ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង បង្គាប់ឱ្យឃុំខ្លួនយុវជនម្នាក់ ពីបទបង្ហោះសារ ញុះញង់ និងប្រមាថព្រះមហាក្សត្រ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសិទ្ធិមនុស្ស ស្នើឱ្យមានការស៊ើបអង្កេតឱ្យច្បាស់ និងអនុវត្តច្បាប់ជេរ ប្រមាថតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យបានស្នើគ្នា។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា បានចោទប្រកាន់ថា យុវជន ឈ្មោះ គឹម បញ្ញា ៤បទល្មើស គឺបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថព្រះមហាក្សត្រ។ ការសម្រេចចោទប្រកាន់នេះ ធ្វើឡើង កាលពីថ្ងៃទី២៣ ឧសភា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ឧសភា។
ក្រោយការសម្រេចចោទប្រកាន់ ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀងឃុំខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី២៣ ឧសភា។
ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (Freshnews) ចុះផ្សាយថា មាននគរបាលខេត្តស្វាយរៀង ប្រាប់ថា ការឃាត់ខ្លួនយុវជន គឹម បញ្ញា គឺបន្ទាប់ពីយុវជនរូបនេះ បានបង្ហោះសារជេរប្រមាថ លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាច និងមានសារខ្លះ ប្រមាថព្រះមហាក្សត្រ។
សមត្ថកិច្ច និងសាលាដំបូងខេត្តស្វាយរៀងមិនបានបញ្ចេញខ្លឹមសារ គណនីហ្វេសប៊ុក លោក គឹម បញ្ញា បង្ហោះសារសរសេរ បែបណា ទើបត្រូវរកការចោទ៤បទល្មើសផ្ទួនគ្នាបែបនេះទេ។ ចំណែកគណនីហ្វេសប៊ុកនោះទៀតសោត ក៏រកមិនឃើញក្នុងគេហទំព័រហ្វេសប៊ុកដែរ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ផាន់ រតនា នៅថ្ងៃទី២៤ ឧសភា ដោយសារមិនទទួលទូរស័ព្ទ។
អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថា អង្គការលីកាដូ ក៏កំពុងរកមើលគណនីហ្វេសប៊ុក របស់ លោក គឹម បញ្ញា ដែរ តែរកមិនឃើញ។ តំណាងសង្គមស៊ីវិលនៅខេត្តនេះ អះអាងថា ពលរដ្ឋជាច្រើន រស់នៅតាមភូមិ និងសហគមន៍នានា ក្នុងខេត្តស្វាយរៀង មិនទាន់ចេះប្រើប្រាស់បណ្ដាញសង្គមច្បាស់ទេ ហើយពួកគេខ្លះមិនដឹងថា ការបង្ហោះសារ ឬចែករំលែកសារតាមហ្វេសប៊ុកមានទោសឡើយ។ លោកចង់ឱ្យអាជ្ញាធរ ចុះទៅបង្រៀន របៀបប្រើប្រាស់ហ្វេសប៊ុក ដល់ពលរដ្ឋជាជាងការចាប់ខ្លួនពលរដ្ឋ៖ «យើងឃើញថា ការប្រើរបស់ពួកគាត់ ពេលខ្លះ ពួកអ្នកដែលប្រើហ្នឹង គាត់អត់យល់ គាត់អត់បានដឹងពីអាច្បាប់ថ្មីៗ ប្រកាសថ្មីៗ ដែលគេចេញមក។ ពួកគាត់ចេះតែចេញសារមកតាមអ្វី ដែលគាត់គិតថា គាត់ស្អប់អ្នកនេះ គាត់គិតអ៊ីចឹងទៅ គាត់ធ្វើទៅណា។ គាត់អត់បានមើលអាពាក្យពាក់ព័ន្ធនឹងផ្លូវច្បាប់ ឬក៏ប្រកាសផ្សេងៗ ដែលគេបិទហាមអស់ហ្នឹង ហើយគាត់រងគ្រោះដោយអំពើអស់ហ្នឹង»។
ក្រោយពេលរបបក្រុងភ្នំពេញ ជម្នះបង្កើតច្បាប់ប្រមាថព្រះមហាក្សត្រក្រោមស្ថានភាពរិះគន់មក យ៉ាងហោចណាស់ មានមនុស្សចំនួន៤នាក់ហើយ ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារ ដោយសាររិះគន់ លោក ហ៊ុន សែន ហើយមានការប៉ះពាល់ដល់ព្រះមហាក្សត្រ។ អ្នកដែលត្រូវតុលាការចោទប្រកាន់បទនេះ ដំបូងគឺ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅស្រុកជីក្រែង ខេត្តសៀមរាប លោក បាន សម្ភីរ បន្ទាប់មក គឺនាយកសាលាបឋមសិក្សាមួយ នៅខេត្តកំពង់ធំ លោក ឃាង ណាវី ក្រោយមកគឺ យុវជន ឈ្មោះ អៀង ជលសារ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ។
នាយកផ្នែកផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី មិនគាំទ្រការបញ្ចេញមតិប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃទេ។ ប៉ុន្តែ លោកសង្កេតឃើញថា ការបង្កើតច្បាប់ខ្លះ បានរឹតត្បិតសេរីភាព បញ្ចេញមតិធ្ងន់ធ្ងរពេក ទើបបណ្ដាលឱ្យពលរដ្ឋ ដែលមិនមាននិន្នាការគាំទ្រគណបក្សកាន់អំណាច ត្រូវជាប់ពន្ធនាគារជាបន្តបន្ទាប់។ លោកសង្កេតឃើញថា អ្នកដែលប្រើបណ្ដាញសង្គមហ្វេសប៊ុករិះគន់ ជេរប្រមាថ មិនមែនមានតែក្រុមអ្នកគាំទ្រគណបក្សប្រឆាំងទេ គឺក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចខ្លះ ក៏បានប្រើហ្វេសប៊ុករិះគន់ ជេរប្រមាថដៃគូនយោបាយដែរ តែមិនដែលឃើញរកការចាប់ខ្លួនទេ។ លោកថា នេះជាការអនុវត្តច្បាប់មានស្តង់ដារពីរ រវាងអ្នករិះគន់បក្សកាន់អំណាច និងអ្នករិះគន់ ដៃគូប្រជែងរបស់បក្សកាន់អំណាច៖ «ភាគច្រើន គឺសកម្មជនរបស់គណបក្សនយោបាយប្រឆាំង យើងឃើញ គាត់ហ៊ានបញ្ចេញមតិច្រើនជាងអ្នកដែលទំនោរគាំទ្ររដ្ឋាភិបាល។ ដូច្នេះ បើសិនយើងមាន វិធានការដូច្នេះ អាចធ្វើឱ្យមានផលប៉ះពាល់ ហើយវាអាចនឹងធ្វើឱ្យសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋកាន់តែតូចទៅៗ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លាភាព នៃការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង»។
ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្វាយរៀង លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា បង្គាប់ថា ជនត្រូវចោទ លោក គឹម បញ្ញា អាចនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន យូរជាងការកំណត់ ប្រសិនបើមានដីកាបង្គាប់ឱ្យពន្យារពេលឃុំឃាំង ឬដីកាបង្គាប់ឱ្យរក្សាជនត្រូវចោទ បន្តឃុំរង់ចាំជំនុំជម្រះ។
បើទោះ របបក្រុងភ្នំពេញ អះអាងថា ការបង្កើតច្បាប់ដាក់ទោសទណ្ឌ អ្នកប្រមាថព្រះមហាក្សត្រ ដើម្បីលើកកម្ពស់កិត្យានុភាពព្រះមហាក្សត្រ និងប្ដេជ្ញាដាក់ទោសអ្នកហ៊ានប្រមាថព្រះមហាក្សត្រប៉ុន្តែនៅនទាន់មានមន្ត្រីរបបក្រុងភ្នំពេញណាម្នាក់ ហ៊ានចេញមុខទាមទារឱ្យ លោក ហ៊ុន សែន ទទួលទោស ចំពោះការជេរប្រមាថ ព្រះបិតា ព្រះមាតា ព្រះមហាក្សត្រ នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
