អាមេរិក​អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​តម្លាភាព

ដោយ ជុន ច័ន្ទបុត្រ
2020-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារ​ដែល​បង្ហោះ​​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២០ អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​តម្លាភាព។
សារ​ដែល​បង្ហោះ​​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២០ អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​តម្លាភាព។
Screenshot

សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​​អាជ្ញាធរ​កម្ពុជា​ ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​មាន​តម្លាភាព។ ​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ កក្កដា ចំ​ថ្ងៃខួប​៤ ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បង្ហោះសារ​លើ​ហ្វេសប៊ុក (Facebook) ​ថា បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​​គោរព​យ៉ាង​ជ្រាលជ្រៅ ហើយ​ជា​អ្នក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​មិន​​ខ្លាច​រអា​ក្នុង​ការ​ស្វែង​រក​ការពិត។ ស្ថាន​ទូត​ថា ឃាតកម្ម​លើ​អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ គឺ​ជា​រឿង​​គួរ​ឱ្យ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង។

ការ​អំពាវនាវ​របស់​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ គឺ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​ទាម​ទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ដែរ ដែល​ចង់​ឃើញ​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ដៃដល់​ពិតប្រាកដ និង​អ្នក​ពាក់​ព័ន្ធ ជាពិសេស អ្នក​បញ្ជា​ពីក្រោយ​ខ្នង​ យក​មក​កាត់ទោស​តាម​ច្បាប់។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​ចំនួន ៣០​ស្ថាប័ន កាល​ពី​ថ្ងៃ​ទី៩ កក្កដា អះអាង​ថា ដើម្បី​ឱ្យ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី អាច​ជឿ​ទុក​ចិត្ត​បាន​ អាជ្ញាធរ​កម្ពុជា​ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​​ឯករាជ្យ​មួយ ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​មិន​បាន​ស៊ើបអង្កេត​រឿង​នេះ​ទៀត​ឡើយ ព្រោះ​ជន​ដៃដល់​បាន​សារភាព ហើយ​តុលាការ​ក៏​បាន​កាត់​ទោស​ជន​នោះ​រួច​ហើយ​ដែរ ម្យ៉ាងទៀត គឺ​ដោយសារ​តុលាការ​មិន​បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល