តំណាងសហគមន៍ដីធ្លីនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យម្នាក់បានរត់គេចខ្លួនរកទីសុវត្ថិភាព ដោយសារព្រួយបារម្ភខ្លាចសមត្ថកិច្ចតាមចាប់ខ្លួន។ មន្ត្រីផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ លើកឡើងថា សមត្ថកិច្ចតាមចាប់តំណាងសហគមន៍ដីធ្លីនេះ ដោយសារមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីមន្ត្រីតុលាការខេត្តបន្ទាយមានជ័យ។
លោក សាម សេន ឲ្យដឹងថានៅរសៀលថ្ងៃសុក្រ ទី១៧ សីហាថា លោកបានរត់គេចពីការចាប់ខ្លួន ចោលផ្ទះសម្បែង និងប្រពន្ធកូន តាំងពីថ្ងៃទី១៦ សីហាមក ហើយមិនហ៊ានចូលផ្ទះនៅឡើយទេ។ តំណាងសហគមន៍ដីធ្លីរូបនេះរៀបរាប់ថា បើទោះបីជាដឹងថា ខ្លួនគ្មានកំហុសក៏ដោយ ក៏លោកមិននៅឲ្យសមត្ថកិច្ចចាប់ខ្លួនបានដែរ ដោយសារលោកគ្មានជំនឿលើស្ថាប័នតុលាការ ព្រោះប្រសិនបើសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការនឹងបញ្ជូនរូបគាត់ទៅដាក់ក្នុងពន្ធនាគារជាមិនខាន៖ «»
លោក សាម សេន បន្ថែមទៀតថា កន្លងមកមន្ត្រីតុលាការខេត្តបន្ទាយមានជ័យ បានកោះហៅរូបលោកឲ្យចូលខ្លួនបំភ្លឺជាច្រើនលើកហើយ ប៉ុន្តែគ្មានដំណោះស្រាយអ្វីទេ។
អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យលោក សុក កែវបណ្ឌិត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ សីហា ដោយលោកពុំទទួលទូរស័ព្ទ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគារ មានប្រសាសន៍ថា បើតាមសំណុំរឿងតំណាងសហគមន៍ដីធ្លីរូបនេះ មិនមានអ្វីធំដុំដល់ថ្នាក់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាចាប់ខ្លួនរូបគាត់នោះទេ។ លោក ស៊ុំ ច័ន្ទគារ អះអាងទៀតថា ការចាប់ខ្លួនសហគមន៍ដីធ្លីនេះមិនមែនជាដំណោះស្រាយ សម្រាប់ពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅស្រុកថ្មពួកនោះទេ។ ផ្ទុយទៅវិញ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ហើយគ្មានជំនឿទៅលើស្ថាប័នតុលាការទៀតផង៖ «»
ផ្ទៃដីជម្លោះដែលនាំឲ្យតុលាការចេញដីកាចាប់ខ្លួនរូបគាត់នោះ មានជាង ២៩០ហិកតារ។ ដីនេះប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ រស់នៅ ដែលមាន ៣ភូមិ គឺភូមិ កាប់ចោរ ភូមិគោកស្វាយ ស្ថិតក្នុងភូមិថ្មី និងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានជម្លោះដណ្ដើមគ្នាជាមួយក្រុមហ៊ុន លី សំអាន។ តំណាងសហគមន៍ដីធ្លីស្រុកថ្មពួកអះអាងថា ក្រុមហ៊ុនមួយនេះ ធ្វើប័ណ្ណកម្មសិទ្ធិលើដីទំនាស់ ដែលជាដីរបស់ពួកគាត់ ហើយពួកគាត់បានតវ៉ាទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយតាំងពីឆ្នាំ២០១៦ មក ប៉ុន្តែមិនមានអាជ្ញាធរណាដោះស្រាយជូនពួកគាត់នោះទេ។ ក្រោយមកក្រុមហ៊ុន លី សំអាន ក៏បានបង្វែរដីនេះឲ្យទៅប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលមិនធ្លាប់កាន់កាប់ដីពីមុនមក ធ្វើជាអ្នកតំណាងប្ដឹងតតាំងជាមួយពួកគាត់វិញម្ដង។
កាលពីថ្ងៃទី១៦ សីហា លោក ស៊ុំ ច័ន្ទគារ ឲ្យដឹងថាចៅក្រមជម្រះមុនអង្គសេចក្ដីទៅលើលោក សាម ម៉ាប់ និងលោក សួង សឿត ដោយបានសម្រេចឲ្យអ្នកទាំង២ នៅក្រៅឃុំបណ្ដោះអាសន្នដោយដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចំណែកលោក សាម សេន សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួន។ មន្ត្រីសង្គមស៊ីវិលរូបនេះ ឲ្យដឹងទៀតថា ដីកាបង្គាប់ឲ្យចាប់ខ្លួននោះ លុះត្រាមានសាលក្រមណាមួយសម្រេចលុបដីកាបង្គាប់ឲ្យចាប់ខ្លួន ទើបជននោះរួចខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
