សាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ក្រុមនាវិកជាជនជាតិបរទេសចំនួន ១៦នាក់ ដែលនៅលើនាវាបរទេសមួយគ្រឿងពីបទរំលោភបូរណភាពដែនទឹកកម្ពុជា និងពីបទប៉ុនប៉ងរត់ពន្ធទំនិញ។ មន្ត្រីសង្គមស៊ីវិល សាទរចំពោះវិធានការរបស់អាជ្ញាធរកម្ពុជា។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ លោក គួន ចន្ថា សម្រេចដាក់ក្រុមនាវិកទាំង ១៦នាក់ដែលជាជនត្រូវចោទ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីចោទប្រកាន់ចំនួនពីរបទល្មើស គឺពីបទរំលោភលើបូរណភាពដែនទឹកកម្ពុជា តាមមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍ និងពីបទប៉ុនប៉ងរត់ពន្ធទំនិញក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជាតាមមាត្រា១១ និងមាត្រា៧៤នៃច្បាប់ស្ដីពីគយ។
ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៥ ខែមីនា ឱ្យដឹងថា ជនជាប់ចោទទាំង១៦នាក់នេះ មិនត្រូវនាំទៅឃុំខ្លួនក្នុងពន្ធនាគារទេ ប៉ុន្តែដាក់ឱ្យស្ថិតនៅលើនាវា ឈ្មោះMT-COURAGEOUS សញ្ជាតិកាមេរួន (Cameroon) ដោយមិនអនុញ្ញាតឱ្យចាកចេញពីនាវា និងមិនអនុញ្ញាតឱ្យបើកបរនាវាចេញពីកន្លែងឃាត់ទុកទុកឡើយ។ បច្ចុប្បន្ន នាវា ដែលមានបណ្ដោយ៨៥ ម៉ែត្រ និងទទឹង១៨ម៉ែត្រ និងទម្ងន់ផ្ទុកជាង ៣ពាន់ ៩រយតោន( ៣.៩១២) មួយនេះ កំពុងរក្សាទុកនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ។
អាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យនិងព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
តាមបទចោទទាំងពីរនេះ នាវិកទាំង១៦នាក់នោះអាចនឹងប្រឈមនឹងទោសជាប់ពន្ធនាគារពីរ១ខែ ដល់១ឆ្នាំ មុនបណ្ដេញចេញពីកម្ពុជា និងត្រូវពិន័យជាប្រាក់ស្នើនឹងទំហំ១ ដល់៣ដងនៃប្រាក់ពន្ធដែលបានគេចវេះ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បង្ហាញការសាទរ ចំពោះវិធានការច្បាប់របស់កម្ពុជា ប៉ុន្តែអ្នកស្រី មើលឃើញថា ផ្អែកតាមបទចោទទាំងពីរមាត្រា គឺ ការផ្តន្ទាទោសនៅមានកម្រិតស្រាល៖ «ចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីទៀត ព្រោះវាអត់ទាន់ចប់ទេ ប៉ុន្តែបទចោទដែលចោទតាមច្បាប់កម្ពុជានេះ យើងមើលទៅបើសិនជាគាត់មានចេតនាប្រព្រឹត្ត អ៊ីចឹងដូចការចោទប្រកាន់មែន គឺគេនឹងផ្ដន្ទាទោសគាត់ ហើយទំហំនៃការផ្តន្ទាទោសនេះ មានចាប់ពី១ខែដល់១ឆ្នាំ ហើយការផាកពិន័យនេះស្មើនឹងតម្លៃពន្ធត្រឹមត្រូវតាមផ្លូវច្បាប់ពី ១ដងទៅ ដល់៣ដង ដូច្នេះយើងគិតថា វាតិចតូចណាស់ ហើយបើយើងគិតថា បើសិនជាកប៉ាល់នោះ គាត់រួចផុតពីខ្សែភ្នែករបស់សមត្ថកិច្ចកម្ពុជាយើង វាអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ច្រើនដល់ប្រទេសផ្សេងទៀត ដោយសារតែចេតនានៃការប្រព្រឹត្តរបស់គាត់ល្មើសនេះសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ»។
នគរបាលព្រំដែនទឹកកម្ពុជា បានបញ្ជូនក្រុមនាវិកទាំង ១៦នាក់ ក្នុងនោះជនជាតិឥណ្ឌូណេស៊ី៤នាក់ និងជនជាតិជាតិភូមា (មីយ៉ាន់ម៉ា) ១២នាក់ ទៅតុលាការ កាលពីថ្ងៃទី៣ ខែមីនា បន្ទាប់ពីឃាត់ខ្លួន កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ក្រោយឆែកនិងរកឃើញថា នាវានេះ បានបំពានដែនសមុទ្រកម្ពុជា និងមានបំណងទុច្ចរឹតណាមួយ។
អគ្គស្នងការរងនគរបាលជាតិ លោក តេង សួន ប្រាប់គេហទំព័រអគ្គស្នងការនគរបាលជាតិថា នាវានេះ បានទទួលបញ្ជាឱ្យចេញពីកំពង់ផែមួយនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ លុះដល់ថ្ងៃទី ២៦ ខែកុម្ភៈ នាវានេះ បានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវ៉ៃ ក្នុងទឹកដីខេត្តព្រះសីហនុ ។ នាវានេះធ្លាប់ធ្វើសកម្មភាពបំពានទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាង។
កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មលើប្រទេសកុម្មុយនិស្តកូរ៉េខាងជើងជាបន្តបន្ទាប់ជាច្រើនទម្រង់ខាងវិស័យសេដ្ឋកិច្ច ការនាំចេញ និងការ នាំចូល ដើម្បីកាត់ផ្ដាច់នូវហិរញ្ញប្បទានទាំងឡាយ ដែលអាចយកទៅចិញ្ចឹមដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
