តុលាការ​​កោះហៅ​តំណាង​អ្នក​ឡ​ពាង​ចូល​បំភ្លឺ​ជា​លើក​ទី​២​ករណី​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី

ដោយ ហេង រស្មី
2019-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។
អ្នកភូមិ​ឡពាង ​៥នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ ៥២​គ្រួសារ​នៃ​សហគមន៍​ឡ​ពាង ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​កំពង់​ត្រឡាច បដិសេធ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ដែល​​ចេញ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៤ ​ថា​ដីធ្លី​មាន​​ជម្លោះ​នៅ​​ភូមិ​ឡ​ពាង និង​ភូមិ​បឹង​កក់ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) តាំង​ពី​ឆ្នាំ​១៩៩៧។
Provided photo

តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​តំណាង​ពលរដ្ឋ ១០​នាក់ នៃ​សហគមន៍​ឡ​ពាង​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​២​ដើម្បី​ចូលរួម​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញ​ហេតុផល លើ​បណ្ដឹង​របស់​ពួកគេ​ប្ដឹង​មោឃភាព​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​នេះ​តំណាង​ពលរដ្ឋ​ស្នើសុំ​តុលាការ បើកសវនាការ​ជំនុំជម្រះ​រឿង​នេះ​ឱ្យ​បាន​ឆាប់ ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ និង​យុត្តិធម៌។

ចៅក្រម​តុលាការ​ក្រុងភ្នំពេញ លោក សំ ប៊ុនពៅ បង្គាប់​ឱ្យ​ពលរដ្ឋ​១០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ រស់នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ត្រូវ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ម្ដងទៀត នៅ​ថ្ងៃទី១៨ ខែ​កក្កដា ខាងមុខ ក្នុងនាម​ជា​សហ​ដើមចោទ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​១០​នាក់ លោកស្រី កែវ វណ្ណៈ យល់ថា ការ​កោះហៅ​ម្ដង​ហើយ​ម្ដងទៀត​នេះ តុលាការ​ហាក់​ចង់​អូស​បន្លាយ​សំណុំរឿង​ពួកគាត់​ពី​មួយ​ខែ​ទៅ​មួយ ដោយ​មិន​បើក​សវនាការ​ជំនុំជម្រះ​។ លោក ស្រី កែវ វណ្ណៈ បញ្ជាក់​ថា ពួកគាត់​ខំ​ស្វែងរក​សំណៅ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៤ ដែល​តុលាការ​បង្គាប់​នោះ​ដែរ តែ​នៅតែ​រក​មិនបាន ទាំង​នៅ​សាលាឃុំ​តាជេស សាលាស្រុក​កំពង់ត្រឡាច និង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង ចាប់តាំង​ពី​ដើមខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​។ តំណាង​ពលរដ្ឋ​រូប​នេះ ឱ្យ​ដឹង​ថា ទាំង​មន្ត្រី​ថ្នាក់​ឃុំ​រហូតដល់​មន្ត្រី​ខេត្ត តែង​និយាយ​ដោះ​សារ​យករួចខ្លួន នៅ​ពេល​ពលរដ្ឋ​ស្នើសុំ​សំណៅ​ឯកសារ​ទាំងនោះ​៖ «គំនិត​ខ្ញុំ ខ្ញុំ​គិត​ថា​ទៅ​លើក​នេះ ខ្ញុំ​ចង់​ឱ្យ​តុលាការ​មិន​ចាំបាច់​ហៅ​សាកសួរ​ម្ដង​ជា​ពីរ​ដង​ទៀត​ទេ​។ ចង់​ឱ្យ​បើកសវនាការ និយាយ​ឱ្យ​ដឹង​ខុសត្រូវ នៅ​ថ្ងៃ​ទី​១៨ ហ្នឹង​តែម្ដង​។ ព្រោះ​នៅ​ក្នុង​ដីកា​ហ្នឹង​គេ​ឱ្យ​យើង​ទៅ​ឆ្លើយ​បំភ្លឺ​ទេ។ គេ​សាកសួរ​ឆ្លើយ​បំភ្លឺ ឱ្យ​យើង​ឆ្លើយ​បំភ្លឺ​ប្រាប់​គេ​។ ដំណើរ​ដើមរឿង គេ​ដាក់​ក្នុង​ដីកា»

