តុលាការខេត្តសៀមរាប សម្រេចផ្ដន្ទាទោស មន្ត្រីបក្សប្រឆាំង លោក បាន សម្ភីរ ជាប់ពន្ធនាគារ១ឆ្នាំដោយអនុវត្តទោស៧ខែ សល់ពីនេះត្រូវព្យួរ កាលពីថ្ងៃទី៤ តុលា ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
គិតមកត្រឹមថ្ងៃបើកសវនាការជំនុំជម្រះម្សិលមិញ លោក បាន សម្ភីរ វ័យ ៧០ឆ្នាំ ដែលជាជាងកាត់សក់ និងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំស្រុកជីក្រែង ខេត្តសៀមរាប ជាប់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្នអស់រយៈពេល ៤ខែមកហើយ។ លោកត្រូវជាប់ពន្ធនាគារ ៣ខែបន្តទៀត ទើបរួចទោស។
អតីតមន្ត្រីបក្សប្រឆាំង ១រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បានចែកចាយព័ត៌មានមួយលើគណនីហ្វេសប៊ុក ដែលបានរិះគន់លើអង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដោយមានរូបលោក ហ៊ុន សែន និងភរិយា រួមនឹងវីដេអូមួយបង្ហាញពីភាពខឹងសម្បាររបស់ពលរដ្ឋមួយចំនួនដែលរងគ្រោះដោយទឹកជំនន់។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា នេះជាករណីដំបូងគេហើយនៅកម្ពុជា ដែលតុលាការខេត្តសៀមរាប សម្រេចចេញសាលក្រមកាត់ទោសអតីតមន្ត្រីបក្សប្រឆាំង ផ្អែកតាមមាត្រាដែលរដ្ឋសភាបានធ្វើវិសោធនកម្មរួចហើយនោះ។ លោក អំ សំអាត យល់ថា ពេលណាសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវបានរួមតូច នោះការបញ្ចេញមតិដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏នឹងរងផលប៉ះពាល់ផងដែរ៖ «បាទ ! សាលក្រមនេះជាសារមួយ ដើម្បីគំរាមកំហែងឬក៏ព្រមានទៅដល់អ្នកដែលបញ្ចេញមតិដទៃទៀត បើសិនជាមានពាក្យពេចន៍ណាទៅដល់ព្រះមហាក្សត្រ ដល់ថ្នាក់ដឹកនាំអាចប្រឈមមុខអាចជាប់ទោសដែរ។ នេះវាជាកង្វល់ របស់សង្គមស៊ីវិលយើង ពីមុនមកផងដែរនោះ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋសភា បានធ្វើវិសោធនកម្ម ត្រង់មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ខណៈដែលមានការជំទាស់យ៉ាងខ្លាំងពីក្រុមអង្គការសង្គមស៊ីវិល។ មាត្រានេះ ត្រូវបានតាក់តែងឡើង ជាមួយនឹងការធ្វើវិសោធនកម្មលើឃ្លានៃមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដែលមតិជាតិ និងអន្តរជាតិ យល់ថា មានភាពមិនច្បាស់លាស់ ដើម្បីដាក់គោលដៅទៅលើក្រុមសង្គមស៊ីវិល និងគណបក្សជំទាស់។ ក្នុងមាត្រានោះចែងថា ការធ្វើ “សកម្មភាពណាមួយ” ដោយផ្ទាល់ ឬដោយប្រយោល “ប៉ះពាល់ដល់ផលប្រយោជន៍” របស់ប្រទេស និងពលរដ្ឋកម្ពុជា ដោយខុសច្បាប់។ ក្រុមសង្គមស៊ីវិល យល់ថា មាត្រានេះ នឹងត្រូវបានប្រើប្រាស់ដោយអាជ្ញាធរ ដើម្បីបំបិទសំឡេងរិះគន់រដ្ឋាភិបាល។ពាក់ព័ន្ធនឹងសាលក្រមតុលាការនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)ចាត់ទុកថា ជាសាលក្រមក៏អាម៉ាស់មួយ និងជាការផ្ដន្ទាទោសដែលធ្វើឡើងក្នុងហេតុផលនយោបាយយ៉ាងអាម៉ាស់ជាទីបំផុត។
នាយកជាន់ខ្ពស់ខាងផ្នែកប្រតិបត្តិការសកលអង្គការលើកលែងទោសអន្តរជាតិលោក លោក មីនណា ភីមភល (Minar Pimple) បានទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងលោក បាន សម្ភីរ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់។
លោក មីនណា ភីមភល បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិថា អ្វីដែលលោក បាន សម្ភីរ ធ្វើគឺគ្រាន់តែចុចចែកចាយ (Share) ហើយមិនបានសរសេរអ្វីទាំងអស់។ លោកថា ការចុចចែកចាយដូច្នេះគឺគ្រាន់តែជាការរិះគន់ដោយសន្តិវិធីប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
