តុលាការ​កំពូល​បដិសេធ​បណ្ដឹង​លោក​កឹមសុខា-​សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​​មន្ត្រី​សិទ្ធិមនុស្ស

ដោយ ម៉ម មុនីរតន៍
2016-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត (​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច ឆ្វេង) និង​លោក នី សុខា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។
មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត (​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច ឆ្វេង) និង​លោក នី សុខា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Rann Samnang

នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា នេះ​តុលាការ​ជាន់​ខ្ពស់​ទាំង​ពីរ គឺ​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍ ដំណើរ​ការ​ក្តី ២​រឿង​ផ្សេង​គ្នា ក្នុង​ពេល​តែមួយ។ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​សម្រេច​ច្រានចោល​បណ្ដឹង​សាទុក្ខ​ដែល​មិន​អស់​ចិត្ត​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា។ ក្រុម​មេធាវី​អះអាង​ថា មូលហេតុ​ដែល​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ​រក​ខុស​ត្រូវ​ឡើង​វិញ​នោះ ដោយសារ​តែ​ការ​ស៊ើបអង្កេត​របស់​តុលាការ​ក្រុង​ភ្នំពេញ មិន​ត្រឹមត្រូវ។ ក្នុង​ពេល​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ដែល​តុលាការ​កំពូល កំពុង​តែ​ដំណើរ​ការ​នោះ ដោយ​ឡែក​សភា​ស៊ើបសួរ​​នៃ​សាលាឧទ្ធរណ៍​ឯ​ណោះ​វិញ ក៏​សម្រេច​ទាត់​ចោល​បណ្ដឹង​មោឃភាព​នីតិវិធី​ប្រឆាំង​មន្ត្រី​សមាគម​អាហុក (ADHOC) ដែរ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ បាន​សម្រេច​ភ្លាមៗ បដិសេធ​លើ​បណ្ដឹង​សាទុក្ខ​របស់​មេធាវី​លោក កឹម សុខា ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​បាន​ច្រាន​ចោល​សំណុំ​រឿង​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ទុក​ជា​បាន​ការ​ដែល។

ប្រតិកម្ម​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល​នេះ អ្នកស្រី ម៉េង សុភារី ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សាលដីកា​របស់​តុលាការ​ជាន់​ខ្ពស់​នេះ។ អ្នកស្រី​យល់​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ គឺ​ហាក់​បិទ​ផ្លូវ​តវ៉ា​ចំពោះ​សំណុំរឿង​មួយ​នេះ ហើយ​ក៏​ជា​ការ​បើក​ផ្លូវ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ អាច​ដំណើរការ​សវនាការ​សំណុំរឿង​លោក កឹម សុខា នេះ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ខាង​មុខ​នេះ​ដែរ៖ «នៅ​ពេល​នេះ​គឺ​អត់​បាន​ពន្យារ​ពេល​តាម​ការ​ស្នើ​សុំ​របស់​នាង​ខ្ញុំ​ដែល​ជា​មេធាវី​ទេ។ មើល​នៅ​ក្នុង​ដីកា​កោះ​របស់​តុលាការ​កំពូល​យើង​ឃើញ​ថា កោះ​ថ្ងៃ​ទី​២៩ (សីហា) ហៅ​ចូល​ថ្ងៃ​ទី​២ (កញ្ញា)។ អ៊ីចឹង​មាន​តែ​រយៈពេល ៤​ថ្ងៃ​ទេ គឺ​ខុស​ពី​នីតិវិធី​នូវ​មាត្រា​៤៦៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទាំង​ស្រុង»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth RFA/Morm Moniroth

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​សភាព​ស៊ើបសួរ​នេះ​ពិនិត្យ​ឡើង​វិញ​ពី​ការ​ស៊ើបអង្កេត​របស់​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​សភា និង​មិន​ត្រឹមត្រូវ។ ការ​រៀបចំ​បណ្ដឹង​ទាស់​ជា​ថ្មី​ទៀត​ក្នុង​សំណុំរឿង​ដដែល​នេះ គឺ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បដិសេធ​លើ​បណ្ដឹង​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា។

ពាក់ព័ន្ធ​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ លោក កឹម សុខា ជាប់​ចោទ​ពី​បទ​សញ្ចរកម្ម ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ យ៉ាង​ណា នៅ​ពេល​សវនាការ​នៅ​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ កញ្ញា តុលាការ​បើក​ការ​ជំនុំជម្រះ​ដោយ​អវត្តមាន​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា។ នៅ​ពេល​ដក​ឃ្លា​ទៅ​ពិចារណា ទើប​គេ​សង្កេត​ឃើញ​វត្តមាន​មេធាវី គឺ​អ្នកស្រី ម៉េង សុភារី និង​លោក ចាន់ ចេន ចេញ​មុខ​បង្ហាញ​ខ្លួន ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ស្ដាប់​នៅ​អង្គ​សវនាការ​វិញ។

