សាលាឧទ្ធរណ៍​គ្រោង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី៣១ មករា

ដោយ មាន ឫទ្ធិ
2019-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​​ទី៣១ មករា ក្រោយ​​សវនាការ​នៅ​ថ្ងៃ​ទី៣០ មករា។ ​ក្រុម​គ្រួសារ​របស់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​រូប​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

សវនាការ​មុន​អង្គ​សេចក្តី​​នេះ ធ្វើ​ឡើង​ជា​អសាធារណៈ ហើយ​​មាន​តែ​​លោក រ៉ាត់ រត្នមុនី ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូល​រួម​ ដោយ​មេធាវី​របស់​លោក​អវត្តមាន។

អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​លោក ទូច ថារិទ្ធិ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ការ​សួរ​ដេញ​ដោល​​ ចៅក្រម​​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ រ៉ាត់ រត្នមុនី ​ទៅ​ថ្ងៃ​ទី៣១ មករា​វិញ។ លោក​មិន​បាន​ដឹង​ពី​​មូល​ហេតុ​ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ាត់ រត្នមុនី​ អវត្តមាន​​ក្នុង​សវនា​ការ​នេះ​ឡើយ«ខាង​មេធាវី​តំណាង​ដោយ​អាណត្តិ​​របស់​គាត់​ហ្នឹង​អត់​​ចូល​មក​ហើយ អា​ហ្នឹង​ខាង​ខ្ញុំ​ម៉េច​ដឹង។ នីតិវិធី​ក្នុង​សំណុំ​រឿង​ក្ដី​ហ្នឹង ​ប្រសិនបើ​មាន​មេធាវី តុលាការ​គេ​កោះ​ហៅ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​ ចេញ​ដីកា​កោះ​ហៅ​ទៅ​​តាម​នីតិវិធី​ហើយ​។ បើ​អត់​មាន អា​ហ្នឹង​​គេ​អត់​ហៅ​ទេ»

ក៏ប៉ុន្តែ មេធាវី​ សំ ទិត្យសីហា អះអាង​ថា ​សាលាឧទ្ធរណ៍​​​មិន​បាន​ជូន​ដំណឹង​ដល់​រូប​លោក​ និង​សហការី​មួយ​រូប​ទៀត ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ រ៉ាត់ រត្នមុនី ​នោះ​ឡើយ ដូច្នេះ​ទើប​ពួក​លោក​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នេះ​។ លោក​ថា​នេះ​ជា​ការ​អនុវត្ត​ខុស​​នីតិវិធី និង​​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​កូន​ក្តី​របស់​លោក៖ «ការ​ចូល​រួម​របស់​មេធា​វី​ គឺ​សំ​ខាន់​ណាស់​ ជា​ពិសេស​​ជន​ជាប់​ចោទ​ក្នុង​រឿង​​ព្រហ្មទណ្ឌ។ ហើយ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ទៀត​ គឺ​ទាក់​ទង​ទៅ​នឹង​​សវនាការ​មុន​​អង្គ​សេចក្ដី​ គឺ​យើង​ចាំបាច់​ត្រូវ​មាន​មេធាវី​ ដើម្បី​ឱ្យ​ជួយ​ដំណើរ​ការ​នីតិវិធី​ហ្នឹង ដើម្បី​ជួយ​​ឱ្យ​កូន​ក្ដី​គាត់​ទទួល​ផល​ប្រយោជន៍​ ឬ​ក៏​យើង​រក​អំណះអំណាង​មួយ​ចំនួន​ដើម្បី​​ដាក់​ជូន​ទៅ​តុលាការ​​ ដើម្បី​ឱ្យ​តុលាការ​ពិចារណា​ទៅ​លើ​ការ​សម្រេច​ឱ្យ​កូន​ក្ដី​ហ្នឹង​ គាត់​អាច​បាន​នៅ​ក្រៅ​ឃុំ​។​ ប្រសិនបើ​​ខ្ញុំ​បាន​ទទួល​ដំណឹង​ គឺ​ខ្ញុំ​ត្រូវ​តែ​ចូល​រួម​ដើម្បី​ការពារ​ផល​ប្រ​យោជន៍​ ​និង​សិទ្ធិ​របស់​កូន​ក្ដី​ដែរ​ ប៉ុន្តែ​នេះ​គាត់​មិនបាន​ជូន​​ដំណឹង​ទេ ​​សូម្បី​​តាម​រយៈ​ទូរស័ព្ទ​ ឬ​តាម​រយៈ​លិខិត​ ក៏​អត់​បាន​ជូន​ដែរ»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៨ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​លោក សេង រិទ្ធី បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​​របស់​​លោក រ៉ាត់ រត្នមុនី ដោយ​សំអាង​ថា ដើម្បី​រំលត់​ក្ដី​​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​គាប​សង្កត់​សាក្សី ឬ​​ជន​រងគ្រោះ បង្ការ​បទល្មើស​កុំ​ឱ្យ​កើត​ជាថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី។ ក៏​ប៉ុន្តែ​មេធាវី​ និង​គ្រួសារ​លោក រ៉ាត់ រត្នមុនី ​ជឿជាក់​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ គ្មាន​លទ្ធភាព​ទៅ​​គាប​សង្កត់​សាក្សី ឬ​ជន​រងគ្រោះ ឬ​ក៏​អាច​​ធ្វើ​អ្វី​ដែល​​ប៉ះពាល់​ដល់​ដំណើរការ​រឿង​ក្តីនេះ​ឡើយ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នកស្រី​នឹង​ទៅ​ចូល​រួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​ ហើយ​​សង្ឃឹម​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​អ្នកស្រី។ អ្នក​ស្រី​​នៅ​តែ​ជឿជាក់​ថា ស្វាមី​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «សូម​ឱ្យ​តុលាការ​ហ្នឹង បន្ត​ការ​ស៊ើប​អង្កេត​​ ឬក៏​នីតិវិធី​របស់​គាត់​ហ្នឹង​បន្ត​ទៀត​ទៅ ប៉ុន្តែ​សូម​អនុញ្ញាត​ឱ្យ​ប្ដី​​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ ពី​ព្រោះ​ប្ដី​ខ្ញុំ​ ​គាត់​មិន​​មាន​កំហុស​។ ​គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ គាត់​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ឱ្យ​កាសែត​រុស្ស៊ី។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្ដី​​ខ្ញុំ​ និង​អនុញ្ញាត​ឱ្យ​ប្ដី​​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​​ ដើម្បី​​​បន្ត​ការងារ​សង្គម​របស់​គាត់​​ ធ្វើ​ការ​ងារ​​រក​ប្រាក់​ចំណូល​ដើម្បី​គ្រួសារ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ជាង ១ ខែ​ទៅ​ហើយ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ”។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​យល់​ថា ភាពយន្ត​ឯកសារ​នេះ​ ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា ហើយ​​បាន​ចោទ​លោក​ រ៉ាត់ រត្នមុនី ថា បាន​ផ្ដល់​លុយ​ឱ្យ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់​រឿង។

ទោះ​ជា​យ៉ាង​ណា តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ថា នាង​មិន​ទទួល​បាន​លុយ​កាក់​ពី​លោក​ រ៉ាត់ រត្នមុនី នោះ​ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់​ខ្លួន​​របស់​នាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល