សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនបុរសម្នាក់ដែលជាម្ចាស់ហេ្វសប៊ុក(Face book) ឈ្មោះ«ឡន លី គ្រួសាររីករាយ» ក្នុងពន្ធនាការបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី១២មីនាពាក់ព័ន្ធការបង្ហោះសាររិះគន់អំពីជំងឺកូវិដ១៩ ។ មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្ស យល់ថា វិធានការរបស់តុលាការនេះ ជាការប៉ះពាល់ធ្ងន់ធ្ងរដល់ការសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តសៀមរាប លោក មុយ សុភ័ក្រ សម្រេចឱ្យឃុំខ្លួនបុរសឈ្មោះ តុត ថុនា ហៅ ឡន លី អាយុ ៣២ឆ្នាំរស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ពីបទក្លែងព័ត៌មាន ប្រព្រឹត្តទៅនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១០ មីនាកន្លងទៅ។ នៅក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន លោក មុយ សុភ័ក្រ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនម្ចាស់ហ្វេសប៊ុករូបនេះទៅដាក់ឃុំក្នុងពន្ធនាគារបណ្ដោះអាសន្ននៅព្រឹកថ្ងៃដដែលនេះ។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកឈ្មោះ ឡន លី គ្រួសាររីករាយ បានបង្ហោះសារថា «នៅពេលនេះបើកហ្វេសប៊ុកឃើញតែបងប្អូនភាគច្រើនជេរអា៣១ កុម្ភៈរាល់ថ្ងៃ» ដែលទំនងជាសំដៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះថ្មីៗ នេះលោក ហ៊ុន សែន បានប្រកាសថា ទាល់តែថ្ងៃទី៣១ កុម្ភៈ ទើបមានពលរដ្ឋខ្មែរកើតជំងឺកូវិដ១៩។ ហ្វេសប៊ុនដដែលនេះ ក៏បានសរសេរជេរស្ដីទៀតថា នៅលាក់បាំងដល់ណាទៀត ឬមួយទុកឱ្យជំងឺកូវិដ១៩ កើតលើម្ដាយរបស់អ្នកឯង ទើបប្រាប់ការពិតមែនទេ ហើយពួកអ្នកឯងចាំមើល ប្រសិនបើជំងឺផ្លូវដង្ហើមមួយនេះ ឆ្លងដល់បងប្អូនខ្ញុំ គឺខ្ញុំនឹងមិនឱ្យអ្នកឯងរួចខ្លួនឡើយ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា តុលាការមិនគួរណាឃុំខ្លួនអ្នកបង្ហោះសារបែបនេះ ដាក់ពន្ធនាគារឡើយ ពីព្រោះករណីនេះកើតឡើងដោយសារតែប្រជាពលរដ្ឋព្រួយបារម្ភខ្លាចជំងឺកូវិត១៩ ឆ្លងរាតត្បាតខ្លាំងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សប៉ុណ្ណោះ។លោកបញ្ជាក់ថា តុលាការគួរតែអប់រំដល់អ្នកបង្ហោះសាររិះគន់រឿងជំងឺកូវិដ១៩ នេះ ឱ្យឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ៖ «ពីព្រោះថាការប្រើប្រាស់ការផ្សព្វផ្សាយព័ត៌មានជារឿយៗកន្លងមក ប្រជាពលរដ្ឋក៏មិនសូវយល់ច្បាប់អំពីបញ្ហាអស់ហ្នឹងដែរ ហើយរឿងនេះវាធ្វើឱ្យអ្នកដែលមានព័ត៌មានដែលគាត់សង្ស័យហ្នឹងគឺគាត់ខ្លាចរអាដែរក្នុងការផ្ដល់ព័ត៌មានពីមួយទៅមួយ។បើសិនជារដ្ឋមានការលើកកម្ពស់យកចិត្តទុកដាក់បញ្ហាហ្នឹងគាត់អាចផ្ដល់ព័ត ) មានផ្សេងអំពីការបង្ការនិងការពារបញ្ហាហ្នឹងបន្តៗគ្នាបានដែរ » ។
ហ្វេសប៊ុកស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកសន្តិសុខ លោកហួត សុធី បានចុះផ្សាយថា ជនសង្ស័យរូបនេះត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះនៅព្រឹកថ្ងៃទី១២ មីនា។
ចំណែកនៅខេត្តកំពតឯណោះវិញនៅថ្ងៃទី១២ មីនាដដែលនេះដែរ ប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចឃាត់ខ្លួនកុមារីអាយុ ១៤ឆ្នាំ ជាសិស្សសាលាចិនម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះសារថាមានសិស្សសាលា ហួរ ឈីវ មានជំងឺកូវីដ១៩ ចំនួន ៣នាក់ និងមានមនុស្សស្លាប់ចំនួន ៣នាក់នៅក្នុងខេត្តកំពត។ គេហទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តកំពត ចុះផ្សាយថា ប៉ូលិសបានដោះលែងកុមារីរូបវិញ បន្ទាប់ពីបានអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យសុំទោសជាសាធារណៈឱ្យឈប់បង្ហោះសារបែបនេះបន្តទៀត។
កាលពីថ្ងៃទី១១ ខែមីនាតុលាការក្រុងភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក កូយ សំអាត ទៅឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) រួចមកហើយដែរ បន្ទាប់ពីបុរសនេះបានបង្ហោះហ្វេសប៊ុករបស់ខ្លួននិយាយបែបឌឺដងថា ពលរដ្ឋខ្មែរគួរអរគុណវៀតណាមដែលរកឃើញករណីជនជាតិជប៉ុនផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីបុរសរូបនេះចេញពីកម្ពុជា។ លោកបន្តថា បើវៀតណាម មិនប្រកាសទេ កុំអីប្រជាជននៅទូទាំងប្រទេសអត់ដឹងថាប្រទេសកម្ពុជាមានកូវីដ-១៩ទេ។
មន្ត្រីអង្គការសិទ្ធិមនុស្សមើលឃើញថា ទាំងនេះគឺជាការសម្ដែងមតិរបស់ពលរដ្ឋ ដែលមិនបានបង្កឱ្យមានចលាចលសង្គម ឬអំពើហិង្សាអ្វីឡើយ ដែលអាជ្ញាធរគួរត្រឹមផ្ដល់ការអប់រំប្រសិនការបញ្ចេញណាមួយជ្រុលហួសធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវចាប់ឃុំខ្លួននោះទេ ព្រោះការបញ្ចេញមតិត្រូវបានការពារដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
