សាលាឧទ្ធរណ៍ គ្រោងបើកសវនាការលើបណ្ដឹងទាស់របស់សកម្មជនបក្សប្រឆាំង គឺលោក គង់ ម៉ាស់ នៅថ្ងៃទី១៧ ខែមីនា។
លិខិតអញ្ជើញរបស់ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត ទៅកាន់មេធាវីការពារក្ដី និងជនជាប់ចោទ ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៦ ខែមីនា បញ្ជាក់ថា សវនាការនេះនឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹក នៅសាលសវនាការទី២។
លោក គង់ ម៉ាស់ បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះ ច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រដ្ឋាភិបាលលើហ្វេសប៊ុក។
ភរិយារបស់លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត រំពឹងថា សាលាឧទ្ធរណ៍នឹងទម្លាក់ចោលការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន និងដោះលែងស្វាមីរបស់លោកស្រីឲ្យមានសេរីភាពឡើងវិញ៖ « ខ្ញុំគិតថា បើតុលាការកាត់ក្ដីតាមវិជ្ជាជីវៈ ខ្ញុំរំពឹងថា តុលាការនឹងដោះលែងស្វាមីខ្ញុំឲ្យនៅក្រៅឃុំវិញ ព្រោះប្ដីខ្ញុំអត់មានកំហុស ហើយមកដល់ពេលនេះ គាត់ជាប់ឃុំមួយឆ្នាំជាងដែរហើយ » ។
អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយគិតមកទល់ពេលនេះ លោកកំពុងជាប់ក្នុងពន្ធនាការព្រៃសជាង ១ឆ្នាំហើយ។ លោកជាប់ទោស ២ករណី គឺទី១ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្ដឹងរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បន្ទាប់ពីលោកបានសរសេរសារបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតកាលពីមុនការបោះឆ្នោត ឆ្នាំ២០១៨ និងសាររិះគន់អំពីភាពអសកម្មមួយចំនួនរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ចំណែកករណីទី២ គឺសាលាដំបូងខេត្តស្វាយរៀង ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៥ថ្ងៃ និងពិន័យជាប្រាក់ ៥លានរៀលទៅដើមបណ្ដឹង គឺអតីតអភិបាលស្រុករមាសហែក លោក ពេញ ជា និង១ លានរៀលចូលរដ្ឋ។ ទោសទណ្ឌ ក្នុងសំណុំរឿងទី២ នេះ ដោយសារតែសមាជិកបក្សប្រឆាំងរូបនេះ បង្ហោះសារលើហ្វេសប៊ុក សុំអន្តរាគមន៍ពីរដ្ឋាភិបាលករណីចោទ លោក ពេញ ជា ថា បានប្រើអំណាច និងឃុបឃិតជាមួយអាជ្ញាធរមួយចំនួនទៀត បណ្ដេញប្រជាពលរដ្ឋក្រីក្រ ដើម្បីរំលោភយកដីធ្លី។
អង្គការជាតិ និងអន្តរជាតិ ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក គង់ ម៉ាស់ ដោយឥតលក្ខខណ្ឌ ដោយសារចាត់ទុកថា លោក គង់ ម៉ាស់ គ្មានកំហុសអ្វីឡើយ តាមការបញ្ចេញមតិនៅលើបណ្ដាញសង្គមដោយសន្តិវិធីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។