តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿង ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិរបស់សមាជិកបក្សប្រឆាំងលោក គង់ ម៉ាស់ នៅថ្ងៃទី១៥ ខែកក្កដាសប្ដាហ៍ក្រោយ ។ មេធាវីការពារក្តី និងប្រពន្ធលោក គង់ ម៉ាស់ រំពឹងថា តុលាការកំពូល នឹងទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក គង់ ម៉ាស់ មានសេរីភាពឡើងវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក យូរ ឧត្តរា បានបើកសវនាការលើបណ្តឹង សាទុក្ខរបស់សមាជិកបក្សប្រឆាំងលោក គង់ ម៉ាស់ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដោយអវត្តមានលោក គង់ ម៉ាស់។ នៅក្នុងបន្ទប់សវនាការនេះ តុលាការ មិនបានសួរដេញដោលអ្វីនោះទេ ដោយគ្រាន់តែអនុញ្ញាតឲ្យតំណាងអយ្យការ និងតំណាងមេធាវីការពារក្តីជនជាប់ចោទ ឡើងធ្វើសេចក្ដីសន្និដ្ឋានម្ដងម្នាក់ប៉ុណ្ណោះ។
តំណាងអយ្យការអមតុលាការកំពូល លោក ជុំ សំបាន ស្នើសុំឲ្យតុលាការបន្តរក្សាបទចោទប្រកាន់ លើលោកគង់ ម៉ាស់ ដដែល ដោយសន្និដ្ឋានថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ និងសាលាដំបូងរាជនីភ្នំពេញកន្លងទៅ ត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយលោក គង់ ម៉ាស់ ខ្លួនឯង ក៏បានទទួលស្គាល់ថា ពិតជាបានធ្វើសកម្មភាពបង្ហោះសាររិះគន់រដ្ឋាភិបាលប្រាកដមែន។
ចំណែកមេធាវីការពារក្តីឲ្យ លោក គង់ ម៉ាស់ គឺលោក សំ សុគង់ នៅតែបន្តទាមទារឲ្យតុលាការ កំពូល លុបចោលសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ហើយទម្លាក់ចោលការចោទប្រកាន់ និងដោះលែងកូនក្ដីរបស់លោកឲ្យមានសេរីភាពឡើងវិញ។ មេធាវីរូបនេះយល់ថា សកម្មភាពរបស់កូនក្តីលោកមិនចូលក្នុងអំពើញុះញង់ ឬបង្កឲ្យមានភាពចលាចលណាមួយ ដូចការចោទប្រកាន់នោះទេ គឺគ្រាន់តែបញ្ចេញមតិរិះគន់បែបស្ថាបនា ដែលធានាការពារដោយច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះ៖ « កូនក្ដីមានការទទួលស្គាល់ថា មានការផុសរូបភាព និងសរសេរពាក្យពេចន៍តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) គឺជារិះគន់ទៅខាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមបែបស្ថាបនា ក៏ដូចជាក្នុងសង្គមប្រជាធិបតេយ្យ » ។
នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែពីបទប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បន្ទាប់ពីលោកបានសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ សារដែលលោកបង្ហោះនោះ រួមមាន យុទ្ធនាការម្រាមដៃស្អាតកាលពីមុនបោះឆ្នោត សាររិះគន់អំពីភាព អសកម្មមួយចំនួនរបស់រដ្ឋាភិបាល និងករណីចុងក្រោយរឿងតម្លៃកសិផលចុះថោកក្រោយ ពីសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជាជាដើម។
ប្រពន្ធរបស់លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ថ្លែងថា ការចាប់ និងការចោទប្រកាន់ប្តីលោក គឺពាក់ព័ន្ធនឹងរឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកស្រីរំពឹងថា តុលាការ កំពូល គួរតែមានសេចក្ដីក្លាហានទម្លាក់ចោលបទចោទប្រកាន់ទាំងគ្មានមូលដ្ឋាន ដើម្បីផ្តល់យុត្តិធម៌ និងសងភាពស្អាតស្អំដល់ប្តីលោកស្រីឡើងវិញ ខណៈប្ដីលោកស្រី ជាប់ពន្ធនាគារទាំងអយុត្តិធម៌ជាង ១៧ខែមកហើយ៖ « តុលាការគួរតែដោះលែងគាត់ចេញ ហើយតាមពិតគាត់នៅសល់តែប៉ុន្មានថ្ងៃទៀតទេ តែយើងដាក់បណ្ដឹងនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់យើង។ សម្រាប់ខ្ញុំ គាត់ជាប់ជិត ២ឆ្នាំហើយ ដូច្នេះវាពិបាកណាស់សម្រាប់ពួកខ្ញុំ » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណាបញ្ចេញទស្សនៈថា សំណុំរឿងដែលមានចរិតនយោបាយបែបនេះ តុលាការកំពូលប្រហែលជាគ្មានសេចក្តីក្លាហានទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក គង់ ម៉ាស់ នោះទេ ទោះបីជាដឹងថា សមាជិកបក្សប្រឆាំងរូបនេះ គ្មានកំហុសក៏ដោយ៖ « ប្រសិនជាតុលាការ គោរពនូវសិទ្ធិទទួលបានយុត្តិធម៌សម្រាប់គាត់ ខ្ញុំគិតថា តុលាការ ត្រូវទម្លាក់ចោលនូវបទចោទប្រកាន់ ដើម្បីឲ្យគាត់មានសេរីភាពក្នុងនាម ជាពលរដ្ឋឡើងវិញ ហើយមិនគួរណាបន្តឃុំខ្លួនទៀតទេ។ ប្រសិនបើអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវមែនទែននោះ គឺទម្លាក់នូវបទចោទប្រកាន់ហើយ គួរតែពិនិត្យមើលនៅការអនុវត្ត នីតិវិធីខាងអាជ្ញាធរពាក់ព័ន្ធដែលចាត់វិធានការទៅលើរឿងរបស់គាត់ ដែលមិនបានត្រឹមត្រូវនោះទៀត ដើម្បីធ្វើឲ្យសាធារណជនជាតិ និងអន្តរជាតិ មើលឃើញថា គេកំពុងធ្វើកំណែទម្រង់ដោយ មិនប្រកាន់ ឬរើសអើងនិន្នាការនយោបាយ » ។
រហូតដល់ថ្ងៃនេះ លោក គង់ ម៉ាស់ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស (ម១) ជាង ១៧ខែហើយ ហើយលោកនឹងអនុវត្តទោសគ្រប់ចំនួនកំណត់ នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។