល់។ ប្រទេសយើងបាត់បង់កោះត្រល់ កាលពីទសវត្សរ៍ឆ្នាំ៨០ »។
កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា បានដកស្រង់ប្រសាសន៍ លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធ និងជាអ្នកនាំពាក្យតុលាការកំពូល ឲ្យដឹងថា តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ប៉ុន្តែលោក មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការសម្រេចនេះទេ។
លោក សម រង្ស៊ី ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ សំណុំរឿងចោទប្រកាន់នេះ ដោយសារការបង្ហោះវីដេអូឃ្លីបមួយប្រវែងជាង ១០នាទី កាលពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ ២០១៥ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ នៅក្នុងវីដេអូនោះ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ នាពេលនោះ បានបរិយាយអំពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដែលលោកបានឃើញនៅតាមអ៊ីនធឺណិត ដោយសរសេរថាកម្ពុជា-វៀតណាម ព្រមព្រៀងរំលាយព្រំដែន ពោលគីលោកមិនបានសរសេរខ្លួនឯងទេ គ្រាន់តែនិយាយតាមឯកសារដែលមានស្រាប់នោះ។
លោក ហុង សុខហួរ ត្រូវបានតុលាការផ្ដន្ទាទោសគាត់ដាក់ពន្ធនាគារ ៧ឆ្នាំ ប៉ុន្តែ លោកត្រូវបានលើកលែងទោសក្រោយពេលសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុន បន្ទាប់ពីបានសរសេរសំបុត្រទៅសុំអភ័យទោសពីលោក ហ៊ុន សែន។
ចំណែកលោក សម រង្ស៊ី វិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ដោយត្រូវអនុវត្តទោសពេញ។ រីឯជំនួយការរបស់លោក សម រង្ស៊ី ២នាក់ ម្នាក់ ឈ្មោះ អ៊ឹង ជុងលាង និងសត្យា សម្បត្តិ នោះពួកគេត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំដូចគ្នា តែអនុវត្តទោសតែ ៣ឆ្នាំ សល់ ២ ឆ្នាំទៀតត្រូវព្យួរទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
