តុលាការកំពូលនឹងប្រកាសសាលដីការឿងក្តីសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅពាក់កណ្ដាលខែកក្កដា ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១ កក្កដា។ អ្នកការពារសិទ្ធិមនុស្សស្នើឱ្យតុលាការជាន់ខ្ពស់មួយនេះ ផ្តល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
សហមេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា សវនាការនេះមិនមានការចូលរួមពីភាគីដើមបណ្ដឹងនោះទេ ដែលធ្វើឱ្យបាត់ប្រយោជន៍សម្រាប់កូនក្តីរបស់លោក ក្នុងការសួរដេញដោលចំពោះមុខ។ ម្យ៉ាងវិញទៀត សាក្សីសំខាន់មួយរូបដែលអាចបញ្ជាក់ពីភាពស្អាតស្អំរបស់កូនក្ដីលោក ឈ្មោះ អ៊ុន ស្រីពេជ្រ ក៏តុលាការមិនបានហៅមកសួរនាំដែរ។ មេធាវីសមាគមអាដហុក (ADHOC) រូបនេះថ្លែងទៀតថា ខាងតំណាងមហាអយ្យកាបានធ្វើសេចក្តីសន្និដ្ឋានដាក់បន្ទុក និងបន្តចោទប្រកាន់កូនក្ដីរបស់លោកដដែល។
ទោះជាបែបនេះក្តី លោក សំ ទិត្យសីហា សង្ឃឹមថា ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់កូនក្ដីរបស់លោក ព្រោះគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកបកស្រាយថា កូនក្តីរបស់លោកត្រឹមតែជាអ្នកបកប្រែឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី មិនមែនជាអ្នកសម្រេចចិត្តក្នុងការផលិតភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" នោះឡើយ។ ជាពិសេស លោកថា កូនក្តីរបស់លោកមិនបានផ្តល់លុយឱ្យតួអង្គ ដើម្បីនិយាយប្រឌិតសាច់រឿង ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ៖ « ការប្រកាសសាលដីកានៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្នុងនាមខ្ញុំជាមេធាវីការពារសិទ្ធិឱ្យលោក រ៉ាត់ រត្នមុនី សង្ឃឹមថា ក្រុមប្រឹក្សាជំនុំជម្រះនឹងពិចារណាផ្ដល់នូវយុត្តិធម៌ពិតប្រាកដមួយជូនដល់លោក រ៉ាត់ រត្នមុនី។ ទោះបីជាគាត់បានអនុវត្តទោសក្នុងពន្ធនាគារដោយមិនទាន់បានស្វែងរកការពិតគ្រប់គ្រាន់ ក៏គាត់នៅតែចង់បាននូវអ្វីដែលហៅថា យុត្តិធម៌សម្រាប់ខ្លួនគាត់ » ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា កាលពីចុងឆ្នាំ២០១៨ នៅពេលលោក និងគ្រួសារកំពុងព្យាយាមសុំទិដ្ឋាការទៅប្រទេសហូឡង់ (Netherland) ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។ អាជ្ញាធរខ្មែរបានចោទលោកថា បានផ្ដល់លុយឱ្យប្រភព ដើម្បីនិយាយប្រឌិតសាច់រឿង នៅក្នុងភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" ប៉ុន្តែតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនោះ ឈ្មោះ អ៊ុន ស្រីពេជ្រ ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា អ្វីដែលនាងនិយាយ គឺជារឿងពិតផ្ទាល់ខ្លួន មិនមានការផ្ដល់លុយកាក់ឱ្យនិយាយកុហកនោះឡើយ៖ « នេះជារឿងការពិតរបស់ខ្ញុំ ខ្ញុំលាក់ទុកក្នុងចិត្តជាយូរហើយ ខ្ញុំចង់បញ្ចេញឱ្យធូរក្នុងអារម្មណ៍របស់ខ្ញុំ ហើយលោកគ្រូមុនី ក៏គាត់អត់មានត្រូវខុសអ្វីដែរ ព្រោះមុនពេលសម្ភាស គាត់និយាយដែរថា ហ៊ានតទល់ ឬអត់ ? ខ្ញុំថា ខ្ញុំហ៊ាន ខ្ញុំអត់ដែលខ្លាចអ្វីផង។ ខ្ញុំចង់ឱ្យអាជ្ញាធរ និងក្រុមប៉ូលិសដោះលែងលោកគ្រួខ្ញុំវិញទៅ ព្រោះគាត់អត់មានធ្វើរឿងខុសឆ្គង ឬក៏សូកលុយឱ្យគេថតរឿងនិយាយប្រឌិតទេ ព្រោះរឿងនេះជារឿងការពិត » ។
ទោះជាបែបនេះក្តី តុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" ហើយតម្រូវឱ្យលោកបង់សំណងដល់ដើមបណ្ដឹង ដែលជាតួអង្គម្ដាយកូននៅក្នុងភាពយន្តឯកសារនោះ ចំនួនជិត ២ម៉ឺនដុល្លារអាមេរិក។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្ដីសម្រេចនេះទុកជាបានការដដែល ទោះជាសវនាការធ្វើឡើងដោយគ្មានការចូលរួមពីភាគីដើមបណ្ដឹងក៏ដោយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោក រ៉ាត់ រត្នមុនី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកជឿថា ការផ្ដន្ទាទោសសហការីរបស់លោករូបនេះពីសំណាក់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញនោះ ជារឿងលម្អៀង និងរងឥទ្ធិពលនយោបាយ។ លោកបន្ថែមថា ប្រសិនបើតុលាការកំពូលសម្រេចក្តីនេះដោយឯករាជ្យ នោះលោក រ៉ាត់ រត្នមុនី នឹងទទួលបានយុត្តិធម៌វិញ៖ « យើងមើលឃើញថា គាត់ពុំមានកំហុសឆ្គងអ្វីទេ គ្រាន់តែជាអ្នកបកប្រែឱ្យអ្នកសារព័ត៌មាន ហើយបែរជាអាជ្ញាធរ និងតុលាការឃុំខ្លួនគាត់មកដល់ពេលនេះ ហើយមិនផ្ដល់សេរីភាពឱ្យគាត់ឡើងវិញ ហើយខ្ញុំគិតថា នៅពេលថ្ងៃ១៥ នេះ តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនគាត់ » ។
គិតត្រឹមដើមខែកក្កដានេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ១៨ខែមកហើយ ស្របពេលទោសក្នុងពន្ធនាគាររបស់លោកមានរយៈពេល ២៤ខែ។ ប្រពន្ធរបស់លោក គឺអ្នកស្រី ឡុង គីមហ៊ាង ដែលជាអតីតសកម្មជនសិទ្ធិលំនៅឋាន បាននាំកូនប្រុសតូចអាយុជាង ២ឆ្នាំ រត់ភៀសខ្លួនទៅប្រទេសថៃ កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោយពេលមានជនមិនស្គាល់មុខតាមឃ្លាំមើលសកម្មភាពរបស់អ្នកស្រី និងមានស្ត្រីមិនស្គាល់អត្តសញ្ញាណមួយក្រុមទៀត បានចេញមកអុកឡុករំខានការតវ៉ារបស់អ្នកស្រីនៅមុខស្ថានទូតរុស្ស៊ី ទីដែលអ្នកស្រីបានលើកបដាតវ៉ាជារៀងរាល់សប្ដាហ៍ ដើម្បីស្នើសុំអន្តរាគមន៍ឱ្យមានការដោះលែងស្វាមី។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំនៅប្រទេសថៃ (UNHCR Thailand) បានផ្ដល់ឋានៈជាជនភៀសខ្លួនដល់អ្នកស្រី និងកូនប្រុស ដើម្បីទទួលបានកិច្ចគាំពារផ្នែកសុវត្ថិភាព និងជំនួយសប្បុរសធម៌មួយចំនួនទៀត។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ ដោយសារតែលោកមិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។