តំណាង​ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី អ៊ុំ សុភី យល់​ថា តុលាការ​ហាក់​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បណ្ដឹង​ឱ្យ​ពួកគាត់ ដែល​ជា​ពលរដ្ឋ​ក្រីក្រ មិន​ចេះ​អក្សរ​នោះ​ឡើយ​។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន បង្គាប់​​ឱ្យ​ភាគី​ក្រុមហ៊ុន​បង្ហាញ​កិច្ចព្រមព្រៀង​នោះ ព្រោះថា​មានតែ​ក្រុមហ៊ុន​របស់​អ្នកស្រី ជា ខេង ទេ ដែល​មាន​ឯកសារ​ពិតប្រាកដ​ទាំងអស់​នោះ៖ «ខ្ញុំ​ធ្វើ​តាម បើ​តុលាការ​ដាក់​មក​ហើយ​។ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​បាន​កិច្ចព្រមព្រៀង​ហ្នឹង​ទេ តាំងពី​ឃុំ ស្រុក ខេត្ត​។ គេ​ថា​គេ​អត់​មាន​ទេ កិច្ចព្រមព្រៀង​ហ្នឹង​នោះ​។ ខ្ញុំ​សង្ឃឹម​ថា លោក​ចៅក្រម គាត់​កាត់ក្ដី​ដោយ​ឯករាជ ដោយ​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ​។ ខ្ញុំ​សង្ឃឹមថា​តុលាការ​ហ្នឹង កាត់ក្ដី ការ​សាកសួរ​ក្ដី ឈរ​ទៅលើ​ភាព​ឯករាជ ឥត​លម្អៀង ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ រងគ្រោះ​ម្ដង​ហើយ​ម្ដងទៀត ជាន់​លើ​រងគ្រោះ​បន្ត​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បី​ឆ្លើយតប​នឹង​ការ​ទាមទារ​ពី​ខាង​ពលរដ្ឋ​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៤ កក្កដា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ពន្យល់​ថា តាម​នីតិវិធី កិច្ចព្រមព្រៀង​អ្វី​ក៏ដោយ គឺ​ត្រូវតែ​មាននៅ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ មិន​អាច​មាន​នៅតែ​ម្ខាង ហើយ​ម្ខាង​ទៀត​គ្មាន​នោះ​ទេ ។ លោក អំ សំអាត សង្កេត​ឃើញ​ថា ពលរដ្ឋ​ក្រីក្រ ឬក៏​អ្នករងគ្រោះ មានលទ្ធភាព​តិច​ណាស់​ដែល​ទទួលបាន​យុត្តិធម៌​ពេញលេញ​ពី​ប្រព័ន្ធ​តុលាការ គឺ​សឹងតែ​គ្រប់​រឿងក្ដី​ទាំងអស់​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ឬក៏​អ្នក​មាន​អំណាច​៖ «បើ​និយាយ​ពី​សំណុំរឿង​។ រឿង​នេះ​ជា​រឿង​រដ្ឋប្បវេណី​។ ដល់​សំណុំរឿង​រដ្ឋប្បវេណី តុលាការ​សំអាង​លើ​ភស្តុតាង​។ ដល់​អ៊ីចឹង​! ពួកគាត់​ពិបាក​រក​ភស្តុតាង ដល់​អ៊ីចឹង​យើង​មើល​លទ្ធភាព​នៃ​ការ​ឈ្នះក្ដី​របស់​គាត់​ដូចជា​ពិបាក​ដែរ​។ ទោះ​បី​យ៉ាងណា យើង​នៅតែ​សង្ឃឹមថា ចំពោះ​អ្នក​ឡ​ពាង​ដែល​រងគ្រោះ​រ៉ាំរ៉ៃ​នេះ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​គាត់»

កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លងទៅ សហគមន៍​ឡ​ពាង​ដែល​មកពី​ខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ភស្តុតាង​ជូន​តុលាការ​ក្រុងភ្នំពេញ ដែល​ពួកគាត់​រក​បាន​ពី​កាសែត​កោះសន្តិភាព ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​។ ប៉ុន្តែ ក្រឡាបញ្ជី​នៃ​តុលាការ​ក្រុង​ភ្នំពេញ ប្រាប់​អ្នក​ឡ​ពាង​ថា ឯកសារ​ដែល​ដាក់​ជូន​តុលាការ​នោះ គឺ​ពុំ​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​របស់​ចៅក្រម​ទេ។

កិច្ចព្រមព្រៀង ឬ​សំណង​គោលនយោបាយ ដែល​ចុះផ្សាយ​ក្នុង​កាសែត​ក្នុងស្រុក សរសេរ​ថា ក្រុមហ៊ុន​ខេ.ឌី.ស៊ី បាន​ផ្ដល់​ថវិកា​ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧​ពាន់​ដុល្លារ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ ហើយ​ថវិកា ១​ម៉ឺន​ដុល្លារ​ផ្សេងទៀត ជា​ថ្នូរ​នឹង​ការបញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ ស៊ែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​មិនដែល​ទទួល​បាន​ទឹកប្រាក់​ដូច​ការ​ចុះផ្សាយ​នោះ​ម្ដងណា​ឡើយ។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ខេ.ឌី.ស៊ី ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ​។ ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន​។ កាលពី​ឆ្នាំ​២០១៣ របប​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​មាន​ជម្លោះ​នេះ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ថែមទៀត ខណៈ​ពលរដ្ឋ​នៃ​ឃុំ​តាជេស នៅ​មិនទាន់​ទទួល​បាន​ដោះស្រាយ​នៅ​ឡើយ។

សហគមន៍​ឡ​ពាង ស្នើសុំ​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ពន្លឿន​នីតិវិធី​បើក​សវនាការ​កាត់សេចក្ដី​លើ​បណ្ដឹង​ពួកគាត់​ដោយ​យុត្តិធម៌​។ ក្រៅ​ពី​នេះ ពួកគាត់​ក៏​ស្នើ​ដល់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​ពួកគាត់​តាម​គោលការណ៍​ផ្ដល់​សំណង​ដែល​អាច​ទទួល​យក​បាន​។ ក្រៅ​ពី​នេះ ពលរដ្ឋ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ទទួលស្គាល់​ដីធ្លី​របស់​គាត់ ហើយ​ប្រសិនបើ​ក្រុមហ៊ុន​ចង់បាន​ដី​ពលរដ្ឋ​យក​ទៅ​អភិវឌ្ឍន៍ ត្រូវ​ទិញ​ពី​ពលរដ្ឋ​ទៅតាម​តម្លៃ​ទីផ្សារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល