តុលាការកំពូលរក្សាការផ្ដន្ទាទោសសកម្មជនបឹងកក់៣រូបដដែល
2017.12.08

តុលាការកំពូល បានរក្សការផ្ដន្ទាទោសសកម្មជនបឹងកក់ ៣រូប មានអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ “ប្រមាថ” និង “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍កន្លងមកទុកជាបានការ។ ការសម្រេចនេះធ្វើឡើងក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។
ពលរដ្ឋមានបញ្ហាដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ដែលទៅឃ្លាំមើលសវនាការនេះនៅមុខតុលាការ ឲ្យអាស៊ីសេរី ដឹងថា តុលាការស្រុកខ្មែរជាឃាតកសម្លាប់ពលរដ្ឋស្លូតត្រង់ដែលទាមទាររកយុត្តិធម៌។
កញ្ញាបន្តថា ការចោទប្រកាន់នេះ គឺគ្មានសាក្សី និងភស្តុតាងគ្រប់គ្រាន់នោះទេ៖ «ជាការបញ្ជាក់ឲ្យឃើញថា យើងជាប្រជាពលរដ្ឋរងគ្រោះនៅតែជួបភាពអយុត្តិធម៌ ដោយសារតែតុលាការបានក្លាយជារនាំងការពារដ៏រឹងមាំនៃអំពើពុករលួយ ក៏ដូចជាអ្នកមានអំណាច ឬក្រុមហ៊ុនដែលមានលុយដែលគេចង់បិទសេរីភាពរបស់យើង»។
នៅក្នុងសំណុំរឿងនេះ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី មិនទាន់ត្រូវបានឃុំខ្លួនទេ។ សកម្មជនបឹងកក់ ដ៏ល្បីឈ្មោះ អ្នកស្រី ទេព វន្នី កំពុងជាប់ឃុំនៅពន្ធនាគារ។ ក្រៅពីជាប់ទោសក្នុងសំណុំរឿងនេះ អ្នកស្រី ទេព វន្នី ក៏កំពុងរងទុក្ខទោសដោយបទចោទប្រកាន់ផ្សេងទៀតដែរ៕