តុលាការ​កំពូល​បន្ត​រក្សា​បទ​ចោទ​លើ​សមាជិក​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់

ដោយ ជាតិ ចំណាន
2020.07.15
គង់ ម៉ាស់ លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
រូប៖ លោកស្រី កុល សាត ភរិយា​លោក គង់ ម៉ាស់

តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ទុកជា​បានការ​ដដែល នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកក្កដា។ មេធាវី​ការពារ​ក្ដី និង​សង្គម​ស៊ីវិល យល់ថា​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ មិន​មាន​ជំហរ​ឯករាជ្យ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក យូរ ឧត្តរា អះអាង​ថា ការសម្រេច​បន្ត​រក្សា​បទ​ចោទ និង​បន្ត​ឃុំខ្លួន​សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ត​ទៅ​ទៀត​នេះ ដោយសារ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​កន្លង​មក មាន​សំអាង​ហេតុ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់។ ការប្រកាស​សាលដីកា​នេះ ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​លោក គង់ ម៉ាស ដូច កាល​ពី​​ថ្ងៃ​​បើក​សវនាការ​ដែរ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុ​គង់ លើកឡើង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​អយុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​លោក។ លោក​បន្ត​ថា រឿង​នេះ មិន​គួរ​មាន​ការ ចោទ​ប្រកាន់​​តាំងពី​ដំបូង​មក​ម៉្លេះ ព្រោះ​កូន​ក្ដី​របស់​លោក គ្រាន់តែ​បង្ហោះ​សារ​រិះគន់​ភាព អសកម្មភាព​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ក្នុងនាម​ជា​អ្នកនយោបាយ និង​ស្របតាម​ច្បាប់​ប៉ុណ្ណោះ៖ «អង្គហេតុ ឬ​ការ​ដែល​​លោក គង់ ម៉ាស់​ គាត់​បាន​ធ្វើ​នេះ​ គឺ​មិនមែន​ជា​បទល្មើស​ដូច​ការចោទប្រកាន់​ទេ តែ​គ្រាន់តែ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ជាពិសេស​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ហើយនិង​សិទ្ធិ​ជួបជុំ​ដោយសន្តិវិធី​ដែល​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា៤១ និង ៤២។ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​គឺ​ការរិះគន់​ទៅ​ថ្នាក់ដឹកនាំ​ជា​រឿង​ធម្មតា ហើយ​ការ​រិះគន់​នោះ ថ្នាក់​ដឹក​នាំ គួរ​តែ​ពិចារណា​ដោះ​ស្រាយ​និង​ឆ្លើយតប​ទៅតាម​បញ្ហា​​ដែល​ពួក​គាត់​រិះគន់​ជាជាង​ចាប់​ពួក​គាត់​ឲ្យ​ទទួលទោស»

ប្រពន្ធ​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ថ្លែង​ថា សាលា​ដីកា​របស់​តុលាការ​កំពូល​នេះ គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ធ្វើឲ្យ​លោកស្រី បាត់បង់​ជំនឿ​ទាំងស្រុង​លើ​តុលាការ​គ្រប់​ជាន់ថ្នាក់​​នៅ​កម្ពុជា៖ «នៅ​សុ​ខៗ​ចាប់​ប្ដី​របស់ខ្ញុំ​ដាក់គុក​ជិត​ពីរ​ឆ្នាំ​ហើយ​យើង​ប្តឹង​ច្រើន​កន្លែង​ច្រើនលើកច្រើនសា​រហើយ​នៅ​តែ​ដដែល​អ៊ីចឹង ដូច្នេះ​សម្រាប់​ខ្ញុំ​អស់​ជំនឿ​ទៅលើ​តុលាការ​ហើយ»

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួនលោក គង់ ម៉ាស់ ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១៩។ លោក​ជាប់ទោស ២ករណី គឺ​ទី១ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។ ចំណែក​ករណី​ទី២ តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ១៥ថ្ងៃ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​អ្នករាជការ​សាធារណៈ តាម​បណ្ដឹង​របស់​អតីត​អភិបាលស្រុក​រមាសហែក លោក ពេញ ជា។ សំណុំរឿង​ប្រឆាំង​លោក គង់ ម៉ាស់ នេះ កើតឡើង​ក្រោយពេល​លោក​បង្ហោះ សារ​លើ​ហ្វេសប៊ុក (Facebook​) ទាក់ទង​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មុន​ការបោះឆ្នោត​ឆ្នាំ២០១៨ និង​មតិ​រិះគន់​ជុំវិញ​ការដឹកនាំ​បែប​អសកម្ម​របស់​រដ្ឋាភិបាល និង​មន្ត្រី​របប​លោក ហ៊ុន សែន។ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា មានប្រសាសន៍​ថា ការវិនិច្ឆ័យ​លើ​រឿង​ក្ដី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ ដូចជា ករណី​លោក គង់ ម៉ាស់ នេះ គឺ​តុលាការ​មិន​មាន​ជំហរ​ឯករាជ្យ​នោះ​ឡើយ។ លោក​ព្រួយបារម្ភ​ថា ការ​ផ្ដន្ទាទោស​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​រូប​នេះ​ជាប់​ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​ដោយសារ​រឿង​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក អាច​ធ្វើឲ្យ​សហភាព​អឺរ៉ុប មើល​ឃើញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​បន្ថែម​ទៀត ហើយ​សម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​​រយ​ជា​ផ្លូវការ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែសីហា ខាងមុខ៖ «យើង​តែងតែ​កត់សម្គាល់​បែបនេះ អ៊ីចឹង​ហើយ​រឿង​រ៉ាវ​នៃ​សកម្មជន​នយោបាយ​ទាំងអស់​នេះ បើសិនជា​ស្ថានភាព​នយោបាយ​នៅតែ​ស្ថិត​ក្នុង​ភាព​អាប់អួ​បែបនេះ មិន​អាច​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​ដែល​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ ដែល​អាច​មាន​សេរីភាព​ឬ​ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​អី​ទៅ​រួច​ទេ ប៉ុន្តែ​បើ​ស្ថានភាព​នយោបាយ​ធូរស្រាល យើង​ឃើញ​ហើយ​ថា មាន​ការ​ដោះលែង ឬ​អន្តរាគមន៍​សឹងតែ​គ្រប់​រឿង​បើ​គេ​ចង់​ដោះស្រាយ»

មេធាវី សំ សុ​គង់ ឲ្យដឹង​ថា គិត​ត្រឹម​ពាក់​កណ្តាល​ខែកក្កដា​នេះ លោក គង់ ម៉ាស់ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ (ម១ជាង ១៧ខែ​ហើយ ហើយ​កូន​ក្តី​របស់​លោក អាច​នឹង​ត្រូវ​ដោះលែងឲ្យ​មាន​សេរីភាព នៅ​ថ្ងៃទី៣ ខែសីហាខាងមុខ បន្ទាប់ពី​អនុវត្ត​ទោស​គ្រប់​ចំនួន​កំណត់​ទាំងពីរ​សំណុំរឿង៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។