ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ភូ ពៅស៊ុន សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទាំង ៤រូប និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ម្នាក់ផង ដោយសំអាងថា សំណុំរឿងនេះជាបទល្មើសឧក្រិដ្ឋ។ មេធាវីដែលការពារក្ដីឲ្យមន្ត្រីសិទ្ធិមនុស្សទាំងនេះ ប្រតិកម្មនឹងការសំអាងហេតុនៃការបដិសេធនេះ ដោយចាត់ទុកថា គឺជាការសន្មតទុកជាមុនថាមានបទល្មើសចំពោះពួកគេ។
នៅពេលបញ្ជូនចូលរថយន្តទៅឃុំនៅពន្ធនាគារព្រៃសវិញ មន្ត្រីការពារសិទ្ធិមនុស្ស ដែលដៃជាប់ខ្នោះផងនោះ បានហៅសេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ភូ ពៅស៊ុន នៅពេលនេះថា មិនអាចជឿទុកចិត្តបាន និងជាតុលាការដែលស្ថិតក្រោមសម្ពាធរបស់អ្នកនយោបាយ។
សវនាការអសាធារណៈដែលជំនុំជម្រះទៅលើបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ភូ ពៅស៊ុន និងតំណាងមហាអយ្យការ លោក ង៉ែត សារ៉ាត់ សម្រេចច្រានចោលសំណើសុំនៅក្រៅឃុំនេះភ្លាមៗ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយជាដើម។ ម្យ៉ាងរឿងក្ដីនេះ គឺជាបទល្មើសឧក្រិដ្ឋផង។ នេះជាលើកទី៦ហើយ ដែលក្រុមមេធាវីការពារក្តីឲ្យមន្រ្តីការពារសិទ្ធិមនុស្សទាំងនេះ ដាក់បណ្តឹងសាទុក្ខសុំនៅក្រៅឃុំមិនបានសម្រេច។
ថ្លែងប្រាប់អ្នកកាសែត ក្រោយបញ្ចប់សវនាការ លោក ឡោ ជុនធី មេធាវី ១រូប ក្នុងចំណោមមេធាវីទាំង ៦រូប ដែលការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប និងលោក នី ចរិយា ម្នាក់ផង យល់ឃើញថា ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ និងសេចក្ដីសន្និដ្ឋានរបស់តំណាងមហាអយ្យការ ហាក់បានសន្មតទុកជាមុនថា កូនក្ដីរបស់ខ្លួនមានបទល្មើស។
លោកបន្តថា បើដូចការសន្មតនេះមែន នោះមានន័យថា កូនក្ដីរបស់លោកអាចមានទោសក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរបំផុត ដែលពុំអាចទទួលយកបានទេ៖ «ព្រោះបទឧក្រិដ្ឋបានន័យពី ៥ឆ្នាំ ទៅ ១០ឆ្នាំ អ៊ីចឹងហើយគាត់លើកឡើងថា អាចមានផលវិបាក ចំណុចហ្នឹងខ្លាចពួកយើងមិនចូល ទោះបីខ្លួនយើងធានាថា ឲ្យដកលិខិតឆ្លងដែន និងឲ្យធានាការចូលខ្លួនយ៉ាងម៉េចក៏ដោយ»។

សវនាការកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ អ្នកការពារសិទ្ធិមនុស្សអាដហុក មានលោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី បានចូលរួមការជំនុំជម្រះដោយផ្ទាល់។ ចំណែកលោក នី ចរិយា ដែលជាអគ្គលេខាធិការរងនៃ គ.ជ.ប មិនបានមកចូលរួមនោះទេ ដោយមេធាវីអះអាងថា ខាងតុលាការពុំបានជូនដីកាថ្ងៃជំនុំជម្រះជាមុន។
សកម្មជនសិទ្ធិមនុស្សអាដហុក ទាំង ៤រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ហើយ លោក នី ចរិយា ជាប់ចោទពីបទសមគំនិតក្នុងករណីដូចគ្នានេះដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៦។ អ្នកទាំង ៥ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់កាលពីខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងក្ដីដ៏ចម្រូងចម្រាសជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
លោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា មកដល់ពេលនេះទៅហើយ វាគ្មានសារសំខាន់ និងចាំបាច់ដែលតុលាការបន្តឃុំខ្លួនអ្នកទាំង ៥រូបតទៅទៀតទេ។ លោកបន្តថា ប្រសិនបើជាថ្នូរនឹងនយោបាយ ក៏មើលពុំឃើញជ្រុងណាមួយដែលអាចយកចំណេញលើពួកគេតទៅទៀតដែរ៖ «អ៊ីចឹងការបន្តឃុំពួកយើងនេះវាអត់មានផលប្រយោជន៍អីទៀត។ និយាយឲ្យចំគ្មានតម្លៃអីដែលត្រូវបន្តឃុំពួកយើងតទៅទៀត។ បើយើងយកទៅធ្វើការដោះដូរចរចាស្អីៗ វាគ្មានតម្លៃទៅធ្វើការចរចាទេ»។
ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីនេះ នៅថ្ងៃទី២៧ ចុងខែកុម្ភៈ ខាងមុខ តុលាការកំពូល ក៏នឹងបើកសវនាការលើបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំបន្តទៀតដែរ។អ្នកសង្កេតការណ៍អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល យល់ឃើញថា ដោយសាររឿងក្តីនេះជារឿងនយោបាយ ទើបធ្វើឲ្យតុលាការមិនហ៊ានធ្វើសេចក្ដីសម្រេចឲ្យហួសព្រំដែន តាមអង្គហេតុ និងឆន្ទានុសិទ្ធិរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។