សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរបស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) រសៀលថ្ងៃទី២ កក្កដា។ នៅក្នុងសវនាការនោះ លោក អាត់ ធន ស្នើរឲ្យតុលាការជម្រះក្ដីដោយយុត្តិធម៌ចំពោះការចោទប្រកាន់ក្នុងរឿងនេះ។
នៅក្នុងបន្ទប់សវនាការនៃសាលាដំបូងរាជធានីភ្នំពេញ រយៈពេលប្រមាណ ១ម៉ោងនោះ ចៅក្រមនៃសវនាការឲ្យមេធាវីដើមបណ្ដឹងបកស្រាយសំណុំរឿងដាក់បន្ទុកលើលោក អាត់ ធន់។
មេធាវីដើមបណ្ដឹង លោក សំ ចំរើន លើកឡើងថា លោក អាត់ ធន់ បង្កភាពវឹកវរក្នុងសហជីព និងកិបកេងប្រាក់របស់កម្មករ ធ្វើឲ្យសហជីពបាត់បង់ប្រជាប្រិយភាពនិងឈានដល់ការផ្ដាច់ជំនួយនៅថ្ងៃអនាគត។
ក្រោយពីមេធាវីដើមបណ្ដឹងបកស្រាយរួច លោក អាត់ ធន់ ឆ្លើយបដិសេធចំពោះមុខអង្គសវនាការភ្លាមៗ ហើយលោកបញ្ជាក់ថា អ្វីដែលដើមបណ្ដឹងលើកឡើងនោះ ជាការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសទាំងស្រុង។
លោក អាត់ ធន់ ពន្យល់ថា ការងារក្នុងសហជីពដែលលោកដឹកនាំកន្លងមក សហជីពមានការរីកចម្រើន មានឈ្មោះបោះសំឡេងទាំងក្នុងនិងក្រៅប្រទេស ហើយការទទួលស្គាល់នេះ រហូតនៅឆ្នាំ២០១២ សហជីពទទួលបានពានរង្វាន់សហជីពឆ្នើមពិភពលោកទៀតផង។
លោក អាត់ ធន់ មានប្រសាសន៍នៅខាងមុនសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ កក្កដា ដោយស្នើឲ្យតុលាការលើកលែងបទចោទប្រកាន់នេះ៖ «បើសិនតុលាការហ៊ានធ្វើអីផ្ដេសផ្ដាសដោយមិនយោងទៅលើគោលច្បាប់ទេ អាហ្នឹងគឺកម្មករពេញចិត្ត អត់សប្បាយចិត្តទេ។ ចង់បញ្ជាក់ថា អ្វីដែលធ្វើនេះគឺក្នុងគោលបំណងបំបែកបំបាក់ស៊ីខាវឌូ ដោយសារស៊ីខាវឌូ ខ្លាំងពេក ស៊ីខាវឌូមានសមាជិកច្រើនស៊ីខាវឌូ តវ៉ារឿងប្រាក់ឈ្នួលឲ្យកម្មកររីកចម្រើន អ៊ីចឹងធ្វើម៉េចចង់បំបែកមិនអ៊ីចឹង? ហើយដល់ចង់បំបែកមិនធ្វើម៉េចគឺបង្ករឿងដើរឃោសនាថា គេហ្នឹងពុករលួយគ្រប់កន្លែងចេះតែដើរនិយាយអត់មូលដ្ឋានដល់គេតាមដានរករឿងទៅគេដាក់ប្រសិទ្ធមែនទែន សូម្បីតែគាំទ្រហ្នឹងការបោះឆ្នោតគ្មានអាណាគាំទ្រមួយផង»។
នៅខាងក្រៅសវនាការមានក្រុមកម្មករប្រមាណ ៣០០នាក់ឈរនៅមុខតុលាការដោយស្រែកគាំទ្រលោក អាត់ ធន់ ថា ជាប្រធានសហជីពស៊ីខាវឌូ ស្អាតស្អំ និងគាំទ្រឲ្យលោក អាត់ ធន់ បន្តដឹកនាំសហជីពបន្តទៀត៖ «ចង់ឲ្យអ្នកដទៃមកគ្រប់គ្រងចង់ដោះដូរ ឬក៏ចង់ឲ្យអឺ! ជ្រើស តំណាងមកជាថ្នាក់ដឹងនាំទាល់តែមានការសម្រេចចិត្តទាល់តែមានការ ឯកភាពពីបងប្អូនកម្មករបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យមែនទេ? មែន! បាទ! ទាល់តែមានការបោះឆ្នោតប្រជាធិបតេយ្យអត់អាចសាលាដំបូងរាជធានី ភ្នំពេញ ឬក៏ជនណាម្នាក់ នៅសុខៗចង់ឲ្យចង់ដូរអ្នកណាចង់ដាក់អ្នកណា ចង់ឲ្យអ្នកនោះមកធ្វើជាអ្នកដឹកនាំ គឺអត់ទេ មែនអត់?»។
លោក អាត់ ធន់ ក្រៅពីជាប់បណ្ដឹងក្នុងសំណុំរឿងដែលសាលាដំបូងបើកសវនាការកាត់ក្តីចុងក្រោយហើយនេះ លោកក៏នៅមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ថា ដឹកនាំឲ្យមានអំពើហិង្សានៅរោងចក្រ អែស.អិល (SL) មួយទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានដើមបណ្ដឹងឈ្មោះ សាត់ សុផៃ ជាអ្នកបើកបរឡានឲ្យថៅកែរោងចក្រ អែស.អិល។ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការប្រឆាំងលើសំណុំរឿងនេះដោយបង្គាប់បញ្ជាឲ្យលោក អាត់ ធន់ តម្កល់លុយ ២ម៉ឺន ៥ពាន់ដុល្លារជាថ្នូរបាននៅក្រៅឃុំ។
មេធាវីការពារក្ដីចុងបណ្ដឹងលោក គីម សុជាតិ មានប្រសាសន៍ថា កូនក្ដីរបស់លោកជាមនុស្សស្អាតស្អំ និងមានប្រជាប្រិយភាពដឹកនាំសហជីពរីកចម្រើនជាបន្តបន្ទាប់។ លោកមានក្ដីរំពឹងថា តុលាការនឹងសម្រេចក្ដីសំណុំរឿងនេះដោយយុត្តិធម៌ ព្រមទាំងលើកការចោទប្រកាន់៖ «បាតខ្ញុំជឿថា តុលាការហ្នឹងសម្រេចលើកចោទពាក្យសុំហើយហ្នឹងឲ្យលោក អាត់ ធន និងលោក គង់ អាទិត្យ និងលោកឯកភក្ដីជាអឺបន្តជាថ្នាក់ដឹងនាំសម្ព័ន្ធសហជីពស៊ីខាវឌូ បន្តទៀត។ បាទ! ខ្ញុំមានសុទិដ្ឋិនិយមដោយផ្អែកលើភស្តុតាងដែលយើងបានដាក់ជួនតុលាការ ហើយគាត់ទើបតែធ្វើការឆ្នោតនាមហាសន្និបាតដែលគាំទ្រដោយសមាជិករបស់គាត់សមាជិកសហជីពបោះឆ្នោតដោយសំឡេងគាំទ្រលើសលប់ណាស់!»។
បន្ទាប់ពីសវនាការសួរដេញដោលប្រមាណមួយម៉ោងមក ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចក្ដីប្រកាសសាលក្រមលើសំណុំរឿងនេះភ្លាមៗទេ ដោយពន្យារពេលទៅថ្ងៃក្រោយ ដោយមិនដឹងប្រកាសនៅពេលណាជាក់លាក់នៅឡើយ ដោយតុលាការកំណត់ថា នឹងចេញដីកាសម្រេចការពារនៅខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
