សមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា និងប៉ូលិសមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ សង្ស័យពាក់ព័ន្ធករណី លួចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុក (Facebook) របស់អ្នកដទៃ ហើយផ្ញើសារទៅខ្ចីលុយមិត្តភ័ក្ដិ របស់ម្ចាស់គណនីហ្វេសប៊ុក ដោយបង្គាប់ឱ្យផ្ញើលុយតាមក្រុមហ៊ុនវេរប្រាក់។
គេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្សាយថ្ងៃទី៣១ ឧសភា ថា ជនសង្ស័យឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា នៅសង្កាត់ទឹកល្អក់ទី២ តាមបណ្ដឹងរបស់ជនរងគ្រោះ ដែលរងការលួចគណនីហ្វេសប៊ុក។
សមត្ថកិច្ចអះអាងថា ជនសង្ស័យ បានសារភាពធ្លាប់ឆបោកប្រាក់ តាមរយៈការលួចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុកបែបនេះ ២០០គណនីហើយ ក្នុងនោះជាង ៥០គណនី ជនសង្ស័យទទួលបានជោគជ័យ គឺទទួលលុយដែលគេផ្ញើទៅឱ្យ។ នេះជាករណីលើកទី១ ដែលសមត្ថកិច្ចអះអាងថា ចាប់ជនសង្ស័យលួចគណនីហ្វេសប៊ុកអ្នកដទៃ ដើម្បីផ្ញើសារឆបោក ឱ្យមានការផ្ញើប្រាក់មកឱ្យខ្លួន តាមក្រុមហ៊ុនផ្ញើលុយ។ កន្លងមក សមត្ថកិច្ចធ្លាប់បង្ក្រាបករណី ជនខិលខូចប្រើប្រាស់គណនីក្លែងក្លាយ ឬ ឈ្មោះរូបភាព ជាជនបរទេស ដើម្បីផ្ញើសារទៅឆបោកឱ្យផ្ញើលុយ តាមធនាគារឱ្យខ្លួន។
សមត្ថកិច្ចរំលឹកឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ត្រូវប្រុងប្រយ័ត្នចំពោះ ករណី មានការផ្ញើសារតាមបណ្ដាញសង្គម ឬផ្ញើសារតាមប្រព័ន្ធអ៊ីនធឺណិត ដោយខ្ចីប្រាក់ ឬទាមទារឱ្យផ្ញើប្រាក់ ដើម្បីឈ្នះរង្វាន់ ឬទទួលបានមរតកអ្វីមួយ ហើយគេតម្រូវឱ្យផ្ញើប្រាក់ទៅលេខទូរស័ព្ទ ដែលមិនមែនជាលេខរបស់ម្ចាស់គណនីហ្វេសប៊ុក ព្រោះនេះ អាចជាករណីឆបោក។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ជុំវិញករណី លួចគណនីហ្វេសប៊ុក ដើម្បីឆបោកប្រាក់នេះ។ ប៉ុន្តែគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។