មន្ត្រី​សមាគម​អាដហុក​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​សាលដីកា​ផ្ដន្ទាទោស​រឿង​សូកប៉ាន់​សាក្សី

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​សាលដីកា​ផ្ដន្ទាទោស​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ផ្តល់​យុត្តិធម៌ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ព្រោះ​ពួកគាត់​បំពេញ​ការងារ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ជួយ​ពលរដ្ឋ​រងគ្រោះ​តាម​វិជ្ជាជីវៈ និង​ច្បាប់​យ៉ាង​ត្រឹមត្រូវ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លើក​ឡើង​ថា ក្រោយ​ពី​ទទួលរង​ភាព​អយុត្តិធម៌​ពី​សេចក្តី​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​បន្តបន្ទាប់ ពួកគាត់​បាន​ដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​២១ ខែ​មិថុនា​។ ពួកគាត់​រំពឹង​ថា តុលាការ​ថ្នាក់ខ្ពស់​មួយ​នេះ នឹង​ផ្ដល់​សេរីភាព​ពេញលេញ​ដោយ​ទម្លាក់​ចោល​ការចោទប្រកាន់​នា​ពេល​ខាង​មុខនេះ​។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ថ្លែង​ថា មូលហេតុ​ដែល​លោក​ដាក់ពាក្យ​ប្តឹង​សាទុក្ខ​ពេល​នេះ ដោយសារ​កន្លង​មក​សេចក្តី​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់ក្រោម​វិនិច្ឆ័យ​ដោយ​ពុំ​បាន​ពិចារណា​ផ្អែកលើ​អង្គហេតុ​និង​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ថា ផ្ទុយ​ទៅ​វិញ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​បំពេញការងារ​ជួយ​ជនរងគ្រោះ​ស្រប​តាម​គោលការណ៍​សមាគម និង​ច្បាប់​បែរជា​រង​ការ​លាប​ពណ៌ និង​ចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ទាំង​អយុត្តិធម៌​ទៅវិញ​។ លោក យី សុខសាន្ត ស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​កោះហៅ​ដើមបណ្ដឹង ដើម្បី​ចូលរួម​សវនាការ​ត​ទល់​គ្នា៖ «ដោយសារ​តាំងពី​សាលាដំបូង ក៏​ដូច​សាលាឧទ្ធរណ៍​លោក​មិនបាន​ចាត់វិធានការ​ទៅតាម​សំណូម​ពារ​របស់​ពួក​យើង​ទេ ដោយ​វិនិច្ឆ័យ​ខុស​ដែល​មិន​បាន​ទៅលើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង ជាពិសេស​សាក្សី​ពីរ​នាក់​ដែល​ប្តឹង​និង​ចោទប្រកាន់​មក​លើ​រូបយើង​ថា សូកប៉ាន់​សាក្សី​តែ​ពួកគាត់​អត់​បាន​មក​ត​ទល់​ក្តី​នៅ​ចំពោះមុខ​ច្បាប់​ទេ»។

​បណ្តឹង​សាទុក្ខ​ពេល​នេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លោក ស៊ិន វិសាល ដែល​បាន​តម្ត​ល់​ការ​ផ្តន្ទាទោស​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​ម្នាក់ទៀត​គឺ​លោក ណៃ វ៉ង់ដា និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក នី ចរិយា តាម​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ចំនួន ៥​ឆ្នាំ ក្រោម​បទចោទប្រកាន់​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​មក​។ ប៉ុន្តែ​ទោស ៥​ឆ្នាំនេះ ដោយ​តុលាការ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​១៤​ខែ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​បាន​ព្យួរ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ២១ ខែ​មិថុនា។

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លើ​មន្ត្រី​អាដហុក ៥​នាក់​កន្លង​ទៅ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​ពារ​សិទ្ធិមនុស្ស​ដែល​ជួយ​ជនរងគ្រោះ​ដោយ​បំពេញការងារ​តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ លោក​មើល​ឃើញ​ថា សំណុំរឿង​នោះ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​ក្នុង​ការ​ចោទប្រកាន់​លើ​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនេះ​ទេ​។ លោក​បន្ត​ថា ចំពោះ​ការ​មិន​កោះហៅ​សាក្សី គឺ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន ចូលរួម​សវនាការ​ហាក់​លម្អៀង​ទៅ​រក​ដើម​បណ្តឹង​ដែល​ជា​ការ​បំពាន​នីតិវិធី​ច្បាប់៖ «តាំង​ពីដើម​មក​ហើយ ដែល​មិន​គួរ​មាន​ការ​ចោទប្រកាន់ ការ​ផ្តន្ទាទោស​ដល់​ពួកគាត់​ទេ ពីព្រោះ​ពួកគាត់​គ្រាន់តែ​បំពេញ​តួនាទី​ក្នុងនាម​អ្នកការពារ​សិទ្ធិមនុស្ស បម្រើ​ផលប្រយោជន៍​ក្នុង​សង្គម ហើយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដោយ​ធ្វើការ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​មិនមែន​ជា​បទល្មើស​ដូច​ការចោទប្រកាន់​នោះ​ទេ»។

មន្ត្រី គ​.​ជ​.​ប ម្នាក់ និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង ៤​រូប ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿង​ផ្ដល់​ប្រាក់​ជាង ២០០​ដុល្លារ​ទៅ​ឱ្យ​នាង ស្រីមុំ ក្នុង​នាម​ជនរងគ្រោះ ដែល​រត់​មក​រក​អាដហុក​ឱ្យ​ជួយ កាលពី​ខែ​មេសា ឆ្នាំ​២០១៦​។ បុគ្គលិក គ​.​ជ​.​ប និង​មន្ត្រី​អាដហុក​ទាំង ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ រហូតដល់​មាន​ការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។