ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឲ្យមានការ ប្រើប្រាស់គ្រឿងញៀននោះ បន្តរស់នៅក្រៅពន្ធនាគារអស់រយៈជិត ៤ខែហើយ ។ ការរស់នៅ ក្រៅពន្ធនាគារនេះ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។ លោក គិត ធាង មន្ត្រីពន្ធនាគារថា ករណីនេះ គឺដោយសារតែខាងមន្ទីរពេទ្យរុស្ស៊ី មិនចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និងលិខិតអនុញ្ញាតឲ្យនាំខ្លួនជនជាប់ចោទទៅឃុំក្នុងពន្ធនាគារវិញ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ករណីនេះអាចមានអំពើ ពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថាជនជាប់ចោទលោកឧកញ៉ា គិតធាង មិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារភ្នំពេញ (PJ) នៅឡើយទេ ដោយសារតែលោកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ លោកបញ្ជាក់ថា កន្លងមក លោក គិត ធាង មានជំងឺថប់ដង្ហើម ហើយស្ថានភាពជំងឺរបស់លោក បានធូរស្រាលហើយ ប៉ុន្តែ លោកមិនដឹងយ៉ាងម៉េចនោះទេ ទើបខាងមន្ទីរពេទ្យ មិនព្រមចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និង ចេញលិខិតអនុញ្ញាតឲ្យនាំខ្លួនលោកទៅឃុំនៅក្នុងពន្ធនាគារវិញទាល់តែសោះ៖ « ខាងខ្ញុំមិនមែនអនុញ្ញាតណា ហើយខាងមន្ទីរពេទ្យអត់ចេញសេចក្ដីជូនដំណឹងថា ឥឡូវគាត់ធូរស្រាលហើយអាចបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគារវិញបាន គឺសំខាន់ខាងពេទ្យ។ តាមពិតទៅខាងខ្ញុំចង់តែយកមកវិញទេ ព្រោះរាល់ថ្ងៃវាអត់មានមនុស្សប្រើផង ហើយយកមន្ត្រីរបស់ខ្ញុំទៅប្រចាំការទីនោះ » ។
អាស៊ីសេរី បានព្យាយាមទាក់ទងសុំការឆ្លើយតបពីនាយកមន្ទីរពេទ្យរុស្ស៊ី លោក ងី ម៉េង និងនាយក រងមន្ទីរពេទ្យរុស្ស៊ី លោក ចាន់ វិចិត្រ ជាច្រើនលើក តែមិនទទួលទូរស័ព្ទ។
លោក នុត សាវនា លើកឡើងថា ខាងពន្ធនាគារ មិនមានសិទ្ធិនាំខ្លួនឧកញ៉ា គិត ធាង ចូលពន្ធនាគារវិញនោះទេ ប្រសិនបើខាងមន្ទីរពេទ្យមិនចេញលិខិតអនុញ្ញាត។
លោក ឲ្យដឹងថា ការសម្រាកព្យាបាលនៅមន្ទីរធំៗ របស់រដ្ឋនេះ គឺជាបន្ទុកចំណាយរបស់រដ្ឋ ប៉ុន្តែ លោកមិនដឹងថា ឧកញ៉ា គិត ធាង ចំណាយលើអ្វីខ្លះដែរនោះទេ។ ចំពោះបញ្ហារិះគន់ថា អ្នកទោសនយោបាយ ឬអ្នកទោសមនសិការ និងអ្នកទោសក្រីក្រ មិនងាយទទួលបានសិទ្ធិសម្រាកព្យាបាលនៅក្រៅពន្ធនាគារដូចអ្នកទោសមានលុយមានអំណាចនោះ លោក នុត សាវនា ឆ្លើយថា ជាការរិះគន់មិនដឹងខ្យល់អ្វីទាល់តែសោះ និងអះអាងថា វាជាសិទ្ធិសម្រេចរបស់តុលាការ និងខាងមន្ទីរពេទ្យ៖ « យើងជាអ្នកសង្គ្រោះបឋម និងបន្ទាន់ព្រោះយើងអ្នកមើលផ្ទាល់ក្នុងពន្ធនាគារ។ឧបមាថា អ្នកទោសនេះឈឺប្រកាច់ប្រកិន ឬក៏មានអាការៈមួយ ធ្ងន់ធ្ងរ យើងទុកគាត់ចោលអត់បានទេ។យើងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីយកគាត់ទៅព្យាបាលនៅខាងក្រៅ ។ដល់ពេលនៅខាងក្រៅវានៅលើដៃពេទ្យ ហើយបើពេទ្យនោះអត់ ចេញលិខិតមកថា អ្នកជំងឺនោះធូរស្រាល គឺយើងយកមកម៉េចកើត » ។
លោកឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ខែមេសា ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនា គារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ។ព្រះរាជ អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា គឺជាអ្នកអនុញ្ញាតឲ្យលោក គិត ធាង ចេញ ទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារតាមការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក គិត ធាង ។
កន្លងមក សារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យរុស្ស៊ីថា អាការៈជំងឺលោក គិត ធាង បានធូរស្រាលជាយូរមកហើយ ដោយមិនចាំបាច់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ ប៉ុន្តែលោក គិត ធាង មិនព្រមត្រឡប់ទៅវិញ។ កាសែតក្នុងស្រុកចុះផ្សាយទៀតថា លោក គិត ធាង ដេកព្យាបាលនៅបន្ទប់ពិសេសមួយ ដោយមានម៉ាស៊ីនត្រជាក់ទូទឹកកក មានម៉ាស៊ីន ហាត់ប្រាណ ម៉ាស៊ីន ចម្អិនអាហារ ម៉ាស៊ីន ក្រឡុកផ្លែឈើ ទូរទស្សន៍ និងប្រើទូរស័ព្ទមានអ៊ីនធឹណិតថែមទៀតផង។ ជាពិសេសបន្ទប់នោះ គឺមិនអនុញ្ញាតឱ្យអ្នកណាចេញចូលឡើយសូម្បីអនុរក្សពន្ធនាគារ ក្រៅតែពីគ្រួសារឬប្រពន្ធរបស់លោក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា ទណ្ឌិត ឬជន ជាប់ចោទគ្រប់រូបមានសិទ្ធិទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យធំៗ របស់រដ្ឋ ប្រសិនបើពួកគេ មានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោកបារម្ភថា ករណីលោកឧកញ៉ា គិត ធាង នេះ អាចគ្រាន់តែជាហេតុផលមួយ ដើម្បីគេចវេះពីការទទួលទោសទណ្ឌក្នុងពន្ធនាគារ។ លោកបន្តថា ករណីនេះ គឺធ្វើឲ្យមានភាពអយុត្តិធម៌ សម្រាប់អ្នកទោសផ្សេងទៀត ដែលក្រីក្រ និងជាអ្នកទោសមនសិការ ហើយធ្វើឲ្យមានការរិះគន់លើប្រព័ន្ធយុត្តិធម៌ទាំងមូល៖ « យើងមើលមិនឃើញមានភាពស្មើគ្នាទេ ព្រោះកន្លងមកយើងឃើញជាក់ស្ដែងថា មន្ត្រី អាដហុក ក៏ធ្លាប់ឈឺធ្ងន់នៅក្នុងពន្ធនាគារដែរ ប៉ុន្តែគេថា នៅក្នុងពន្ធនាគារមានពេទ្យជំនាញរបស់គេ ហើយមិនចាំបាច់ចេញទៅក្រៅទេ ហើយរួមទាំងមន្ត្រីសកម្មជនគណបក្សនយោបាយអីដូចជាលោក យ៉ា ថុង អីជាដើមអ៊ីចឹង ទុកបណ្ដោយឲ្យគាត់ មានជំងឺរ៉ាំរ៉ៃក្នុងពន្ធនាគារនៅពេលគេដោះលែងហើយគាត់ព្យាបាលនៅខាងក្រៅវាយឺតពេលរហូតដល់គាត់បានស្លាប់។នៅមានករណីជាច្រើនទៀតដែរ។ យើងគួរតែផ្ដល់ភាពស្មើគ្នាព្រោះគេដាក់ ទោសមិនដែលគិតមាន ឬក្រអីទេ » ។
លោកឧកញ៉ាគិត ធាង ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១១ មីនា បន្ទាប់ពី មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ដោយសារតែការមានរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកថា ករណីគ្រឿងញៀននៅ រ៉ក់ នេះ អាជ្ញាធរឃាត់ខ្លួនបានតែភ្ញៀវ ដែលចូលទៅរាំច្រៀងនៅទីនោះ។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង សម្រេចឱ្យឃុំខ្លួនលោក គិត ធាង នៅពន្ធនាគារ ប៉េហ្ស៊ី (PJ) កាលពីថ្ងៃទី១២ ខែមីនា ក្រោយចោទប្រកាន់ពីបទចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិតតាមមាត្រា៤២ និង៤៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននិងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ឹង សែនករុណា ថ្លែងថា ប្រសិនបើទណ្ឌិត ឬជនជាប់ចោទដែលមានលុយមានអំណាច អាចដេកព្យាបាលជំងឺនៅក្រៅពន្ធនាគាររយៈពេលច្រើនខែរហូតដល់ឆ្នាំបែបនេះ នាំឲ្យមានការ សង្ស័យពីភាពមិនប្រក្រតី ដូចជាបញ្ហាពុករលួយ និងបក្ខពួកនិយម និងធ្វើឡើងជាប្រព័ន្ធតែម្ដង។លើសពីនេះ វាក៏ជាភាពកម្សោយមួយនៅក្នុងការអនុវត្តច្បាប់ ដែលធ្វើឧក្រិដ្ឋជនមិនខ្លាចរអាក្នុង ប្រព្រឹត្តបទល្មើសនោះទេ៖ «អ៊ី ចឹងកាលណាដែលអ្នកនៅតែក្រៅពន្ធនាគារ និងរស់នៅក្នុងពេទ្យជាកន្លែង ដែលស្រួលរបៀបនេះ គឺការដាក់ទោសទណ្ឌនេះអត់មានភាព ស្មើគ្នាជាមួយអ្នកទោសផ្សេងៗ ទៀតទេ។ អ៊ីចឹងអ្នកប្រព្រឹត្តនូវបទល្មើស គឺគាត់នឹងមិនរាងចាលទេ ។អាងលើទឹកប្រាក់ អាងលើអំណាចអីនោះ គឺអាចជជែកជាមួយខាងពន្ធនាគារបាន ហើយចេះតែមានឱកាសទៅព្យាបាលនៅខាងក្រៅអ៊ីចឹងទៅ»។
កន្លងមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរងការចោទថា បានជួលបន្ទប់ទំនើបៗ ឱ្យជនជាប់ចោទមានប្រាក់ស្នាក់នៅ។ ក្រៅពីលោក គិត ធាង មានអ្នកទោសផ្សេងទៀត បានចូលទៅស្នាក់នៅក្នុងបន្ទប់ វីអាយភី (VIP) របស់មន្ទីររុស្ស៊ី មានដូចជា ឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ, លោក ឈូក បណ្ឌិត អតីតទណ្ឌិត និងជាអតីតអភិបាលក្រុងបាវិត ដែលបាញ់ក្រុមកម្មករ, ឧកញ៉ា សុខ ប៊ុន ក្នុងសំណុំរឿងហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ព្រមទាំងក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះដោយសេរីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
