គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ករណី​លោក រ៉ាត់ រត្នមុនី

ដោយ ស្ងួន អមរា
2019.02.28
លោក រ៉ាត់ រត្នមុនី ៦២២ លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ពី​ខាង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ស្នើ​ទៅ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ករណី​លោក រ៉ាត់ រត្នមុនី ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា ប្រសិនបើ​មាន​អន្តរាគមន៍​ពី​លោក ហ៊ុន សែន សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​អាច​នឹង​បាន​នៅ​ក្រៅ​ឃុំ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ ម៉ូនីកា ដែល​ជា​កូនប្រុស​របស់​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា លោក​បាន​សំណូមពរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី ឬក៏​អនុញ្ញាត​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ការ​ស្នើ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ប្រគល់​ការងារ​នេះ​ទៅ​ឱ្យ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង ជា​អ្នក​សិក្សា និង​ត្រួត​ពិនិត្យមើល៖ «លោក រ៉ាត់ រត្នមុនី ខ្ញុំ​មើល​ទៅ​បញ្ហា​របស់​គាត់​ដូចជា​មិន​មាន​បញ្ហា​អី​ធំដុំ​ដែល​ត្រូវ​ចាប់​ឃុំឃាំង​រហូតដល់​សព្វថ្ងៃ​នោះ​ទេ​។ គាត់​គ្រាន់តែ​ជា​អ្នក​ជួយ​សម្របសម្រួល និង​បកប្រែ​ឱ្យ​ក្រុមហ៊ុន​របស់​រុស្ស៊ី ដើម្បី​ថត​រឿង​នោះ​ទេ ដូច្នេះ​ដូចជា​មិន​មាន​រឿង​អី​ធ្ងន់ធ្ងរ ដែល​ត្រូវ​ចាប់​គាត់​ឃុំឃាំង ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ឬក៏​យ៉ាងម៉េច​នោះ​ទេ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត ៣​ខែ​មក​ហើយ ដោយ​រង​ការចោទប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចោទ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​ក្នុង​ភាពយន្ត​ឯកសារ​ជួញដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នីតិវិធី​របស់​តុលាការ ដូច្នេះ​មិន​មាន​ភាគី​ណាមួយ​អាច​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង ឬ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី បាន​នោះ​ឡើយ។ លោក​យល់ថា ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ គឺ​គ្រាន់តែ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​នយោបាយ​ប៉ុណ្ណោះ៖ «មានតែ​ចៅក្រម​ទេ​ដែល​អាច​សម្រេច​បាន​ថា ទម្លាក់​ចោល​បទ​ចោទ ឬក៏​មិន​ទម្លាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬមួយ​ក៏​មិន​ឱ្យ​នៅ ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​សាក្សី សក្ខីកម្ម អង្គហេតុ និង​អង្គច្បាប់​ផ្សេងៗ មិន​អាច​មាន​ស្ថាប័ន​ណា​ជ្រៀតជ្រែក អន្តរាគមន៍ ឬក៏​ដាក់​សម្ពាធ​ឱ្យ​តុលាការ​ធ្វើការ​សម្រេច​ទៅលើ​ករណី​នេះ​បានទេ»

ទោះជា​យ៉ាងណា អ្នកការពារ​សិទ្ធិមនុស្ស​យល់ថា លោក ហ៊ុន សែន អាច​អន្តរាគមន៍​ករណី​នេះ​បាន​តាមរយៈ​ក្រសួង​យុត្តិធម៌ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ហើយ​ប្រសិនបើ​មាន​ការ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​មែន នោះ​លោក រ៉ាត់ រត្នមុនី នឹង​បាន​នៅ​ក្រៅ​ឃុំ ឬ​រួចខ្លួន​ពី​បទ​ចោទប្រកាន់​។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា គាំទ្រ​ឱ្យ​មាន​ការ​ដោះលែង ឬ​ទម្លាក់​ចោល​បទ​ប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី ព្រោះ​សកម្មជន​សិទ្ធ​ការងារ​រូប​នេះ​ត្រឹមតែ​ជា​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​របស់​រុស្ស៊ី​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​ចង់​រក​ខុសត្រូវ​រឿង​នេះ អាជ្ញាធរ​គួរតែ​ទាក់ទង ឬ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន RT វិញ ទើប​ជា​រឿង​ត្រឹមត្រូវ៖ «ការចោទប្រកាន់​ទាំងឡាយ​ទៅលើ​ជន​ណាមួយ ដែល​គេ​អត់​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ វា​គួរតែ​មានការ​ទម្លាក់​ចោល​បទចោទប្រកាន់ ហើយ​ដោះលែង​គាត់​ឱ្យ​សេរីភាព​ទៅ​។ បើ​យើង​ធ្វើ​របៀប​នេះ វា​អាច​មាន​បញ្ហា​ទៅលើ​ការអនុវត្ត​ច្បាប់ ព្រោះ​ច្បាប់​ចែង​មក​មិនមែន​ឱ្យ​ដាក់ទោស​អ្នក​ដែល​អត់​មានទោស​នោះ​ទេ​។ គេ​ដាក់ទោស​លើ​ជន​ដែល​ប្រព្រឹត្ត​ទោសកំហុស»

ក្រុម​គ្រួសារ និង​អ្នកគាំទ្រ​លោក រ៉ាត់ រត្ន​មុនី បាន​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ចំនួន ៧ ដង​រួច​មក​ហើយ ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​រូបលោក​។ ក៏ប៉ុន្តែ​សំណើ​នេះ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត ឬ​ពី​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ឡើយ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង អះអាង​ថា អ្នកស្រី​នឹង​មិន​បោះបង់ចោល​ការ​តវ៉ា​នៅមុខ​ទូត​រុស្ស៊ី​នេះ​ជាដាច់ខាត ដរាបណា​ស្វាមី​មិន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ទេ​នោះ។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​គ្រួសារ​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី ហើយក៏​កំពុង​ពិចារណា​លើ​ការ​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អន្តរាគមន៍​ករណី​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។