សាលាឧទ្ធរណ៍ប្រចាំតំបន់ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ បានប្រកាសសាលដីកា ដោយបដិសេធបណ្ដឹងជំទាស់របស់សកម្មជនបញ្ចេញមតិលើបណ្ដាញសង្គម លោក កង សារ៉ន ដោយរក្សាការសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យលោក កង សារ៉ន ជាប់ពន្ធនាគារ ៣ឆ្នាំ ដដែល។ ប៉ុន្តែ ការប្រកាសសាលដីកានេះ តុលាការមិនអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ លោក កង សារ៉ន បានចូលរួមស្ដាប់ និងមានឱកាសជួបមុខប្ដីឡើយ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែកុម្ភៈ ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ប្រចាំតំបន់ខេត្តបាត់ដំបង នេះគឺជារឿងអយុត្តិធម៌។ លោកស្រីបញ្ជាក់ថា លោកស្រីនឹងដាក់ពាក្យបណ្ដឹង ទៅតុលាការកំពូលក្រុងភ្នំពេញបន្តទៀត ដើម្បីរកយុត្តិធម៌ឱ្យប្ដី។
លោកស្រី ហង្ស ត្រឹប៖ «បើគេមិនលើកលែងទោសឱ្យ ក៏នៅទៀតទៅ គាត់(កង សារ៉ន)ថាអ៊ីចឹងឯង។ តស៊ូទៀតទៅ ធ្វើម៉េចឯង បើគ្រាន់តែខ្ញុំនិយាយប៉ុណ្ណោះ មានទោស ត្រូវដាក់បន្តទៀត មិនដឹងធ្វើម៉េចទេ(លោក កង សារ៉ន ប្រាប់ប្រពន្ធ)។ និយាយប៉ុណ្ណោះ ក៏ប្រាប់ខ្ញុំថា ទៅផ្ទះវិញទៅឯង ហើយខ្ញុំក៏ចេញមកផ្ទះទៅ។ ថ្ងៃនេះ ខ្ញុំមកតាំងពីព្រឹក ចាំមើលក្រែងគេឱ្យជួប ប៉ុន្តែនៅតែមិនបានជួប ហើយក៏មានគេប្រាប់ខ្ញុំថា ឱ្យទៅផ្ទះសិនទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង និងអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃ១៥ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍សោកស្ដាយនៃការសម្រេចរបស់សាលាឧទ្ធរណ៍នេះ។
លោក ភុន ឈិន៖ «យើងឃើញថា អ្វីដែលគាត់លើកឡើងនឹងវាគ្រាន់តែជាការបញ្ចេញមតិយោបល់ទស្សនរបស់គាត់ទាក់ទងនឹងជំនឿនយោបាយរបស់គាត់។ ហើយករណីហ្នឹងខ្ញុំគិតថាគ្មានធាតុផ្សំគ្រប់គ្រាន់ដែលចាត់ជាបទល្មើសនៅក្នុងមាត្រា៤៩៥នឹងទេបាទ!»។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការ ជម្រះក្ដីក្នុងសំណុំរឿងរបស់លោក កង សារ៉ន។ នៅក្នុងសវនាការសាកសួរ លោក កង សារ៉ន បានបញ្ជាក់នៅមុខតុលាការថា លោកជាមនុស្សស្អាតស្អំ ដោយពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់សាលាដំបូងខេត្តបន្ទាយមានជ័យឡើយ។ ទន្ទឹមគ្នានេះ លោកបានបង្ហាញឆន្ទៈ ដោយសុខចិត្តស៊ូទ្រាំលំបាកនៅក្នុងពន្ធនាគារ ទោះបីជា ស្ថានភាពគ្រួសារក្រីក្រ និងជំពាក់បំណុលធនាគារ យ៉ាងណាក្ដី។
លោក កង សារ៉ន រស់នៅភូមិបន្ទាយ១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់លោកអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពីបក្សប្រជាជនឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាម ចេញឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត?
កាលនៅមានសេរីភាព លោក កង សារ៉ន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលលោកបញ្ចេញមតិនៅលើបណ្ដាញសង្គមគឺលោកចង់បានសង្គមមានយុត្តិធម៌ ព្រមទាំងចង់ឃើញមេដឹកនាំប្រទេសបើកសិទ្ធិសេរីភាពជូនពលរដ្ឋ និងស្តាប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
