អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ផ្ដើមនីតិវិធីស៊ើបអង្កេតទ្រព្យសម្បត្តិនិងបំណុលរបស់ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ហើយ ខណៈគ្រោងបិទបញ្ចប់សំណុំរឿងពុករលួយរបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី លោក គឹម រស្មី។ សង្គមស៊ីវិលឃ្លាំមើលអំពើពុករលួយនៅកម្ពុជា ស្វាគមន៍ចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការស៊ើបអង្កេតមន្ត្រីសង្ស័យពាក់ព័ន្ធបទល្មើសពុករលួយ ដោយមិនចាំបាច់មានពាក្យបណ្ដឹង។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អះអាងថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានរាយការណ៍ថា កំពុងចាប់ផ្ដើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុលរបស់ស្នងការរងខេត្តកណ្ដាលម្នាក់ គឺ លោក ស្រេង សុខា។ ប៉ុន្តែមិនបានបញ្ជាក់ថា ជាប់សង្ស័យពាក់ព័ន្ធបទល្មើសពុករលួយ ដោយសារមូលហេតុអ្វីទេ។
ចំណាត់ការរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ ធ្វើឡើងក្រោយមានការរិះគន់ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ករណីមន្ត្រីឋានៈឧត្ដមសេនីយ៍ត្រី ផ្កាយ១ លោក ស្រេង សុខា បានជូនថ្លៃបណ្ដាការ ១០ម៉ឺនដុល្លារ និងរថយន្តមួយគ្រឿង ទៅខាងស្រីក្នុងថ្ងៃភ្ជាប់ពាក្យ កាលពីពេលថ្មីៗនេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ឆ្ងល់ថា ប្រភពថវិកាទាំងនោះ បានមកពីណា ព្រោះឋានៈឧត្ដមមន្ត្រីនេះ ទទួលបានបៀវត្សរ៍ពីរាជការប្រមាណខ្ទង់២លានរៀលប៉ុណ្ណោះ ក្នុងមួយខែ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ នៅថ្ងៃទី២៨ កុម្ភៈ ដោយសារ ប្រព័ន្ធទូរស័ព្ទស្ដាប់មិនលឺ និង មិនទទួលទូរស័ព្ទ។ ចំណែកស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ប្រាប់អាស៊ីសេរី ថា លោកបានទទួលដំណឹងពីការ កោះហៅឲ្យទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយរួចរាល់ហើយ គឺនឹងចូលបំភ្លឺនៅថ្ងៃទី៤ ខែមីនា វេលាម៉ោង ៨ព្រឹក។
ចំណែកសំណុំរឿងអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ជិតបញ្ចប់ការស៊ើបអង្កេតហើយ ព្រោះការស៊ើបអង្កេតទ្រព្យសម្បត្តិ និងបំណុលរបស់ ភរិយា និងកូនទាំងបីនាក់ របស់ លោក គឹម រស្មី បានបិទបញ្ចប់នីតិវិធីហើយ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេត លោក គឹម រស្មី ដោយសារលោកប្រកាសថា ចែកលុយឲ្យកូនប្រុសស្រី ៥នាក់ ក្នុងម្នាក់ ១០ម៉ឺនដុល្លារស្មើគ្នា។
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣៦ ចែងក្នុងន័យថា កំណើនទ្រព្យសម្បត្តិ របស់បុគ្គលណាម្នាក់ ដែលបុគ្គលនោះមិនអាចផ្ដល់ការ ពន្យល់សមហេតុសមផល នូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន គឺជាការមានទ្រព្យសម្បត្តិដោយខុសច្បាប់។ ប្រសិនបើទ្រព្យសម្បត្តិខុសច្បាប់ មានការពាក់ព័ន្ធនឹងបទល្មើសពុករលួយណាមួយដូចមានចែងក្នុងច្បាប់នេះ ម្ចាស់ទ្រព្យសម្បត្តិត្រូវទទួលទោស ដែលមានចែងនៅក្នុងច្បាប់នេះ។ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ ចែងថា ត្រូវដាក់ពន្ធនាគារ ពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ៥ (ប្រាំ) ឆ្នាំ ចំពោះបទល្មើសពុករលួយតូចតាច ឯបទល្មើសធំៗ មួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងបទពុករលួយ ដូចជាបទស៊ីសំណូកនៃនិយោជិក បទរំលោភអំណាច បទល្មើសសំអាតប្រាក់ជាដើម ត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌ ហើយតុលាការមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិ ដែលបានមកពីអំពើពុករលួយ ទុកជាទ្រព្យសម្បត្តិរដ្ឋ។
ប្រធានអង្គការគណៈកម្មការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា ស្វាគមន៍ចំណាត់ការស៊ើបអង្កេតលើបទល្មើសពុករលួយ ដោយមិនចាំបាច់ពាក្យបណ្ដឹង។ សង្គមស៊ីវិលរូបនេះ យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ គួរតែដឹងថា មានបទល្មើសពុករលួយច្រើនទៀត តាមរយៈសារព័ត៌មាន និងបណ្ដាញសង្គម មិនមែនត្រឹមករណីស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ទេ។ ដូច្នេះ គួរពង្រីកការស៊ើបអង្កេតករណីផ្សេងទៀត ដោយមិនចាំបាច់ពាក្យបណ្ដឹង ដូចករណីលោក ស្រេង សុខា និងករណីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី លោក គឹម រស្មី៖ «»
អង្គការតម្លាភាពអន្តរជាតិ មានមូលដ្ឋាន នៅទីក្រុងប៊ែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់(Germany) ចេញផ្សាយកាលពីថ្ងៃទី២៩ មករាថា នៅឆ្នាំ២០១៨ ប្រទេសកម្ពុជា មានអំពើពុករលួយ កម្រិតខ្ពស់ ទី១៦១ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាមានអំពើពុករលួយខ្ពស់ ដូចឆ្នាំ២០១៧ ដែរ។
ប៉ុន្តែដូចសព្វដង អង្គភាពប្រឆាំងអំពើពុករលួយនៃរបបក្រុងភ្នំពេញ បដិសេធរបាយការណ៍នេះ និងចោទរបាយការណ៍អង្គការអន្តរជាតិ ថាមានចេតនានយោបាយ ខណៈសង្គមស៊ីវិលឃ្លាំមើលអំពើពុករលួយនៅកម្ពុជា អះអាងថា អំពើពុករលួយ នៅតែមានកម្រិតខ្ពស់ និងធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