មុន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ឃឹម ប៉ុណ្ណ សម្រេច​ថា បដិសេធ​បណ្ដឹង​មេ​បក្ស​ប្រឆាំង​នេះ​ការ​ដក​ឃ្លា​ទៅ​ពិចារណា​មាន​មន្ទិល​សង្ស័យ​ថា ប្រហែល​អាច​​មាន​ហេតុផល​អ្វី​មួយ​នៅ​ពី​ក្រោយ​សំណុំរឿង​នេះ​ដែល​តម្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ត្រូវ​ចំណាយ​ពេលវេលា​ដ៏​យូរ​ក្នុង​ការ​សម្រេច​ទាត់​ចោល​បណ្ដឹង​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​នេះ។

សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​មោឃភាព​នីតិវិធី​របស់​មន្ត្រី​អាដហុក

ស្រប​ពេល​តុលាការ​កំពូល​កំពុង​តែ​ដំណើរ​ការ​លើ​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ សាលាឧទ្ធរណ៍​ឯ​ណោះ​វិញ សភា​ស៊ើបសួរ​ក៏​បាន​ទម្លាក់​ចោល​នូវ​បណ្ដឹង​មោឃភាព​នីតិវិធី​របស់​មន្ត្រី​សមាគមរបរ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប​ដែរ។

មូលហេតុ​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក ងួន អ៊ីម បដិសេធ​នេះ ដោយ​យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​សមាគម​អាដហុក ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា គឺ​មិន​លើស ៤៨​ម៉ោង ដូច​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​បណ្ដឹង​នេះ​ឡើយ។

មន្ត្រី​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang
មន្ត្រី​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang

បើ​ទោះ​ជា​បែប​ណា មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡោ ជុនធី អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​ពិត​ជា​រក​ឃើញ​ថា ត្រូវ​បាន​ឃុំ​ខ្លួន​លើក​ពី​នីតិវិធី គិត​ចាប់​តាំង​ពី​ថ្ងៃ​ឃុំ​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មក​ម្ល៉េះ៖ «យើង​សួរ​ថា ម៉ោង​ពេល​ទាំង​អស់​ហ្នឹង​ត្រូវ​ទូទាត់​ទៅ​ខាង​ណា? អ៊ីចឹង​ទេ​គេ​ថា គឺ​អត់​រាប់។អ៊ីចឹង​សំណួរ​គឺ​ថា តើ​ការ​ឃាត់​ខ្លួន​នោះ​ត្រូវ​ធ្វើ​ឡើង​ចាប់​រាប់​ពី​ពេល​ណា ពេល​ដែល​យើង​ចូល ឬ​ពេល​ដែល​គេ​ឃាត?»

ជុំវិញ​រឿង​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅ​ក្នុង​បន្ទប់​សវនាការ យល់​ឃើញ​ថា ផ្អែក​គោលការណ៍​ច្បាប់ ការ​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​អាច​ធ្វើ​ទៅ​បាន​ត្រឹម ៤៨​ម៉ោង។ ក្រៅ​ពី​នេះ បើ​ជា​បទល្មើស​ឧក្រិដ្ឋ​វិញ អាច​ឃុំ​ខ្លួន​ត្រឹម ៧២​ម៉ោង។ ប៉ុន្តែ​លោក អំ សំអាត ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​សមាគម​អាដហុក នេះ​វិញ​រក​ឃើញ​ថា ឃុំ​ខ្លួន​លើស​ពី​បញ្ញត្តិ​នៃ​ច្បាប់​ទៅ​ទៀត៖ «មើល​ទៅ​ក្នុង​បញ្ហា​ផ្លូវ​ច្បាប់ វា​មាន​បញ្ហា​ចន្លោះ​ប្រហោង។ ហេតុ​ដូច្នេះ​ហើយ​ការ​ឃាត​ខ្លួន​នៅ ACU ហ្នឹង​ បើ​យើង​មើល​តាម​ផ្លូវ​ច្បាប់ វា​លើស​ការ​កំណត់»

បញ្ហា​នេះ អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ដំណើរ​ការ​នៅ​ក្នុង​សំណុំរឿង​ទាំង​នេះ វា​គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​បទល្មើស​ដែល​ត្រូវ​ចោទ​ប្រកាន់។ មេធាវី​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ជា​បទពិសោធន៍​សំណុំ​រឿង​បដិសេធ​ក្នុង​ការ​ចូល​បំភ្លឺ​តុលាការ​តែង​លើកលែង​ការ​ចោទ​ប្រកាន់។ ផ្ទុយ​ទៅ​វិញ ករណី​លោក កឹម សុខា បើ​ទោះ​ជា​មាន​ហេតុផល​សមរម្យ​ក្នុង​ការ​បដិសេធ​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​ក្នុង​បទល្មើស​សញ្ចរកម្ម លោក​នៅ​តែ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​បទល្មើស និង​សម្រេច​ចោទ​ប្រកាន់​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល