ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ​ម្នាក់​ជំរុញ​ឲ្យ​តុលាការ​ស៊ើ​រើ​សំណុំរឿង​ហិង្សា​ពី​សំណាក់​ប្រជា​ការពារ​ខណ្ឌ​៧​មករា

ដោយ ខែ សុណង
2021-04-04
Share
ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ​ម្នាក់​ជំរុញ​ឲ្យ​តុលាការ​ស៊ើ​រើ​សំណុំរឿង​ហិង្សា​ពី​សំណាក់​ប្រជា​ការពារ​ខណ្ឌ​៧​មករា លោក​ស្រី សេង ចាន់ថន (កណ្ដាល) ប្រពន្ធ​លោក ស៊ុន ធន់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បណ្ដឹង​នៅ​សាលា​ដំបូង​រាជធានី​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០២០ រឿង​សន្តិសុខ​ខណ្ឌ ៧ មករា ប្រើ​ហិង្សា​លើ​លោកស្រី។
Photo Provided

ជនរងគ្រោះ​នៃ​អំពើ​ហិង្សា និង​ភរិយា​សកម្មជន​បក្ស​សង្គ្រោះជាតិ ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ស្ត្រី​តវ៉ា​ថ្ងៃ​សុក្រ ស្នើ​តុលាការ​រាជធានី​ភ្នំពេញ ស៊ើ​រើ​សំណុំរឿង​ប្រជា​ការពារ​ប្រព្រឹត្ត​ហិង្សា​ក្នុង​ពេល​តវ៉ា​ទាមទារ​ដោះលែង​ប្ដី​ពី​ពន្ធនាគារ​ព្រៃស។

ប្រពន្ធ​លោក ស៊ុន ធន់ លោកស្រី សេង ចាន់ថន ថ្លែង​ថា គិត​ត្រឹម​ថ្ងៃទី​៤ ខែមេសា មាន​រយៈពេល​៨​ខែ​គត់ ដែល​លោកស្រី​រង​អំពើ​ហិង្សា​ឲ្យ​របួសធ្ងន់​ពី​សំណាក់​ប្រជា​ការពារ​ខណ្ឌ​៧​មករា​។ លោកស្រី​ស្នើ​ឲ្យ​តុលាការ ដំណើរការ​សំណុំរឿង​ដែល​គាត់​ប្ដឹង​ជាង​៧​ខែ​ហើយ មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ​។ លោកស្រី​ចង់​ឃើញ​ស្ថាប័ន​ក្រសួង​កិច្ចការ​នារី​យកចិត្តទុកដាក់​បញ្ហា​ស្ត្រី​ដែល​រង​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម​៖ «ឲ្យ​តែ​តុលាការ​ហ្នឹង​ហៅ​ជន​ដៃដល់​មក​ដាក់ទោស​ទណ្ឌ ទៅតាម​ផ្លូវច្បាប់ ហើយ​ក្រសួង​កិច្ចការ​នារី​ហ្នឹង គាត់​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ គាត់​ជួយ​ជំរុញ​ទៅ​ខាង​តុលាការ​ផង ដើម្បី​ឲ្យ​ខាង​តុលា​ការ​យកចិត្តទុកដាក់​មក​លើ​ខ្ញុំ​ដែល​ជា​ស្ត្រី​រងគ្រោះ​យក​ជន​ដៃដល់​មក​កាត់​ទោស ឲ្យ​ប្រជាពលរដ្ឋ​និង​ស្ត្រី​ដទៃទៀត​គាត់​មើលឃើញ ដែល​បាន​កាត់ក្ដី​ដោយ​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ផង​។ បើសិនជា​ស្ថាប័ន​ទាំង​ពី​យកចិត្ត​ចំពោះ​ខ្ញុំ​គឺ​មាន​ភាព​យុត្តិធម៌​មក​លើ​រូប​ខ្ញុំ​ហើយ ពិសេស​ស្ត្រី​ទូទៅ​ទាំងអស់​តែម្ដង»

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា បាន​ទេ កាល​ថ្ងៃទី​៣ ខែ​មេសា ដើម្បី​សាកសួរ​សំណុំ​រឿង​នេះ។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា លោកស្រី សេង ចាន់ថន ត្រូវ​បាន​ប្រជា​ការពារ​ខណ្ឌ​៧ មករា​ម្នាក់ ឈ្មោះ ឆោម ប្រសិដ្ឋ ចាប់​បោក​ផ្ដួល​ទៅ​លើ​ថ្នល់​កៅស៊ូ ក្នុង​ពេល​លោកស្រី និង​ស្ត្រី​ជាង​១០​នាក់​ទៀត ដែល​ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​តវ៉ា​គោះ​ឆ្នាំងបាយ​សុំ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​។ លោកស្រី​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

ក្រោយ​ហិង្សា​នេះ​ច្រើន​ម៉ោង នៅ​ថ្ងៃ​ដដែល រដ្ឋបាល​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា នឹង​ប្រើ​វិធានការ​អប់រំ​និង​ដាក់​វិន័យ លើ​ប្រជា​ការពារ​ឈ្មោះ​ឆោម ប្រសិទ្ធ ដែល​បាន​បង្ក​របួស​លើ​លោកស្រី សេង ចាន់ថន។ តែ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ក្រុម​ស្ត្រី​តវ៉ា​អហិង្សា​នោះ ជា​ក្រុម​អ្នក​តវ៉ា​ខុសច្បាប់​។ ប៉ុន្តែ​ចំណាត់ការ​នៅ​លើ​ក្រដាស​នេះ មិនអាច​រំងាប់​ចិត្ត​លោកស្រី​បាន​ទេ​។ លោកស្រី សេង ចាន់ថន បាន​សម្រេច​ប្ដឹង​ប្រជា​ការពារ​ឈ្មោះ ឆោម ប្រសិដ្ឋ ទៅ​តុលាការ ពី​បទ​ប៉ុនប៉ង​សម្លាប់​មនុស្ស​ដោយ​ចេតនា​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​កោះហៅ​លោកស្រី​សាកសួរ​បានតែ​ម្ដង គត់ និង​មិនបាន​បន្ដ​នី​ត​វិធី​ទៀត​ទេ ទោះជា​ការប្រព្រឹត្ត​ហិង្សា​នេះ​មាន​វីដេអូ​ភស្តុតាង ដែល​មាន​ការ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ពាសពេញ​ពិភពលោក​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល