តុលាការសម្រេចឃុំខ្លួនលោក គឹម សុខ ពីបទញុះញង់និងបរិហារកេរ្តិ៍បក្សកាន់អំណាច

អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១៧ កុម្ភៈ ទាក់ទងនឹងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ក្រោយពីអយ្យការបានបញ្ជូនសំណុំរឿងលោក គឹម សុខ ទៅចៅក្រមស៊ើបសួរ និងបានបញ្ចប់នីតិវិធីបង្ហាញខ្លួនលើកដំបូង និងពិភាក្សាដេញដោលរួចមក ចៅក្រមសម្រេចឃុំខ្លួនលោក គឹម សុខ ជាបណ្ដោះអាសន្ន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម។
លោក គឹម សុខ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃដដែលនេះ។ លោក គឹម សុខ បានចេញដំណើរដោយថ្មើរជើងពីវត្តពោធិយារាម ហៅវត្តចាស់ ជាមួយព្រះសង្ឃប្រមាណ ១០អង្គ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញផង តាំងពីព្រឹកព្រលឹម។
នៅពេលចេញដំណើរពីវត្តចាស់ អាជ្ញាធរ និងក្រុមសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានរារាំងមិនឲ្យព្រះសង្ឃប្រមាណ ១០អង្គ រួមមានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អមដំណើរលោក គឹម សុខ មកកាន់តុលាការទេ នៅត្រើយខាងកើតស្ពានជ្រោយចង្វារ។
រហូតដល់ម៉ោងប្រមាណ ៩ព្រឹក ទើបអាជ្ញាធរអនុញ្ញាតឲ្យបន្តដំណើរជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងព្រះសង្ឃពីរអង្គទៀត ដើម្បីឆ្លងស្ពានជ្រោយចង្វារ ខណៈព្រះសង្ឃផ្សេងទៀត តម្រូវឲ្យជិះម៉ូតូរ៉ឺម៉កកង់បី មកមុន។
ក្នុងដំណើរនេះដែរ មានការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស ពលរដ្ឋថ្មើរជើង និងម៉ូតូអមដំណើរ រួមនឹងអ្នកសារព័ត៌មានជាច្រើនរយនាក់រហូតដល់តុលាការ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ តាមការសាកសួររបស់លោក ជី វិតា ព្រមទាំងសម្រង់មតិពលរដ្ឋដែលប្រតិកម្មជុំវិញការឃុំខ្លួនលោក គឹម សុខ៖